ពូកែមែន!!! រត់ចោលការងារចំណូល ២ពាន់$ មកលក់កាហ្វេតាមចិញ្ចើមផ្លូវ

ហេតុតែចង់មានមុខរបរផ្ទាល់ខ្លួន ហើយដោយសារមានសម្ពាធខ្លាំងនៅកន្លែងធ្វើការ អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café ដែលជាយីហោកូនខ្មែរមួយ មានលក់ភេសជ្ជៈជាច្រើនប្រភេទរួមទាំងកាហ្វេ និងតែគុជផ្សេងៗ បានសម្រេចចិត្តបោះបង់ការងារដែលអាចរកចំណូលបានខ្ទង់ពាន់ដុល្លារអាមេរិក មកចាប់ផ្តើមរបរលក់កាហ្វេតាមចិញ្ចើមផ្លូវ រហូតអាចក្លាយជាយីហោល្បីក្នុងស្រុកមួយ មានហាងដល់ទៅ ១០សាខា​ និងត្រៀមសម្ពោធសាខាថ្មីមួយបន្ថែមទៀត នាពេលឆាប់ៗខាងមុខ។

ថ្លែងប្រាប់ Business Cambodia សហគ្រិនវ័យ ២៧ឆ្នាំខាងលើនេះ បានឱ្យដឹងថា “ដំបូងឡើយ ខ្ញុំគ្រាន់តែចង់មានមុខរបររកស៊ីមួយ ដែលអាចឈរជើងដោយខ្លួនឯងតែប៉ុណ្ណោះ ហេតុនេះហើយ ទើ​បខ្ញុំទៅរៀនពីរបៀបធ្វើទឹកភេសជ្ជៈពីគេ នៅក្នុងប្រទេស ដោយចំណាយលុយអស់ប្រមាណ ៨០០ដុល្លារអាមេរិក ប៉ុន្តែពេលរៀននោះ មិនសូវជាចេះអ្វីច្រើនទេ តែដោយសារចិត្តស្រលាញ់ ខ្ញុំក៏បានដកលុយមួយផ្នែកទៀត ចំនួន​ ៧០០ដុល្លារ ធ្វើរទះលក់កាហ្វេច្រកស្បោងតម្លៃ ៣ពាន់រៀល តាមចិញ្ចើមផ្លូវតែម្តងទៅ” ។

អតីតបុគ្គលិកទិញលក់រូបិយប័ណ្ណអន្តរជាតិរូបនេះ បានបន្តឱ្យដឹងទៀតថា អំឡុងពេលចាប់ផ្តើមអាជីវកម្មដំបូងៗ គាត់មិនទាន់ឈប់ធ្វើការឱ្យគេនោះទេ ព្រោះការងាររបស់គាត់ មិនបាច់នៅកន្លែងធ្វើការ ក៏អាចធ្វើបានដែរ។ ពោលគឺរហូតដល់គាត់ ដំណើរការអាជីវកម្មបានជិតកន្លះឆ្នាំ ហើយដោយសារមានសម្ពាធខ្លាំងនៅកន្លែងធ្វើការ ទើបគាត់សម្រេចចិត្តបោះបង់ការងារដែលអាចរកចំណូលជាង ២ពាន់ដុល្លារនោះចោល ហើយនៅពេលនោះមេរបស់គាត់បានហៅគាត់ទៅធ្វើការវិញជាញឺកញ៉ាប់។

សហគ្រិនចិត្តសឿងរូបនេះ បានបញ្ជាក់ដែរថា គាត់បានផ្តើមអាជីវកម្មដំបូង នៅក្នុងឆ្នាំ២០១៥ ដោយចំណាយដើមទុនប្រមាណ ១៥០០ដុល្លារអាមេរិក ហើយការចាប់ផ្តើមរយៈពេល ៣ខែដំបូង គឺមានការខាតជារៀលរាល់ខែ ប៉ុន្តែខាតមិនច្រើនទេត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ព្រោះអាជីវកម្មគាត់តូច ណាមួយគាត់មានភ្ញៀវជួយទិញច្រើន គ្រាន់តែពេលនោះ ទឹកភេសជ្ជៈគាត់ធ្វើមិនសូវឆ្ងាញ់ ដូច្នេះមិនអាចទាក់ចិត្តភ្ញៀវឱ្យមកទិញជាប់បានឡើយ រហូតចូលដល់ខែទី៤ ទើបគាត់អាចរកប្រាក់ចំណេញវិញបាន។

ស្ថាបនិក Queen Bee រូបនេះ បានបង្ហើបឱ្យដឹងថា មូលហេតុដែលធ្វើឱ្យអាជីវកម្មរបស់គាត់ អាចរកប្រាក់ចំណេញបាន គឺដោយសារពេលចាប់ផ្តើមដំបូងៗនោះ គាត់បានសង្កេតមើលយីហោគេល្បីៗ ដែលមានភ្ញៀវចូលទិញច្រើន រួចគាត់ក៏មើលឃើញថា​មូលហេតុដែលធ្វើឱ្យអាជីវកម្មគេទាំងនោះ មានភ្ញៀវចូលមិនចេះដាច់ ដោយសារតែគេមានចំណុចពិសេសប្លែកថ្មីជានិច្ច ហេតុនេះ គាត់ក៏បានរៀនសូត្រតាមគេ ដោយធ្វើការច្នៃរសជាតិភេសជ្ជៈថ្មីៗ ប្លែកៗជាប្រចាំ និងឆ្លៀតទៅរៀនរបៀបធ្វើភេសជ្ជៈដល់ក្រៅប្រទេសបន្ថែម ទើបធ្វើឱ្យយីហោមួយនេះ មានភ្ញៀវសម្រុកមកទិញយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ ត្រឹមរយៈពេលដ៏ខ្លី ហើយអាចឱ្យគាត់អាចប្រមូលលុយបានប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក វិវត្តន៍ខ្លួនទៅជាហាងលក់ភេសជ្ជៈមួយ មានកន្លែងអង្គុយ​ត្រឹមត្រូវដូចគេឯង ប៉ុន្តែគាត់មិនបានបើកហាងនោះឱ្យធំទេ ព្រោះតែការលក់របស់គាត់ផ្តោតលើការដឹកជញ្ជូនជាង។

អ្នកស្រី ញៀវ យិនហ្គេច បានសង្កត់ធ្ងន់ទៀតថា ចំណុចពិសេសដែលធ្វើឱ្យអាជីវកម្មរបស់គាត់ អាចឈរជើងបានមកទល់នឹងបច្ចុប្បន្ននេះ គឺដោយសារគាត់តែងតែចម្រាញ់យកភេសជ្ជៈថ្មីៗប្លែកៗដែលកំពុងល្បីនៅលើទីផ្សារតែគុជ យកមកបំពេញតម្រូវការអតិថិជនបន្ថែមជានិច្ច។ លើសពីនេះ ការជ្រើសរើសទីតាំង ការប្រម៉ូសិនផ្សេងៗ ក៏ជាចំណុចពិសេសរបស់គាត់ ផងដែរ៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *