អស្ចារ្យមែនកូនខ្មែរ!!! ផលិតប្រេងក្រឡា ដោយខ្លួនឯងបាន…
ថ្មីៗនេះមានការកោតសរសើរចំពោះស្នាដៃកូនខ្មែរមួយក្រុម ដែលអាចផលិតប្រេងក្រឡាបានដោយខ្លួនឯង ដែលផលិតផលនេះ មិនទាន់ដាក់ឈ្មោះនៅឡើយរងចាំសុំច្បាប់ ដើម្បីត្រៀមធ្វើចរាចរណ៍វាយលុកទីផ្សារក្នុងស្រុក នៅពេលខាងមុខឆាប់ៗនេះ ។ការសម្រេចសមិទ្ធផលគួរជាទីមោទនៈនេះ កើតចេញពីកូនខ្មែរមួយក្រុម ដែលរួមមានតារាសម្ដែងម្នាក់ គឺលោក ស្រេង ឈាងឡេង ផងដែរ ដោយប្រើរយៈពេលដល់៣ឆ្នាំ ហើយចំណាយទុនរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ ។
លោកស្រេង ឈាងឡេង អ្នកឯកទេសមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប បានប្រាប់ឲ្យដឹងថា មុនពេលលោកប្រឡូកជាតារាសម្ដែង លោកធ្លាប់ជាអតីតនិស្សិត ផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោកនិងមិត្តរួមជំនាន់ផ្នែកឱសថសាស្ត្រ សម្រេចរួមគ្នា ស្រាវជ្រាវបង្កើតជាប្រេងក្រឡា ហើយស្រាវជ្រាវរូបមន្តក្នុងការផលិត ដោយប្រើឱសថក្នុងស្រុកជាច្រើនមុខ។
ការចាប់យកការផលិតប្រេងកូឡានេះ លោកបានបញ្ជាក់ថា ដំបូងឡើយក្រុមរបស់លោក ស្រាវជ្រាវផលិតឱសថផ្សេងៗទេ ប៉ុន្តែឱសថប្រេងកូឡានេះ មានការចំណាយដើមទុនតិច ជាងឱសថផ្សេងៗទៀត ទើបក្រុមរបស់លោកច្បាមយកឱកាសនេះ បង្កើតមុនសិន ទម្រាំឈានជើងចូលដល់ការផលិតឱសថផ្សេងៗ ជាបន្តបន្ទាប់ទៀត ។
ទោះជាយ៉ាងណា កូនខ្មែរមួយក្រុមនេះ ត្រៀមសុំច្បាប់ ដើម្បីចរាចរណ៍ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួង អនុញ្ញាតច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់ ។
លោកស្រេង ឈាងឡេង រំពឹងថា ក្នុងពេលខាងមុខ នឹងមានកូនខ្មែរច្រើនឡើងងាកមកផលិតផងក្នុងស្រុក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ក៏ដូចជាដើម្បីឲ្យប្រទេសកម្ពុជា មានផលិតផលប្រេងក្រឡា ដែលមានស្ដង់ដារជារបស់ខ្លួន ក្នុងនោះក៏មានការបែងចែកជា២ដោយឡែកពីគ្នា គឺប្រេងក្រឡាសម្រាប់តម្រូវមនុស្សចាស់ និងកូនក្មេង ផងដែរ ៕