ទីបំផុតថៅកែលក់មាសពេជ្យ អ្នកនាង ដាណា បានជួបនឹងក្មេងស្រី ដែលខំដើរទៅរៀននោះហើយ
កាលពីពេលថ្មីៗនេះ ផ្ទុះការចែករំលែកយ៉ាងច្រើន ពីសំណាក់មហាជន នៅក្នុងបណ្ដញសង្គម ហ្វេសប៊ុក និងមានក្ដីអាណិតអាសូរជាខ្លាំង ដែលក្មេងស្រីម្នាក់រស់នៅជាមួយជីដូន ក្នុងស្ថានភាពគ្រួសារក្រក្រី ដោយមិនមានកង់ជិះទៅសាលារៀននោះឡើយ ដោយរាល់ថ្ងៃនាង ត្រូវចំនាយពេលវេលា ដើរទៅរៀនទាំងមេឃក្ដីហួងហែង រហូតទៅដល់រាប់គីឡូឯណោះ ប៉ុន្ដែនាងមិនបានធ្វើឲ្យជីដូនរបស់នាងអស់សង្ឃឹមនោះឡើយ រហូតនាងក្លាយទៅជាសិស្សពូកែ និងទទួលបានប័ណ្ណសរសើររយៈពេល ៣ឆ្នាំជាប់ៗគ្នាថែមទៀតផង។
ក្នុងនោះដែរ បើតាមរយៈការលើកឡើងរបស់ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Youth save Cambodia បានសរសេរឱ្យដឹងថា៖”ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ ដើរសុីឈ្នួលគេគ្រប់គ្នា គេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ ១,២៥០ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ)។
ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ ៣ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមក លេខទូរស័ព្ទ 093 633 500 /012 880 624”។
ទន្ទឹមនឹងនេះដែរ បន្ទាប់ពីឃើញភាពតស៊ូរបស់ក្មេងស្រីរូបនេះ នាខណៈកាលពីម្សិលមិញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ម្ចាស់ហាងមាស ពេជ្រ អ្នកនាង ដាណា បានប្រកាសចង់ជួយក្មេងស្រីខាងលើនេះ ដោយគាត់បានសរសេរថា៖”ខ្ញុំស្រលាញ់អ្នកតស៊ូណាស់ ព្រោះខ្ញុំធ្លាប់ជាក្មេងស្រីម្នាក់ ដែលជម្នះការលំបាក ជម្នះនឹងការមើលងាយគ្រប់បែបយ៉ាង រហូតមានថ្ងៃនេះ។ ឃើញប្អូនស្រី ដើរចម្ងាយជាងមួយគីឡូម៉ែត្រ ដើម្បីទៅរៀននៅសាលា រហូតជាប់ឈ្មោះជាសិស្សពូកែ ៣ឆ្នាំជាប់គ្នាទៀត បងពិតជាសរសើរកម្លាំងចិត្តរបស់ប្អូនស្រីណាស់។ ខ្ញុំចង់ជួយកង់គាត់មួយគ្រឿង និងសម្ភារៈសិក្សាមួយចំនួនទៀត។
លឺថាគាត់រៀននៅបឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មានបងប្អូនយើងណាស្គាល់ផ្ទះគាត់អត់? កើតមកគ្មានទ្រព្យសម្បត្តិ រស់ក្នុងភាពក្រីក្រ មិនមែនជាកំហុសយើងទេ ហើយក៏មិនមែនជាកំហុសអ្នកណាដែរ។ តែបើយើងមិនតស៊ូ យើងផ្ដេកផ្ដួលលើស្ថានភាពដែលយើងកំពុងមាន ទើបជាកំហុសធំបំផុតក្នុងឆាកជីវិត។ មានជីវិត ត្រូវមានការតស៊ូ”។
យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់ម្ចាស់ហាង មាស ពេជ្រ អ្នកនាង ដាណា បានមួយថ្ងៃរួចមក ស្រាប់តែនៅរសៀលថ្ងៃទី២១ ខែធ្នូនេះ អ្នកនាង ដាណា បានជួបនឹងក្មេងស្រីនេះហើយ នឹងបានសរសេរប្រាប់ឱ្យដឹងថា៖”ថ្ងៃនេះបាននាំក្មួយស្រី មុំ ឆយី ទៅផ្សារទិញសម្ភារៈសិក្សា សំលៀកបំពាក់ កាតាប ស្បែកជើងថ្មី ហើយក្មួយស្រីថា ចង់បានរបស់តុបតែងខ្លួនដូចគេ ក៏ទិញថែមឃ្នាបសក់ កៅស៊ូចងសក់ និងបូលើក្បាល ឱ្យប្អូនស្រីរើសតាមចិត្ត។
មើលទៅគ្នាសប្បាយចិត្តណាស់ ហើយខ្ញុំក៏រំភើបចិត្តដែរ។ ដំបូងថាផ្ដល់កង់ឱ្យគាត់មួយគ្រឿងគ្រាន់ជិះទៅរៀន តែឥឡូវមានអ្នកចិត្តធម៌ផ្សេងជួយកង់ហើយ ចឹងត្រូវទិញរបស់ផ្សេងៗដែលកំពុងត្រូវការចាំបាច់ ហើយផ្ដល់ថវិកាដល់គាត់ទុកគ្រាន់ទំនុកបម្រុងរៀនសូត្របន្ត។ ពីមុនជាប់លេខ២ ក្មួយស្រីប្រាប់ថាប្រឹងរៀនឱ្យជាប់លេខ១ ជូនពរសម្រេចតាមបំណង។ ជីវិតកើតមកក្រ ត្រូវតែតស៊ូចឹងហើយ! ខ្ញុំធ្លាប់ឆ្លងកាត់អស់ហើយ រសជាតិជីវិតបែបនេះ។ អរគុណដល់លោកគ្រូនៅសាលាបឋមសិក្សាពោធិខ្ទម្ព ដែលជួយសម្រួល និងជួយដល់ក្មួយស្រី។ ធ្វើល្អឱ្យបានច្រើន នឹងជួបតែមនុស្សល្អៗ”៕
ប្រភព៖ khosja