អាមេរិកត្រៀមបង្កើតរោងចក្រដំឡើងយានយន្តដ៏ធំនៅកម្ពុជា ខណៈជប៉ុនគ្រោងបើករោងចក្រផលិតកង់ រថយន្ត…

នៅការទទួលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន រវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយលោក Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ក៏បានបង្ហើបនូវដំណឹងល្អមួយ ដែលទាក់ទិននឹងការគ្រោងបង្កើតរោងចក្រដំឡើងយានយន្តដ៏ធំមួយក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានការឯកភាពទទួលយកស្តង់ដារសុវត្ថិភាពយានយន្តរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងភាពរីកចម្រើន នៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ភាគីខាងអាមេរិក ក៏បានលើកឡើងថា នឹងបន្តធ្វើការពង្រីកទីផ្សារ និងបង្កើននូវទំនុកចិត្តដល់ការវិនិយោគបន្ថែមទៀត តាមរយៈការដំឡើងនូវរោងចក្រផលិតយានយន្តដ៏ធំមួយនៅកម្ពុជា ក្នុងគោលដៅចែកចាយបន្តទៅ កាន់ទីផ្សារក្នុងតំបន់អាស៊ាន។ ជាកិច្ចឆ្លើយតប លោក ចម ប្រសិទ្ធ បានធ្វើការគាំទ្រយ៉ាងពេញទំហឹង ដោយលោក បានមានប្រសាសន៍ ថា៖ “ជារួមភាគីកម្ពុជាបានឯកភាពទទួលស្គាល់ស្តង់ដារសុវត្ថិភាពយានយន្ត នៃសហរដ្ឋអាមេរិកសម្រាប់ទីផ្សារកម្ពុជា ហើយក៏បានឯកភាពគ្នាឲ្យក្រុមការងារបច្ចេកទេស នៃ ប្រទេសទាំងពីររៀបចំ ឯកសារគតិយុត្តិ ដើម្បីត្រៀមចុះ ហត្ថលេខាជាមួយគ្នានៅពេលខាងមុខ”។

ដោយឡែក ងាកមកមិត្តជប៉ុនឯណេះវិញ អ្នកវិនិយោគមួយក្រុមមកពីជប៉ុន បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដែលមិនទាន់មាននៅក្នុងប្រទេស កម្ពុជា។ ការចាប់អារម្មណ៍នេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងប្រតិភូជម្រុញការវិនិយោគមកពីប្រទេសជប៉ុនមួយក្រុម ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោកFumiaki.Takahashiជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។

នៅក្នុងជំនួបពិភាក្សាឯកឧត្តមកិត្តសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍បណ្ដាក់ទុនឲ្យកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ដែលកម្ពុជាបានរៀបចំបង្កើតឡើងជាច្រើនតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា បន្ទាប់ពីភាគីជប៉ុនចង់ទទួលបានការណែនាំមួយចំនួនពីឯកឧត្តម និងចង់សិក្សាស្វែងយល់ពីវិស័យឧស្សាហកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្រោយពេលទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មអ្នកវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរោងចក្រផលិតសំបកកង់រថយន្ត និងយន្តហោះដែលពុំទាន់មាននៅកម្ពុជាស្របពេលដែលវត្ថុធាតុដើមមានច្រើន ពោលគឺចំការកៅស៊ូប្រមាណជាង៣០ម៉ឺនហិកតាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *