អបអរសាទរលោកយាយ!!! រត់ការធ្វើប្លង់ដីអស់រយៈរាប់ឆ្នាំមិនបាន ចូលទៅប្តឹងនៅក្នុងផេកសម្តេចភ្លាមបានភ្លេតតែម្តង

ថ្មីៗនេះលោកយាយម្នាក់មាន​ឈ្មោះ​ ស្វាយ​ សាត់​ រស់​នៅភូមិ​ កោះខ្លូត​ ឃុំ​ កំពង់​ត្រាច​ខាងកេីត​ ស្រុក​ កំពង់​ត្រាច​ ខេត្ត​កំពត​ បានស្នេីសុំធ្វេីប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីទំហំ​ ២៩៤​ ម៉ែត្រការ៉េ​។ តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំមកហើយ​ ដោយមិនមានការដោះស្រាយជូនប្រជាពលរដ្ឋ​នោះឡើយ រហូតធ្វើ​អោយ​ប្រជាពលរដ្ឋ​ សម្រេចចិត្ដប្ដឹងចូល​ផេក​សម្ដេចតេជោ​ ហ៊ុន សែន។ ទន្ទឹមនឹងរឿងនេះដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ​ អភិបាល​ខេត្ត​កំពត​ បានដឹកនាំ​ ប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ​ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋ​តាមការស្នេីសុំ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលខេត្ដកំពត បានសរសេរប្រាប់ឱ្យដឹងថា៖”បញ្ហាស្នើសុំចេញប័ណ្ណកម្មសិទ្ធិរ៉ាំរ៉ៃច្រើនឆ្នាំត្រូវបានបញ្ចប់ដោយឯកឧត្តមអភិបាលខេត្តកំពត។ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំព្រះវិហាររបស់រដ្ឋបាលខេត្តមានកិច្ចប្រជុំដោះស្រាយបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ ស្វាយ សាត់ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមការដឹកនាំដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមស្រាយបំភ្លឺពីលោកអភិបាលស្រុកកំពង់ត្រាច ប្រធានរៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសាម៉ីជនស្នើប័ណ្ណផងដែរ។

យោងតាមការពិនិត្យរបាយការណ៍ជាក់ស្តែង ឃើញឈ្មោះស្វាយ សាត់ ពិតជាបានធ្វើការស្នើសុំប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ២៩៤ម៉ែត្រការ៉េ ជាយូរមកហើយ ដោយដីដែលស្នើសុំនេះមានទំនាស់កាលពីច្រើនឆ្នាំកន្លងមកជាមួយភាគីជាប់ព្រំជាហេតុធ្វើឲ្យមានការបង្អាក់ដំណើរការចេញប័ណ្ណ។ ក្រោយពីបានទទួលពាក្យស្នើតាមរយៈផេកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ បានរៀបចំក្រុមការងារដឹកនាំផ្ទាល់ដើម្បីដោះស្រាយបញ្ហាដ៍រ៉ាំរ៉ៃនេះឲ្យបានទាន់ពេលវេលា

និងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ដោយអញ្ជើញភាគីជាប់ព្រំទាំងពីរធ្វើការផ្សះផ្សារដោយនីតិវិធីចំពោះមុខអាជ្ញាធរពាក់ព័ន្ធ និងធ្វើការចេញប័ណ្ណកម្មសិទ្ធិ នៅរសៀលម៉ោង១៥រសៀលនេះជាកំហិត”។ បន្ថែមពីលើនេះ លោកយាយ បានសូមគោរពជូនពរសម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ សូមមានសុខភាពល្អ​ អាយុយឺនយូរ​ ដេីម្បីដឹកនាំព្រះរាជាណាចក្រកម្ពុជាបន្តរីកចម្រេីនបន្ថែមទៀត។

ប្រភព៖ khosja

Leave a Reply

Your email address will not be published.