ពាក្យចាស់ៗពោលមិនខុសទេ!!! សំណាបយោងដី បុរសអាចជោគជ័យ អាស្រ័យលើនារីដែលគាត់រៀបការជាមួយ
ការរៀបការគ្មាននរណាម្នាក់អាចទាយដឹងថា នាពេលអនាគត វានឹងក្លាយជាល្អប្រសើរឬកាន់តែល្អក់កករជាងមុននោះទេ។ អ្វីដែលគ្រប់គ្នាដឹងច្បាស់បំផុតគឺ នៅពេលបុរសបានជ្រើសរើសដៃគូជីវិតត្រឹមត្រូវម្នាក់ ប្រៀបបានដូចជាស្ពានឆ្លង នាំទៅរកភាពជោគជ័យជាក់ជាមិនខាន។ ជាឧទាហរណ៍ជាក់ស្តែង ដូចជាលោក Barack Obama ក៏ធ្លាប់ទទួលបានជោគជ័យផ្នែកនយោបាយ ដោយមានការរួមចំណែកពីភរិយាដែរ។ពាក្យមួយឃ្លាថា “បុរសជោគជ័យអាស្រ័យលើប្រពន្ធទុកដាក់” មិនមែនចេះនិយាយតៗគ្នា សូម្បីតែអ្នកវិទ្យាសាស្រ្ត ក៏បានគាំទ្រនូវគំនិតនេះ ដោយមានភ្ជាប់ជាមួយនឹងអំណះអំណាងផងដែរ។
នាងចេះពីវិធីគាំទ្រលើកទឹកចិត្តស្វាមី៖តាមការសិក្សា នៅសាកលវិទ្យាល័យ Carnegie Mellon បានបញ្ជាក់ថា ប្តីប្រពន្ធ ដែលមានសមត្ថភាព ចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក តែងតែមានឱកាសនឹងទទួលបានជោគជ័យខ្ពស់នៅក្នុងជីវិត។ តាមការធ្វើពិសោធន៍ទៅលើគូស្នេហ៍ ១៦៣គូ ដែលគេតម្រូវឲ្យធ្វើការសម្រេចចិត្តយកតែមួយគត់ ក្នុងចំណោមជម្រើស២ផ្សេងគ្នា។ ជម្រើសទី១ ត្រូវតម្រៀបរូបផ្គុំងាយៗ ហើយជម្រើសទី២ ត្រូវហ៊ានប្រឈមនិងមានដំណោះស្រាយដើម្បីឈ្នះរង្វាន់។
អស់រយៈពេល ៦ ខែក្រោយមក ការសិក្សាតាមដានលើគូស្នេហ៍ដដែលនោះ សង្កេតឃើញថា គូស្នេហ៍ណា ដែលបានចូលរួមលើកទឹកចិត្តឲ្យដៃគូរបស់ខ្លួន ជ្រើសយកជម្រើសទី២ ទោះបីជាដៃគូមិនចង់ក៏ដោយ ពួកគេមានការរីកចម្រើនលូតលាស់ និងមានសុភមង្គល ជាងគូស្នេហ៍ដែលចូលចិត្តធ្វើតែរឿងងាយស្រួល ប៉ុន្តែខ្វះកម្លាំងចិត្តគ្រប់គ្រាន់ ក្នុងការជួយជ្រោមជ្រែង ពេលដៃគូត្រូវជួបឧបសគ្គ។
នាងមានសមត្ថភាពក្នុងការជួយរិះរកដំណោះស្រាយ៖យោងតាមការសិក្សានៅសាកលវិទ្យាល័យ វ៉ាស៊ីនតោន ក្នុង St. Louis បានអះអាងថា បុគ្គលដែលជោគជ័យ មិនមែនពឹងតែលើខ្លួនឯងមួយមុខបានទេ សូម្បីតែដៃគូក៏មានតួនាទីសំខាន់មិនអាចខ្វះបាន។ នារីល្អម្នាក់ មិនមែនត្រឹមតែធ្វើជាប្រពន្ធ ប៉ុន្តែនាងអាចជាដៃគូសហការប្រកបដោយមនសិការ មានប្រាជ្ញាវៃឆ្លាត ក្នុងការជួយរកដំណោះស្រាយនានា។
អាចលើកជាឧទាហរណ៍ ពីតារានិងអ្នកដឹកនាំល្បីៗ ដែលតែងតែនិយាយសរសើរពីដៃគូរបស់ខ្លួន ឲ្យសាធារណជនបានដឹងថា ភាពជោគជ័យរបស់ពួកគេ បានមកពីការចូលរួមចំណែកយ៉ាងធំធេងពីភរិយា។ ក្នុងនោះរួមមាន មហាសេដ្ឋី Mark Zuckerberg បានលើកសរសើរពីភរិយារបស់លោក គឺអ្នកស្រី Priscilla ជានារីម្នាក់ដែលបានលើកទឹកចិត្តគាត់យ៉ាងខ្លាំង ឲ្យចូលរួមក្នុងការងារសង្គម ហើយក៏ជាមនុស្សម្នាក់សំខាន់ខ្លាំងបំផុតនៅក្នុងជីវិតរបស់គាត់។ចំណែកឯ តារាស្រីដ៏មានប្រជាប្រិយភាព Beyoncé ក៏បាននិយាយសរសើរពីទឹកចិត្តស្វាមី ដែលតែងតែជួយគាំទ្រ និងធ្វើឲ្យនាងក្លាយមនុស្សស្រីរឹងមាំម្នាក់រហូតមកទល់សព្វថ្ងៃ។
សូម្បីអតីតប្រធានាធិបតីអាមេរិកក៏មានគំនិតបែបនេះដែរ៖Barack Obama បាននិយាយនៅក្នុងកម្មវិធីរបស់អ្នកស្រី Oprah Winfrey ថា “អ្វីដែលនាំឲ្យខ្ញុំចេះសម្រេចត្រឹមត្រូវ មានតុល្យភាព មិនទទួលរងនូវសម្ពាធ គឺដោយសារតែភរិយារបស់ខ្ញុំនេះឯង”។ លោកបន្តទៀតថា “នាងមិនត្រឹមតែជាស្ត្រីទី១ ប៉ុណ្ណោះទេ ថែមទាំងជាជញ្ជាំងដ៏រឹងមាំ សម្រាប់ឲ្យខ្ញុំផ្អែកនិងពឹងពាក់ជារៀងរាល់ថ្ងៃ។
ប្រភពពី សប្បាយ