Jack Ma ប្រាប់ឱ្យប្រឹងរៀនជំនាញមួយនេះ បើមិនចង់ឱ្យរ៉ូបូតមកដណ្ដើមការងារធ្វើអស់!
Jack Ma ទើបតែចូលនិវត្តន៍ជាផ្លូវការដោយចាកចេញពីដំណែងជា CEO របស់ក្រុមហ៊ុនលក់ទំនិញធំបង្អស់មួយរបស់ចិន Alibaba កាលពីខែមុននេះទេ។មុននឹងចូលនិវត្តន៍ សហគ្រិនដែលមានបទពិសោធន៍រកស៊ីមិនក្រោម២០ឆ្នាំរូបនេះ បានបន្សល់ទុកនូវដំបូន្មាន ក៏ដូចជាគំនិតល្អៗជាច្រើន។ជាមួយគ្នានោះដែរ Jack Ma ក៏បានធ្វើការក្រើនរំឮកទៅដល់យុវជន និងក្មេងៗជំនាន់ក្រោយឱ្យដើរឱ្យទាន់នូវរបទសេដ្ឋកិច្ចឌីជីថលថ្មី ដែលបច្ចេកវិទ្យាកំពុងតែគម្រាមកំហែងឱកាសការងាររាប់លានកន្លែងនោះ។
កាលពីឆ្នាំទៅមិញ លោក Ma ធ្លាប់លើកឡើងនៅក្នុងព្រឹត្តិការណ៍មួយរបស់ សន្នីសិទសេដ្ឋកិច្ចពិភពលោក World Economic Forum ថា “ប្រសិនបើមិនផ្លាស់ប្ដូររបៀបបង្រៀនទេ ៣០ឆ្នាំក្រោយ យើងទាំងអស់គ្នានឹងមានបញ្ហាធំ”។លោកបានធ្វើការបន្ទោសប្រព័ន្ធអប់រំបច្ចុប្បន្នថា កំពុងធ្វើឱ្យក្មេងៗពិបាកនឹងទៅប្រកួតជាមួយនឹងម៉ាស៊ីន ឬក៏បច្ចេកវិទ្យាណាស់។
បន្ថែមពីលើនោះផងដែរ Jack Ma គាត់បាននិយាយថា ក្មេងៗត្រូវស្រវ៉េស្រវ៉ារៀនជំនាញទន់ ឬ Soft Skills ដូចជា ការគិតបែបច្នៃប្រឌិត ការគិតបែបឯករាជ្យ ជំនាញគ្រប់គ្រងមនុស្ស ឬជំនាញធ្វើការងារជាក្រុមជាដើម ដើម្បីឱ្យខ្លួនមានលទ្ធភាពឈានទៅប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចឌីជីថលថ្មីនេះ។នេះមិនមែនជារឿងថ្មីនោះទេ ដោយកន្លងមកមហាសេដ្ឋីផ្សេងៗទៀត ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដោយសារតែជំនាញទន់នេះ កុំព្យូទ័រ ឬបច្ចេកវិទ្យាពិបាកនឹងមកជំនួសបានណាស់។
គូសបញ្ជាក់ផងដែរថា ខាងក្រុមហ៊ុនស្រាវជ្រាវវិភាគទិន្នន័យ Oxford Economics បានព្យាករណ៍ថាការងាររោងចក្រប្រមាណជា ២០លានកន្លែងនឹងត្រូវបាត់បង់ដោយសារតែបច្ចេកវិទ្យា។ប៉ុន្តែសម្រាប់អ្នកវិភាគខាងផ្នែកបច្ចេកវិទ្យាមួយចំនួនលើកឡើងថា ថ្វីត្បិតថាការងាររាប់លានត្រូវបាត់បង់ក៏ពិតមែនការងារនឹងថ្មីនឹងកើតឡើង ហើយមនុស្សត្រូវព្យាយាមរៀនបន្ថែមដើម្បីសម្របខ្លួនទៅនឹងការងារថ្មីនោះ៕business-cambodia