មនុស្សកំុមើលងាយមនុស្ស!!​ ពីក្មេងដើររើស​អាហារតាម​ចិញ្ចើមផ្លូវ ក្លាយជាអ្នក​វិទ្យាសាស្ត្រដ៏ល្បីនៅអាមេរិក…(មានវីដេអូ)

បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួលចិត្ត និង​កោត​សរសើរ បន្ទាប់​ពី​ដឹង​ថា លោក​ជា​អតីត​ក្មេង​អនាថា ​ដើរ​រើស​​កាក​សំណល់​ ហូប​​​តាម​ចិញ្ចើម​ផ្លូវ តែ​បាន​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ មាន​មុខ​មាន​មាត់​ដ៏​ជោគជ័យ​ម្នាក់។

រឿង​រ៉ាវ​ដ៏​កម្សត់​របស់​លោក​ បាន​ធ្វើ​ឲ្យ​អ្នក​អាន​ស្ទើរ​ស្រក់​ទឹក​ភ្នែក ​តែ​បាន​ផ្ដល់​កម្លាំង​ចិត្ត ​យ៉ាង​ច្រើន​ដល់​ពួក​គេ។ មក​ទល់​ពេល​នេះ លោក Fernando Kuehnel នៅ​មិន​ដឹងមូល​ហេតុ​ដែល​ឪពុក​ម្ដាយ​បោះ​បង់​រូប​គេ​ និង​ប្អូន​ប្រុស ២​នាក់​ផ្សេង​ទៀត​ទេ​។

ក្នុង​ឆ្នាំ ១៩៧៤ ពេល​​មាន​អាយុ ៨​ឆ្នាំ លោក​ត្រូវ​បាន​ម្ដាយ​បោះ​បង់​ រួម​ទាំង​ប្អូន​ប្រុស​ ២​នាក់​ទៀត​ដោយ​ទុក​ចោល ​ឲ្យ​ដើរ​តែលតោល​នៅ​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន។ ពេល​នោះ​លោក​ថា ខ្លួន​ដូច​ជា​ខោ​កន្ទប​កូន​ង៉ែត ​ដែល​គេ​បោះ​ចោល​អីចឹង។

លោក​រៀប​រាប់​ថា​៖ “​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ បន្ទាប់​ពី​បោះ​បង់​ មាន​គេ​ប្រទះ​ឃើញ​ពួក​យើង​ទាំង ៣​នាក់ និង​បាន​សួរ​ដំណើរ​រឿង រួច​ក៏​បញ្ជូន​ពួក​យើង​ ឲ្យ​ទៅ​រស់​នៅ​មណ្ឌល​កំព្រា។ ខ្ញុំ​ចាំ​បាន​ថា ពេល​នោះ​ខ្ញុំ​បាន​យួរ​ថង់​ ដាក់​របស់​របរ​បណ្ដើរ ស្រែក​យំ​បណ្ដើរ”។

នៅ​ពេល​​ទៅ​រស់​នៅ​មណ្ឌល​កំព្រា Nayong Kabataan គឺ​មិន​សុខ​ស្រួល​ទេ។ លោក​ និង​ប្អូន​ៗ​តែង​តែ​ត្រូវ​ គេ​សម្លុត​គំរាម​កំហែង និង​ធ្វើ​បាប​ដូច​ជា​ ញី​ម្ទេស​ដាក់​​ភ្នែក ដាក់​បបូរ​មាត់ ឬ​ប្រដាប់​ភេទ​ជា​ដើម​ ពេល​ភ្ញាក់​ពី​គេង។

លោក Fernando និង​ប្អូន​ៗ​​ស្ទើរ​តែ​បាត់​បង់​ជីវិត បន្ទាប់​ពី​ត្រូវ​គេ​ទុក​ចោល ​នៅ​មណ្ឌល​កំព្រា។ ពេល​នោះ​ឪពុក​បង្កើត​ បាន​មក​ជួប​ពួក​គេ តែ​​បន្តិច​ក្រោយ​មក​ ក៏​ត្រូវ​ឪពុក​រត់​ចោល​ម្ដង​ទៀត មិន​ត្រលប់​មក​វិញ​ឡើយ។ ពួក​គេ​បាន​ព្យាយាម ​ស្វែង​រក​ទាក់​ទង​ម្ដាយ តែ​គាត់​បែរ​ជា​មាន​គ្រួសារ​ថ្មី រួច​​ធ្វើ​មិន​ស្គាល់ និង​បណ្ដេញ​ពួក​គេ​ ឲ្យ​ចេញ​ទៅ​ឆ្ងាយ​ទៀត​​ផង​។

​នៅ​អាយុ ១០​ឆ្នាំ Fernando ចាប់​ផ្ដើម​​ចេញ​ពី​មណ្ឌល​កំព្រា​​តែ​ម្នាក់​ឯង​ ដើរ​រើស​អេតចាយ​លក់​ និង​រើស​អាហារ​គេ​បោះ​ចោល ​តាម​ធុង​សំរាម​ យក​មក​​ហូប​ដើម្បី​រស់​មួយ​គ្រា។ រហូត​ដល់​​អាយុ​ ១៣​ឆ្នាំ លោក​បាន​​ត្រលប់​មក​មណ្ឌល​​កំព្រា​វិញ ពេល​ទទួល​ដំណឹង​ថា​ ប្អូន​ៗ​របស់​លោក​មាន​គេ​យក​ទៅ​ចិញ្ចឹម ​ប៉ុន្តែ​ក្រោយ​មក គេ​​យក​​​មក​ប្រគល់​ឲ្យ​មណ្ឌល​វិញ​ បន្ទាប់​ពី​ប្អូន​ៗ​ចង់​នៅ​ជាមួយ​បង។ ពួក​គេ​ត្រូវ​បោះ​បង់​ចោល​ជា​លើក​ទី​ពីរ។

ក្រោយ​មក​ទៀត គ្រួសារ​ចិត្ត​ធម៌​លោក Kuehnel ​បាន​យក​ពួក​គេ​ទាំង​បី​នាក់​ឲ្យ​ទៅ​រស់​នៅ​ជាមួយ​ នៅ​រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក។ Fernando ​បាន​ចូល​រៀន​ថ្នាក់​ភាសា​អង់គ្លេស ESL ដោយ​ជិះ​រថយន្ត​ក្រុង ១​ម៉ោង​​នៅ​ទីក្រុង Greenbay រដ្ឋ Wisconsin។ គាត់​​បាន​​ខិត​ខំ​រៀន​សូត្រ​ រហូត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាយិកា និង​ការ​ថែ​ទាំ​សុខភាព។

​បច្ចុប្បន្ន​​លោក​​បាន​ក្លាយ ​ជា​វេជ្ជបណ្ឌិត​​ធ្វើ​ការ​នៅ​​ក្រុម​ហ៊ុន ឱសថ​ដ៏​ធំ​មួយ​ឈ្មោះ Novartis នៅ​អាមេរិក​ខាង​ជើង​ មាន​តួនាទី​​ជា​អ្នកវិទ្យាសាស្ត្រ​​ព្យាបាល ហើយ​លោក​បាន​សរសេរ​សៀវភៅ​​​រៀប​រាប់​ដំណើរ​ជីវិត ​ពី​ក្មេង​កំព្រា​ ទៅ​កាន់​ទឹក​ដី​អាមេរិក​ឈ្មោះ​ថា My Third Parents ឬ​ «ឪពុក​ម្ដាយ​ទី​បី​របស់​ខ្ញុំ» ទៀត​ផង​៕

ប្រភព: Pressnews

Leave a Reply

Your email address will not be published. Required fields are marked *