ចប់!!! រកឃើញទីតាំងផលិតប៊ីចេងក្លែងក្លាយមួយកន្លែងត្រូវសមត្ថកិច្ចបង្ក្រាប និងដកហូតបានជាង…
ភ្នំពេញ ៖ ទីតាំងផលិតប៊ីចេងក្លែងក្លាយមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្រ្កាបកាលពីព្រឹកមិញ ខណៈប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេសរបស់(គបផក) ចុះសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ។
ទីតាំងលួចផលិត វេចខ្ចប់ និងចែកចាយប៊ីចេងសញ្ញារូបវែក ក្លែងក្លាយមួយកន្លែងនេះស្ថិតនៅផ្ទះលេខ៧២អា ៧២បេ ផ្លូវ១០៨សេ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងមានឈ្មោះ អ៊ីវ សារិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ ជាលទ្ធផលបានរកឃើញ ប៊ីចេងទាំងមិនទាន់វេចខ្ចប់ និងវេចខ្ចប់រួច សរុបប្រមាណជាង៤តោន។
ក្រោយការរកឃើញនេះ ព្រះរាជអាជ្ញា បានបញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌នាំម្ចាស់ទីតាំងទៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ស្ថិតក្នុងបរិវេណស្នងការនគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ ទូច យុទ្ធា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់ សូមចូលរួមជួយផ្តល់ព័ត៌មានដល់លោក ដើម្បីឈានទៅបង្ក្រាបបន្តទៀត តាមរយៈលេខទូរស័ព្ទ ០១៥ ៥៨ ១៣ ១៣។
ចំពោះករណីនេះ សមត្ថកិច្ច បានរឹបអូសយកវត្ថុតាងវត្ថុធាតុដើមទាំងអស់ និង ឧបករណ៍បម្រើឲ្យការវេចខ្ចប់ រួមទាំងម្ចាស់ទីតាំងផងដែរ នាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕