នារីខ្មែរម្នាក់ទៀតហើយដែលលើកស្ទួយមុខមាត់កម្ពុជា! យុវសិស្ស អាង វណ្ណច័ន្ទនីដា អាយុត្រឹម១៣ឆ្នាំឈ្នះ មេដាយមាស១ និងមេដាយប្រាក់៣ ជូនជាតិ នៅក្នុងកម្មវិធី “ប្រកួតសិស្សជើងឯក”នៅឯសហរដ្ឋអាមេរិក…
យុវសិស្សកម្ពុជាឈ្មោះ អាង វណ្ណច័ន្ទនីដា ជាសិស្សថ្នាក់ទី៨នៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញបានទទួលមេដាយមាសចំនួន១និងប្រាក់ចំនួនបីពីកម្មវិធី «ការប្រកួតជើងឯក»ដែលបានរៀបចំកាលពីថ្ងៃ ទី៨ដល់១៣ខែវិច្ឆិកានៅសាកលវិទ្យាល័យយែល (Yale) ក្នុងសហរដ្ឋអាមេរិក។
កម្មវិធីពិភាក្សាដេញដោលនេះផ្តោតលើប្រធានបទ«ពិភពលោកដែលគេមិនសូវយកចិត្តទុកដាក់» (World on the Margins) ហើយចូលរួមដោយជ័យលាភីដែលបានឈ្នះការប្រកួតថ្នាក់តំបន់ជាច្រើននៅជុំវិញពិភពលោក។
នេះជាកម្មវិធីប្រចាំឆ្នាំដែលរៀបចំដោយអង្គការ World Scholar’s Cup របស់សហរដ្ឋអាមេរិក ហើយមានគោលបំណងទាក់ទាញសិស្សានុសិស្សឱ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីកម្មវិធីសិក្សានៅតាមសាលារៀននិងឱ្យពួកគេផ្តោតលើបញ្ហានិងគំនិតដែលកើតមាននៅជុំវិញខ្លួនពួកគេក្នុងពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ យុវសិស្ស អាង វណ្ណច័ន្ទនីដា បានថ្លែងអំណរគុណដល់លោកយាយរបស់ខ្លួនដោយបានសរសេរថា “ចៅសូមអរគុណលោកយាយជាខ្លាំងដែលបានជួយលើកទឹកចិត្តចៅឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីធ្វើជាទំពាំងស្នងឬស្សីមួយសម្រាប់ប្រទេសជាតិ និងបាននាំចៅទៅស្គាល់វិទ្យុ voa ថែមទៀតផង។”។
បន្ថែមពីនេះក៏មានអ្នកលើកទឹកចិត្តថា “ផ្លូវនៅវែងឆ្ងាយតទៅទឿត ចៅត្រូវព្យាយាម តស៊ូឲ្យខ្ជាប់ខ្ជួន កុំបន្ថយល្បឿន ជោគជ័យនិងអនាគតល្អនៅរង់ចាំចៅ ប្រឹងឡើង កុំរាថយ យាយគាំទ្រជានិច្ច..”៕
ប្រភព: pressnews