ដោយសារតែការចែករំលែកបងប្អូន!! ពេលនេះអាជ្ញាធរចេញមុខមកបកស្រាយហើយ រឿងទូកងដែលបំបែកកំណត់ត្រាពិភពលោក ត្រូវបានទុកចោល…
ព្រៃវែង៖ ទូក ង ដែលវែងជាងគេ និងបានបំបែកឯតទគ្គកម្មពិភពលោក (Guinness World Records) កំពុងរងនូវការរិះគន់ពីមហាជន ដោយលើកឡើងថា ”ជោគវាសនារបស់ ទូក ង ដែលវែងជាងគេលើពិភពលោករបស់កម្ពុជា ត្រូវបានទុកចោលក្រោមដំបូលធ្លុះធ្លាយ”។
ពីអ្នករិះគន់ដោយមានរូប ទូក ង នៅក្រោមដំបូលធ្លុះធ្លាយ អមដោយសត្វគោមួយចំនួន នៅទីវាលស្ងប់ស្ងាត់មួយកន្លែងថា ឯតទគ្គកម្មពិភពលោក ដែលបានចំណាយលុយយ៉ាងច្រើននោះ ជាការធ្វើហើយដាក់តាំងឱ្យគោទស្សនាទៅវិញ។
អ្នកខ្លះបានរិះគនថា “វាសនារបស់ទូកង កម្ពោជិកបុត្តាខេមរាតរី ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនឹងតម្លៃសោះ មោទនភាពបានតែដំបូង តែចុងក្រោយទុកឯងចោលឱ្យគោមើល។ បើពួកវាយតម្លៃកំណត់ត្រាពិភពលោកឃើញ គេនឹងដឹងថា ចរឹតជាតិនិយមរបស់យើងវាយ៉ាងម៉េចនោះ”។
ទាក់ទងនឹងការរិះគន់ទូកងនេះ មានការបកស្រាយថា អាជ្ញាធរ និងក្រុមការងារ កំពុងគិតគូរយកទូកងនេះ ទៅដាក់តម្កល់ទុកនៅសាលាខេត្តព្រៃវែង ដោយសាងសង់ជាសារមន្ទីរសម្រាប់ទុកដាក់ទូកងនេះ ឱ្យសាកសមនឹងតម្លៃផងដែរ។ ប៉ុន្តែដោយសារទឹកទន្លេឆ្នាំនេះ បានហក់ឡើង ហើយក៏បានស្រកចុះទៅវិញលឿនពេក ដោយយកទូកទៅមិនទាន់។ ម្យ៉ាងវិញទៀត ទូកង ក៏វែងធ្វើឱ្យពិបាកក្នុងកាចល័តចុះឡើង ក៏បានពន្យារពេល ទុកនៅទីនោះបណ្តោះអាសន្នសិន ដោយរង់ចាំជួសជុលកែលម្អបន្ថែមទៀតផងដែរ មុននឹងយកទៅទុកដាក់នៅកន្លែងដែលបានរៀបចំយ៉ាងល្អ។
សូមបញ្ជាក់ថា ទូក ង វែងជាងគេរបស់កម្ពុជា ឬ Dragon Boat ដែលប្រកាសឱ្យជាប់ឯតទគ្គកម្មពិភពលោក ឬ World Guinness Record កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រវែងសរុប ៨៧,៣ម៉ែត្រ និងទទឹង១,៩៤ម៉ែត្រ ជម្រៅ០,៨ម៉ែត្រ និងមានចំណុះទូកចំនួន ១៧៩នាក់។ ទូក ង វែងជាងគេរបស់កម្ពុជានេះ ត្រូវបានគេប្រសិទ្ធនាមថា ”កម្ពោជិកបុត្តាខេមរាតរី” ដែលមានអត្ថន័យថា ”ទូក ង របស់កូនខ្មែរ រស់នៅក្នុងដែនដីកម្ពុជា”។ បច្ចុប្បន្នទូក ង នេះ ត្រូវបានគេទុកចោលនៅខេត្តព្រៃវែង៕
អត្ថបទ៖ គង់ ប៊ុនណា