មិនដឹងស្លរម្ហូបអីក្នុងឳកាសឆ្លងឆ្នាំថ្មី២០២០មែនទេ!! តោះរៀនពីរបៀបធ្វើ សម្លរចាប់ឆាយឲ្យមានរសជាតិឈ្ងុញឆ្ងាញ់ទាំងអស់គ្នា…
គ្រឿងផ្សំ៖ – ស្ពៃបូកគោ ១គីឡូក្រាម – ដើមខាត់ណា ១គីឡូក្រាម – ឆៃថាវ កន្លះគីឡូក្រាម – ពពុះសណ្តែក កន្លះគីឡូក្រាម – ស្បែកជ្រូក ២ខាំ – ផ្សិតក្រៀម ២ខាំ – ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ) ២-៤ គីឡូក្រាម – អំបិល ២ស្លាបព្រាបាយកន្លះ – ទឹកត្រី ២ស្លាបព្រាបាយ – ស្ករ ៣ស្លាបព្រាបាយ – ម្សៅស៊ុប ២ស្លាបព្រាបាយ – ប្រេងឆា ៣ស្លាបព្រាបាយ – ខ្ទឹមសចញ្ច្រាំ ២ស្លាបព្រាបាយ។ របៀបធ្វើ៖ – ស្ពៃបូកគោ ហាន់វែង និងធំៗល្មមលាងទឹកអោយទុកមួយអន្លើ។ – ដើមខាត់ណា បកសម្បកចាស់អោយអស់ ហាន់ដើមប្រឆិតៗធំល្មមទុកមួយអន្លើ ស្លឹកហាន់ធំ លាងទឹកអោយស្អាត។
– ឆៃថាវ ចិតសម្បកអោយស្អាត កាត់ជាកងវែងល្មម រួចពុះជា២ឬជា៤ចំនិត លាងទឹកអោយស្អាត។- ពពុះសណ្តែក ស្បែកជ្រូក និងផ្សិតក្រៀម ត្រាំទឹកប្រហែល១ម៉ោង រួចលាងទឹកច្របាច់អោយស្អាត (លាងរហូតទឹកថ្លា) រួចហាន់ជាតូចៗល្មម ចំនែកផ្សិត ហាន់ជា២ចំនែក។
– ឆ្អឹង និងជើងជ្រូកលាងទឹកអោយស្អាត កាត់ជាដុំៗតូចល្មម រួចដាំទឹកអោយពុះស្រុះប្រហែល៥នាទី សឹមស្រង់ចេញលាងអោយស្អាត។- ដាក់ប្រេងឆាពាក់កណ្តាលដាំអោយក្តៅ សឹមដាក់ខ្ទឹមពាក់កណ្តាលឆាអោយប្រែពណ៌ល្អ រួចដាក់សាច់ចូលឆាប្រហែល២ទៅ៣នាទី សឹមដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល (១មុខពាក់កណ្តាល) ឆាជាមួយសាច់អោយសព្វ ប្រហែល ១នាទី សឹមដាក់ទឹក (ទឹកធម្មតា ឬទឹកស៊ុមមាន់) ៨លីត្រ រំងោសប្រហែល ១៥នាទី។
– ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយប្រែពណ៌ល្អ សឹមដាក់ផ្សិតឆាអោយទន់ បន្ទាប់មកដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល កូអោយសព្វសឹមដាក់ពពុះសណ្តែក ដើមខាត់ណា ឆៃថាវ និងសាច់ខ្វៃ (បើមាន)ចូលឆាអោយសព្វប្រហែល ៥នាទី សឹមដាក់ស្បែកជ្រូក និងស្លឹកខាត់ណាចូលឆាអោយទន់ រួចយកទៅដាក់ក្នុងឆ្នាំងស៊ុបកំពង់ពុះ រំងាស់១០ ទៅ១០នាទី។- ដាក់ស្ពៃបូកគោចូល កូអោយសព្វទុក៥នាទីជាការស្រេច៕
Credit: អ្នកស្រី សុគន្ធារី