«ចានបែក» ក្លាយជារឿងផ្សះផ្សាផ្លូវចិត្តដ៏មានតម្លៃប្រសិទ្ធិភាព!

រឿងដ៏ល្អអស្ចារ្យមួយដែលតំណាលទាក់ទងនឹងវិធីសាស្ត្រប៉ះភ្ជិត ចានបែក នៅក្នុងប្រពៃណីជប៉ុន(Kintsugi)។ រឿងនោះតំណាលឡើងដោយចាប់ផ្តើមពីចានបែកថា កាលណាចានត្រូវធ្វើឱ្យបែក គេផ្គុំចូលគ្នាវិញ ហើយត្រូវផ្សារភ្ជាប់ដោយចាក់ទឹកមាសចូលបំពេញចន្លោះដែលបែកប្រេះស្រាំទាំងនោះ។ក្រោយចាក់បំពេញកន្លែងដែលបែករួចមក ធ្វើឱ្យផ្ទៃចានទាំងមូលលេចឡើងនូវស្នាម។

ប្រសិនបើចានមួយត្រូវបែកបាក់ជាច្រើនកន្លែង ទឹកផ្សារពណ៌មាសនឹងរត់ទៅបំពេញរាល់កន្លែងដែលបែកនោះ បង្កើតចេញជាខ្សែបន្ទាត់ពណ៌មាសដ៏ស្រស់ស្អាតរត់ខ្វែងខ្វាត់កាត់លើផ្ទៃចាន។ ហើយចានបែក ក៏បាន ក្លាយទៅជាវត្ថុដ៏មានតម្លៃ និងគួរឱ្យចងចាំជាទីបំផុត។

ប្រពៃណីប៉ះភ្ជិតចានបែកនេះ បានក្លាយជាវិធីដ៏មានប្រសិទ្ធភាពក្នុងការចែករំលែក និងការផ្សះផ្សាភាពឈឺចាប់។ បន្ទាប់មក គេឃើញមានវត្ថុប្រើប្រាស់ក្នុងផ្ទះផ្សេងៗទៀតដែលបានបែកបាក់ ត្រូវផ្សារភ្ជិតឡើងវិញដោយទឹកមាស នឹងបន្សល់ស្នាមប្រេះស្រាំ ដ៏ចែងចាំងពន្លឺពាសពេញស្នាមបែកបាក់ទាំងអស់នៅលើផ្ទៃវត្ថុដែលគេប៉ះភ្ជិតទំាងនោះ។ ហើយគេ (ប្រជាជនជប៉ុន) ចាត់ទុកអ្វីទាំងនោះ ថាជាបទពិសោធដ៏ល្អដែលគេបានឆ្លងកាត់ និងរៀនសូត្រពីវា។

ត្រឡប់មកជីវិតយើងវិញ រឿងនេះហាក់បានផ្សះផ្សានឹងផ្តល់ជាមេរៀនពិសិដ្ឋ។ នៅក្នុងដំណើរជីវិតដ៏វែងឆ្ងាយ មិនថាអ្នកសាងកំហុសបែបណានោះទេ អ្នកនៅតែអាចប៉ះប៉ូវនូវកំហុសនោះ។ អ្នកនៅតែអាចមានឱកាសកែប្រែវា ហើយក្រោយពីការតស៊ូប៉ះប៉ូវ នឹងបានឆ្លងកាត់ការលំបាកទាំងអស់នោះ វានឹងធ្វើឱ្យអ្នករឹងមាំ និងក្លាយជាមនុស្សផ្សេងមួយទៀត។

មានគេលើកឡើងថា «ឆ្លងពីតំណាក់កាលមួយ ចូលតំណាក់កាលមួយទៀតលើដំណើរជីវិត អ្នកនឹងក្លាយជាមនុស្សថ្មី» ម៉្លោះហើយ មិនថាអ្នកធ្លាប់ធ្វើខុសបែបណានោះទេ វាហាក់បីដូចជាតំណាក់កាលមួយដែលអ្នកឆ្លងកាត់រួចហើយ។ប្រសិនបើអ្នកសាងកំហុស ហើយអ្នកកែប្រែវិញ នោះវាហាក់មិនខុសអ្វីពីចានបែកដែលអ្នកបានព្យាយាមប៉ះភ្ជិតនោះទេ។

ដូច្នេះ សូមកុំខ្លាចនឹងស្នាមអតីតកាលទាំងនោះអី ហើយបើអ្នកខ្លាចវា អ្នកអាចធ្វើអ្វីម្យ៉ាងដើម្បីកែប្រែវាឱ្យទៅជាស្នាមដ៏ស្រស់ស្អាតនៅក្នុងជីវិតរបស់អ្នក ហើយក៏កុំខ្លាចនឹងការផ្លាស់ប្តូរ។ បើអ្នកធ្លាប់បានសាងកំហុសដោយអចេតនា ហេតុអ្វីត្រូវខ្លាច នឹងមិនហ៊ានធ្វើអ្វីម្យ៉ាងដើម្បីបង្វែរវាឱ្យក្លាយជាវត្ថុដ៏មានតម្លៃ ឬទុកជាមេរៀនដ៏ល្អក្នុងជីវិតអ្នក? អ្នកប្រហែលមិនដឹងផងទេថាអ្វីម្យ៉ាងដែលអ្នកមាន ហើយក៏អាចជាមេរៀនល្អដល់អ្នកឯទៀតដែរ។

ជារួម កំហុស និងស្នាមរបួស នឹងក្លាយជាបទពិសោធមួយដែលអាចនឹងធ្វើឱ្យចងចាំ ក្រោយពីទទួលស្គាល់ពួកវា។ រឿងមិនល្អ ដែលកើតឡើងដោយចេតនាក្តី និងអចេតនាក្តី វាបានកើតឡើងរួចទៅហើយ ដូច្នេះការទទួលយក និងការផ្សះផ្សា វាជាតួនាទីដែលអ្នកត្រូវធ្វើ។ ការធ្វើវាឱ្យប្រសើរឡើង ឬមិនប្រសើរឡើងទៀតសោត វាស្ថិតនៅក្នុងដៃអ្នកហើយ គ្មានជនណាម្នាក់មានសិទ្ធិទៅបញ្ជា និងបង្ខិតបង្ខំអ្នកបាននោះទេ។ ដូច្នេះហើយ ធ្វើឬមិនធ្វើ ទទួលឬមិនទទួល វាស្ថិតនៅត្រឹមអ្នកតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published.