ព្រះអើយ ថ្លៃណាស់! ទុរេនយក្សមួយមានទម្ងន់ ១៨គីឡូ ហើយតម្លៃក៏មិនថោកដែរ

ថ្មីៗនេះ កសិករជនជាតិថៃម្នាក់ រស់នៅក្នុងខេត្ត Tak ប្រទេសថៃ បាននឹងកំពុងតែរំភើបចិត្តឥតឧបមា ក្រោយទុរេនយក្សមួយផ្លែដែលខំដាំដុះ ធំធាត់បានទម្ងន់មិនចេះតិចគីឡូ រហូតត្រូវបានគេហ៊ានដេញថ្លៃឲ្យលោក ក្នុងតម្លៃដល់ទៅជាង ២ពាន់ដុល្លារឯណោះ។លោក Thanapon Chainok អាយុ៥១ឆ្នាំ គឺជាកសិករម្នាក់ ដែលមានចម្ការដាំដុះផ្លែទុរេនម៉ាន់ថង(Maonthong) ជាង ២ពាន់ដើម នៅលើផ្ទៃដី២ហិចតា ស្ថិតក្នុងស្រុក Prop Phra ខេត្ត Phra ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានមួយក្នុងចំណោមចម្ការផ្លែទុរេនទាំងអស់ គឺធំខុសពីគេដែលមានទម្ងន់រហូតដល់ទៅ ១៨គីឡូក្រាម ខណៈបើប្រៀបធ្រៀបជាមួយនឹងផ្លែទុរេនធម្មតាវិញ មានទម្ងន់ជាធម្យមត្រឹម ៥ ទៅ ៦គីឡូក្រាមអីតែប៉ុណ្ណោះ។កសិករវ័យ ៥១ឆ្នាំរូបនេះ បាននិយាយថា លោកក៏មានការភ្ញាក់ផ្អើលផងដែរ ហើយក្នុងនោះក៏មានអ្នកហ៊ានដេញថ្លៃយកផ្លែទុរេននេះ ឲ្យលោកក្នុងតម្លៃ ៧៣,០០០បាត (ឬប្រហែល ២,២០០ដុល្លារអាមេរិក) ឯណោះ ដែលគេនោះគឺជាអ្នកជំនួញជនជាតិចិនម្នាក់។

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី កសិករលោក Thanapon នៅតែបន្តប្រកាសដេញថ្លៃទុរេនម៉ាន់ថងមួយផ្លែនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែមិនមែនបានន័យថា លោកធ្វើនេះក្នុងគោលបំណង ដើម្បីកេងចំណេញក្នុងរូបភាពណាមួយនោះទេ។ផ្ទុយទៅវិញ លោក Thanapon បានលើកឡើងថា លោកមានគម្រោងនឹងយកលុយ ដែលបានមកពីការលក់នេះ ទៅបរិច្ចាគឲ្យមជ្ឈមណ្ឌលសិក្សាសម្រាប់កសិករក្នុងស្រុក ដែលរស់នៅក្នុងតំបន់របស់លោកតែប៉ុណ្ណោះ។ សម្រាប់ការដាក់ដេញថ្លៃទុរេននេះ នឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ ទី១២ សីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នដំណើរការរស់ស៊ីរបស់កសិករ លោក Thanapon គឺប្រសើរជាធម្មតា។ លើសពីនេះ លោកថែមទាំងអួតប្រាប់ថា លោកអាចរកចំណូលបាន ៤លានបាត (ឬប្រហែល ១៣២,០០០ដុល្លារអាមេរិក) ឯណោះ សម្រាប់នៅក្នុងឆ្នាំនេះ ដែលបានមកពីការលក់ទុរេនផងដែរ ៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *