ពិតជាប្រសើរណាស់!!! វិស្វករជប៉ុនថា ការសាងសង់លូនៅកម្ពុជា ប្រើបច្ចេកវិទ្យាទំនើប អាចស្រូបយកទឹកកខ្វក់ មិនឲ្យហូរចូលទន្លេ

ភ្នំពេញ៖ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានឲ្យដឹងថា ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលក្នុងទឹកទន្លេ អាចការពារបរិស្ថាន សម្រាប់សុខភាពប្រជាពលរដ្ឋ។

ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប នៃគម្រោងសាងសង់ ប្រព័ន្ធការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធលូប្រឡាយ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅមុខវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ (ផ្លូវលេខ៤៧)។

នាឱកាស ចុះសិក្សាស្វែងយល់ អំពី បច្ចេកវិទ្យាសាងសង់លូក្នុងទីធ្លាតូចចង្អៀត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានថ្លែងថា “ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលទៅ ក្នុងទឹកទន្លេ អាចការពារបរិស្ថានស្អាត សម្រាប់សុខភាពប្រជាពលរដ្ឋនិងអាចការពារទីក្រុងភ្នំពេញ ពីការលិចទឹកនៅពេលមានភ្លៀងធ្លាក់ មកខ្លាំងផងដែរ”។

បន្ថែមពីនេះទៀត ក្រុមបច្ចេកទេស បានឲ្យដឹងថា បច្ចេកវិទ្យាម៉ាស៊ីនខួងលូក្រោមដី ដោយស្វ័យប្រវត្តិនេះ វាមានអត្ថប្រយោជន៍ អាចបញ្ជៀសការកកស្ទះចរាចរណ៍ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយលំអរផ្លូវថ្នល់ក្នុង រាជធានីភ្នំពេញតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។

ក្រុមជំនាញការ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារ JICA និងក្រុមហ៊ុន Toa Corporation ដែលបាននាំយកបច្ចេកវិទ្យាទំនើបនេះ មកជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ៕

Leave a Reply

Your email address will not be published.