អរគុណនូវគំនិតផ្តួចផ្តើមមួយនេះ ដែលធ្វើអោយមនុស្ស គ ថ្លង់អាចរកប្រាក់ចំណូលបានយ៉ាងស្រួល…
កាលពីប៉ុន្មានឆ្នាំមុននេះ ប្រជាពលរដ្ឋទូទៅនិយមប្រើប្រាស់សេវាម៉ូតូឌុបសាធារណៈ ឬគេហៅម្យ៉ាងទៀតថា(ម៉ូតូឌុប) ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ ម៉ូតូឌុបពុំសូវមានប្រជាពលរដ្ឋជិះទៀតនោះឡើយ ក្រោយពេលលេចវត្ដមាន ម៉ូតូកង់បីឥណ្ឌា (Grab) ព្រោះថាវាមានភាពងាយស្រួលហៅ តាមរយៈទូរស័ព្ទ ថែមទាំងងាយស្រួលជិះ និងមានតម្លៃសមរម្យថែមទៀតផង។
ដោយឡែក នារសៀលមុននេះបន្ដិច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនី ហ្វេសប៊ុកបុរសម្នាក់ ដែលគាត់មានឈ្មោះ Sambath Huy បានបង្ហោះរូបថតប៉ុន្មានសន្លឹក ស្ដីពីបងប្រុសម្នាក់ ដែលមានឈ្មោះ Sim Vanny ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា (Grad) ប៉ុន្ដែគាត់ជាមនុស្ស គ ថ្លង់ មិនអាចនិយាយស្ដីបាន។
ទន្ទឹមនឹងនេះ ម្ចាស់កង់បីរូបនេះ ក៏បានសរសេរផ្លាកបិទ នៅលើកង់បីរបស់គាត់ ដោយមានខ្លឹមសារថា៖”សូមជម្រាបសួរ ខ្ញុំបាទជាមនុស្ស គ ថ្លង់ សូមកុំព្រួយបារម្ភ ខ្ញុំនឹងជូនអ្នកអោយដល់គោលដៅ ប្រកបដោយសុវត្ថិភាព។ ទី១ បើអ្នក
ចង់បត់ស្ដាំ សូមកេះស្មាស្ដាំរបស់ខ្ញុំ។ ទី២ បើអ្នកចង់បត់ឆ្វេង សូមកេះស្មាខាងឆ្វេងរបស់ខ្ញុំ។ ទី៣ បើដល់គោលដៅត្រូវឈប់ សូមកេះខ្ញុំរួចចង្អុលទៅទីតាំងដែលអ្នកចង់ឈប់។ សូមមើលតម្លៃ នៅលើអេក្រង់ទូរស័ព្ទដៃរបស់ខ្ញុំ។ សូមអរគុណ សម្រាប់ការចូលរួមចំណែកលើកស្ទួយជនពិការ”។
ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើក៏បានបង្ហោះសារមួយឃ្លា ជាភាសាអង់គ្លេសថា៖ ”សូមអរគុណ Grab សម្រាប់គំនិតផ្តួចផ្តើមរបស់អ្នក។ ក្រៅពីការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ Grab កំពុងធ្វើឱ្យមនុស្សភាគតិចដែលជួបការលំបាកមានការងារធ្វើ។ វាពិតជាសុភាពរាបសារ និងរំជួលចិត្តបំផុតដែលខ្ញុំមិនធ្លាប់ជួប! ការងារអស្ចារ្យ!”៕