ពិតជានឹកស្មានមិនដល់!!! ត្រីមួយក្បាលនេះ លក់ដេញថ្លៃបានជិត ២លានដុល្លារ ថ្លៃជាងគេបង្អស់លើពិភពលោក

ជប៉ុន៖ ត្រីខយ (Koi) គឺជាត្រីជប៉ុនដ៏ល្បី មានច្រើនពូជនិងច្រើនពណ៌ ដែលគេពេញនិយមចិញ្ចឹមនៅតាមផ្ទះ ឬហាងនានា ហើយវាក៏ជាប្រភេទត្រីមួយ ក្នុងចំណោមប្រភេទចិញ្ចឹមជាច្រើនផ្សេងទៀត ដែលអ្នកខ្លះយល់ឃើញថា វានាំមកនូវភាពស្រស់បំព្រង និងលាភសំណាងដល់ម្ចាស់ផងដែរ។

កាលពីពេលកន្លងទៅនេះ ត្រីខយមួយក្បាលស្រកាក្រហមលាយ.ស នៅឯប្រទេសជប៉ុន បានក្លាយជាត្រីចិញ្ចឹមមួយក្បាល ដែលត្រូវបានគេដាក់លេងដេញថ្លៃ បានក្នុងតម្លៃកប់ពពកខ្ទង់ជិត ២លានដុល្លារ និងមិនធ្លាប់ពីមុនមក បង្កឲ្យមានការភ្ញាក់ផ្អើល។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ត្រីខយនោះឈ្មោះ S Legend មានប្រវែងខ្លួន ១០១សង់ទីម៉ែត្រ ជាត្រីញីពូជ Kohaku ត្រូវបានទិញដោយស្រ្តីអ្នកមានទ្រព្យម្នាក់ ក្រោយបញ្ចប់ការដេញថ្លៃក្នុងតម្លៃ ១,៨ដុល្លារអាមេរិក នៅឯកសិដ្ឋានចិញ្ចឹមត្រី Saki Fish ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេសជប៉ុន។

ចំពោះមូលហេតុដែលត្រីខយញីមួយក្បាលខាងលើ ត្រូវបានដេញថ្លៃបានក្នុងតម្លៃកប់ពពកបែបនេះ ត្រូវបានគេដឹងថា ដោយសារតែវាធ្លាប់ឈ្នះពានជ័យលាភីលេខ១ នៅក្នុងកម្មវិធី «All Japan Koi Show» កាលពីឆ្នាំមុន ទើបធ្វើឲ្យមានការចាប់អារម្មណ៍ ពីអ្នកស្រលាញ់និងប្រមូលទិញត្រីប្រភេទនេះជាច្រើន ចង់បានវាយកទៅចិញ្ចឹម។

ស្រ្តីហ៊ានឲ្យថ្លៃត្រីខយញី ក្នុងតម្លៃ ១,៨លានដុល្លារអាមេរិកនេះ ត្រូវបានគេស្គាល់ឈ្មោះត្រឹមថា Yingyingមកពីតៃវ៉ាន់។ នាងក៏ត្រូវបានគេដឹងដែរថា ជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ ហើយក៏ជាអ្នកដែលស្រលាញ់គាំទ្រពេញទំហឹង ទៅលើត្រីខយផងដែរ។

តាមការឲ្យដឹង នាង Yingying នឹងយកត្រីខយ S Legend នេះទៅបង្កាត់ពូជ បង្កើតពងត្រីក្នុងបរិមាណឲ្យបានជាង ៥០០ ០០០គ្រាប់ ហើយនឹងជ្រើសរើសយកតែគ្រាប់ពងដែលមានគុណភាពល្អត្រឹមត្រូវចំនួនខ្ទង់ ៥ ០០០គ្រាប់តែប៉ុណ្ណោះ ដើម្បីយកទៅលក់ចែកចាយបន្ត។

គេក៏សង្ឃឹមដែរថា ត្រីខយ S Legend នឹងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅលើកក្រោយៗ ដែលយ៉ាងហោចណាស់ប្រហែល ២ឆ្នាំទៀតផងដែរ។

គួរឲ្យដឹងផងដែរថា ជប៉ុននៅតែជាប្រទេសលេខ១ ដែលចិញ្ចឹមពូជត្រីខយ ដ៏ធំជាងគេបង្អស់លើពិភពលោក ជាមួយនឹងគោលដៅទីផ្សារចែកចាយ ៩០ភាគរយជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០១៦ ត្រូវបានគេដឹងថា ពូជត្រីខយបាននាំចេញ ដោយទទួលបានចំណូលជាង ៣៥លានដុល្លារអាមេរិក។

សូមរម្លឹកដែរថា ជប៉ុនក៏ធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោក ក្នុងការដេញថ្លៃលក់ត្រីធូណាខៀវ ទម្ងន់ ២២២គីឡូក្រាម បានក្នុងតម្លៃ ១,៤លានដុល្លារអាមេរិក ដែលជាតម្លៃដ៏កប់ពពកមួយ មិនធ្លាប់មានពីមុនមកផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *