ប្រវត្តិ ភិក្ខុសោម (ងួន សោម) ជាកវីនិពន្ធរឿងទុំទាវ…
ភិក្ខុសោម មាននាមពីកំណើតមកថា ងួន សោម (១) កើតនៅឆ្នាំ១៨៥២ ក្នុងឃុំកំព្រៅ ខេត្តស៊ីធរកណ្តាល (សព្វថ្ងៃ គឺស្រុកស៊ីធរកណ្តាល ក្នុងខេត្តព្រៃវែង)។ ឪពុកលោកនាម ងួន និងម្តាយនាម យិន ជាកសិករធុនមធ្យម នៅភូមិកំព្រៅ។ លោកមានបងប្អូនប្រាំពីរនាក់ សុទ្ធតែប្រុស គឺឈ្មោះ សរ នង កិម អុក ស្រី សោម និងសម។
កាលលោក ងួន សោម មានអាយុ១៥ឆ្នាំ ឪពុកលោកបានបញ្ជូនរូបលោកឲ្យមករៀននៅវត្តឥន្ទកាលា ហៅវត្តកំព្រៅ។ ពីរឆ្នាំក្រោយមក លោកក៏បួសជាសាមណេរក្នុងវត្តដដែល។ បួសបានតែពីរឆ្នាំ ដោយឃើញមាតាបិតាកាន់តែចាស់ សាមណេរសោមក៏លាចាកសិក្ខាបទ មកជួយធ្វើការ និងបម្រើអ្នកមានគុណវិញ។
ប៉ុន្តែដោយលោកតាងួនជាមនុស្សស្រឡាញ់ចំណេះវិជ្ជា លោកក៏បំបួសជីសោម(២) ជាភិក្ខុ ដោយមានព្រះតេជគុណរស់ ហៅគង់ជាឧបជ្ឈាយ៍។ ក្នុងជន្មាយុ២១ឆ្នាំ ភិក្ខុសោមក៏មាននាមបញ្ញត្តិថាព្រះបទុមត្ថេរ។ បន្ទាប់មក ក្នុងតួនាទីជាចៅអធិការវត្តកំព្រៅ លោកក៏បានទទួលឋានន្តរសក្តិជាព្រះឧបជ្ឈាយ៍ ងារជាព្រះសង្ឃវង្សសោម។
ព្រះភិក្ខុសោមស្រឡាញ់ព្រះពុទ្ធសាសនាណាស់។ លោកខិតខំសិក្សាធម៌វិន័យឥតធ្វេសប្រហែស។ ក្រៅពីនេះ លោកចូលចិត្តអានសាស្ត្រាស្លឹករឹតនានា។ កាលណាលោកចង់សរសេរកាព្យឃ្លោង លោកតែងនិមន្តទៅគង់នៅមាត់ស្រះ។ ក្រៅពីកិច្ចការនិពន្ធ ភិក្ខុមានចំណេះខាងស្មិតយ៉ាងស្ទាត់ជំនាញ។ លោកកសាងព្រះបដិមា ឆ្លាក់ខ្សៀរជារូបសេក ធ្វើជើងពាន កាំបិត ពូថៅ – ល – ។
ភិក្ខុសោមមានសិស្សគណចូលមករៀនវិជ្ជាតែងកាព្យជាច្រើន។ គេដំណាលថា កវីនេះបានតែងរឿងច្រើន ដូចជាផ្ការាំទឹករាំ (១៩១១) សព្វសិទ្ធិ(៣) សុភមិត្រ – ល – ប៉ុន្តែគេពុំបានឃើញស្នាដៃទាំងនេះ សល់ទុកមកទេ គេរកឃើញតែរឿងទុំទាវមួយប៉ុណ្ណោះ។ នៅឆ្នាំជូត ខែមាឃ ត្រូវនឹងគ.ស. ១៩៣២ ព្រះភិក្ខុក៏សុគត ដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ៕
ប្រភព៖ den-sharing