ប្រជាពលរដ្ឋកម្ពុជា-ជប៉ុន ជាង១០០០នាក់ ប្រមូលសំរាមតាមសួនច្បារ ច្រាំងទន្លេ និងផ្លូវថ្មើជើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយមាត់ទន្លេ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ មានរៀបចំពិធីទីក្រុងស្អាត សហការជាមួយគណៈកម្មាធិការប្រតិបត្តិ Phnom Penh Clean City Challenge With Japan លើកទី២ ក្រោមអធិបតីភាពលោក នេត ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន, ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា, លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។
កម្មវិធីនេះក៏ការអញ្ជើញចូលរួមពីអាជីវករជនជាតិជប៉ុនប្រមាណ ១០០០នាក់ និងមន្រ្តីរាជការ យុវជន អាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រមាណ ៥០០នាក់ ព្រមទាំងបុគ្គលិកវិស័យឯកជនមួយចំនួនទៀតផងដែរ ដោយបានធ្វើការជួបជុំគ្នា និងបែងចែកជា០៦ក្រុមតូចៗ ដើម្បីប្រមូល សម្អាត និងបោសសំរាមតាមសួនច្បារ ច្រាំងទន្លេ និងផ្លូវថ្មើជើងនានា តាមបណ្តោយមាត់ទន្លេ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
គោលបំណងនៃការប្រារព្ធកម្មវិធីនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋទូទៅគ្រប់រូបមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន រួមថែរក្សានូវអនាម័យ បរិស្ថានឲ្យបានល្អប្រសើរ ដោយរក្សាទុកសំរាមនៅក្នុងធុងសំរាមជានិច្ច មិនចោលពាសវាលពាសកាលនៅតាមទីសាធារណៈនានា ដែលបង្កអោយប៉ះពាល់ដល់សោភណ្ឌភាព បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈនៅក្នុងទីក្រុង៕
ប្រភព៖freshnews