វិទ្យុអាស៊ីសេរី RFAនិងបើកឲ្យដំណើរការលុះត្រាតែ!! រដ្ឋមន្រ្តីព័ត៌មាន ប្រាប់វិទ្យុអាស៊ីសេរីឱ្យកែតម្រូវពាក្យ «របបក្រុងភ្នំពេញ» និងបំពេញកាតព្វកិច្ចផ្លូវច្បាប់សិន មុននឹងអនុញ្ញាតឱ្យបើកដំណើរការនៅកម្ពុជា…

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា វិទ្យុអាស៊ីសេរី (RFA) ត្រូវការកែតម្រូវពាក្យរបស់ខ្លួន ដែលហៅរាជរដ្ឋាភិបាលកម្ពុជាថា «របបក្រុងភ្នំពេញ» និងបំពេញកាតព្វកិច្ចផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាមុនសិន ទើបអនុញ្ញាតឱ្យបើកដំណើរការនៅកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី បានឆ្លើយតបទៅនឹងសំណើរបស់វិទ្យុអាស៊ីសេរី លោក Matthew Pennington នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរី ប្រចាំតំបន់អាស៊ាន ក្នុងជំនួបនៅក្រសួងព័ត៌មាន នាវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងជំនួបនោះ តំណាងវិទ្យុអាស៊ីសេរី បានស្នើសុំការអនុញ្ញាតពីលោករដ្ឋមន្រ្តី ដើម្បីបើកការិយាល័យនៅកម្ពុជា ហើយលោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងព័ត៌មានមិនបានបិទវិទ្យុអាស៊ីសេរីទេ គឺវិទ្យុនេះបានបិទដោយឯកឯង ហើយបើចង់បើកវិញ គឺត្រូវកែតម្រូវពាក្យ «របបក្រុងភ្នំពេញ» និងធ្វើតាមច្បាប់កម្ពុជា។

លោកបានបញ្ជាក់ថា៖ «ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មានអត់ដែលបានបិទវិទ្យុអាស៊ីសេរីទេ គឺវិទ្យុនេះបានបិទដោយខ្លួនឯង វិទ្យុអាស៊ីអាចដំណើរការនៅកម្ពុជាវិញបាន ប៉ុន្តែត្រូវធ្វើការកែតម្រូវនូវការប្រើប្រាស់ពាក្យរបស់ខ្លួនដូចជាពាក្យ របបក្រុងភ្នំពេញ។ បន្ថែមពីនេះ វិទ្យុអាស៊ីសេរីត្រូវតែបំពេញ កាតព្វកិច្ចផ្លូវច្បាប់ ឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។

ឆ្លើយតបនឹងការបញ្ជាក់របស់ លោករដ្ឋមន្រ្តី តំណាងវិទ្យុអាស៊ីសេរីនឹងពិនិត្យនូវការប្រើប្រាស់ពាក្យក្នុងការផ្សព្វផ្សាយរបស់ខ្លួន ហើយអះអាងថា បើសិនក្រសួង ឬរាជរដ្ឋាភិបាលយល់ថា ការផ្សាយរបស់ខ្លួនប៉ះពាល់ គឺអាចបញ្ជូនលិខិតកែតម្រូវទៅកាន់វិទ្យុអាស៊ីសេរីបាន។

សូមជម្រាបថា វិទ្យុអាស៊ីសេរី RFA និង VOA ដែលបានបើកការិយាល័យលួចលាក់របស់ខ្លួននៅកម្ពុជាជាច្រើនឆ្នាំ បានសម្រេចបិទការិយាល័យនោះទៅវិញដោយឯកឯង កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការ ដោយសារតែវិទ្យុអាមេរិកទាំងពីរនេះ បានធ្វើសកម្មភាព ដោយគ្មានអាជ្ញាប័ណ្ណ និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ត្រឹមត្រូវ។

បន្ទាប់ពីបិទរយៈពេល២ឆ្នាំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងព័ត៌មានបានចេញលិខិតផ្លូវការមួយ សម្រេចឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បើកការិយាល័យតំណាងតាមផ្លូវច្បាប់ របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាផងដែរ បន្ទាប់ពីវិទ្យុនេះបានដាក់ពាក្យស្នើសុំផ្លូវការតាមច្បាប់៕

ប្រភព: freshnews

Leave a Reply

Your email address will not be published.