អបអរសាទរ កូនខ្មែរម្នាក់ទៀតហើយ!!! ឈ្នះជយលាភីលេខ១ គ្រងមកុដបុរសឯកអន្តរជាតិ…
(ភ្នំពេញ)៖ បេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ក្នុងការចេញទៅប្រកួតកម្មវិធី «បុរសឯកអន្តរជាតិ» ឬ «Mister United Continent» លោក ពឹង ច័ន្ទបរមី បានទទួលជយលាភីលេខ១ ក្លាយជាម្ចាស់គ្រងមកុដក្នុងពីកម្មវិធី ដែលមានប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ ខណៈមាន២៥ប្រទេសមកពីជុំវិញពិភពលោក ចូលរួមប្រកួត។
ការទទួលបានមកុដបុរសឯកអន្តរជាតិ ជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា ត្រូវបានលោក ពឹង ច័ន្ទបរមី ថ្លែងប្រាប់ឲ្យដឹងថា កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ លោកធ្លាប់បានក្លាយជាតំណាងកម្ពុជា ចូលរួមប្រកួត ក្នុងកម្មវិធី «Mister United Continent» នៅក្នុងប្រទេសហ្វីលីពីន ដោយទទួលបានត្រឹមជយលាភីលេខ៣ ខណៈដែលជយលាភីលេខ១ គឺបានទៅលើប្រទេសហ្ស៊ូដង់ និងលេខ២ គឺបានទៅលើប្រទេសថៃ។
ប៉ុន្តែដោយសារស្របពេលដែលចំណាត់ថ្នាក់លេខ១ មកពីប្រទេសហ្ស៊ូដង់ បានធ្វើខុសលក្ខខណ្ឌកម្មវិធី ទើបតម្រូវឲ្យគណៈកម្មការ «Mister United Continent» ធ្វើការដកតំណែងជាម្ចាស់មកុដ ទៅឲ្យបុរសឯក ដែលជាជយលាភីលេខ២ និងលេខ៣ ដែលមានកម្ពុជា និងថៃ តាមរយៈការបោះឆ្នោតជាសាធារណៈ ទូទាំងប្រទេសហ្វីលីពីន។
តាមរយៈសមត្ថភាព ភាពលេចធ្លោ បូករួមទាំងប្រជាប្រិយភាព បានធ្វើឲ្យលោក ពឹង ច័ន្ទបរមី ទទួលបានសារគាំទ្រពីការបោះឆ្នោត ជាសាធារណៈក្នុងប្រទេសហ្វីលីពីន ច្រើនជាងបុរសឯកមកពីប្រទេសថៃ ទើបធ្វើឲ្យលោកមានឱកាសក្ដោបបានតំណែង ជយលាភីលេខ១ គ្រងមកុដបុរសឯកអន្តរជាតិនៅឆ្នាំនេះ។
ជាមួយនឹងជយលាភី លោក ពឹង ច័ន្ទបរមី បានបង្ហាញពីអារម្មណ៍រំភើប សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង នៅពេលដែលលោកបានធ្វើឲ្យប្រទេសកម្ពុជា មានមុខមាត់ និងមោទនភាពនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជយលាភីលេខ១ មកជូនជាតិមាតុភូមិវិញ៕
ប្រភព៖ freshnews.asia