សម្តេចតេជោ ហ៊ុន សែន បញ្ចេញថវិកាបន្ថែម ៥០លានដុល្លារ និងប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដើម្បីប្រមូលទិញស្រូវពីកសិករ (មានវីដេអូ)

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសជូនដំណឹងដល់សាធារណជន ប្រជាកសិករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវទាំងអស់ជ្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ និងបានប្រែក្លាយ «ធនាគារអភិវឌ្ឍន៍ជនបទ» ទៅជា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និងនាំចេញ។

នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ «ធនាគារអភិវឌ្ឍន៍ជនបទ» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ធនាគារអភិវឌ្ឍន៍ជនបទនឹងមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ ហើយទុននេះនឹងចាប់ផ្តើមប្រើប្រាស់បាន ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ។

ជាមួយគ្នានេះ ក្រុមការងារក្នុងក្របខណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីតាមដាន និងត្រួតពិនិត្យ ការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យ ស្រូវអង្ករ នឹងធ្វើការប្រជុំជាលក្ខណៈអន្តរក្រសួង ដើម្បីដោះស្រាយលើបញ្ហានានាពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ។

«ធនាគារអភិវឌ្ឍន៍ជនបទ» សូមប្រកាសជូន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ បន្តប្រមូលទិញស្រូវក្នុងតម្លៃសមស្រប សម្រាប់ស្តុកទុកធ្វើជាវត្ថុធានាបំណុល ដើម្បីទទួលបានឥណទានស្របតាមលក្ខខណ្ឌរបស់ធនាគារអភិវឌ្ឍន៍ជនបទ៕

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

Leave a Reply

Your email address will not be published.