គំនូរសក់ ខ្លាំងមែន!!! ជាងកាត់សក់រូបសង្ហា មានស្នាដៃពិសេស យកកម្ទេចសក់ភ្ញៀវ មករោយគូរចេញជាគំនូរ តួអង្គល្បីៗ…(មានវីដេអូ)

តៃវ៉ាន់៖ វីដេអូឃ្លីប និងរូបភាពជាច្រើនសន្លឹក ដែលត្រូវបានគេដឹងថា ជាគំនូរសក់យ៉ាងទាក់ទាញ បង្ហោះចែកចាយលើបណ្តាញសង្គម បាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពិសេសគំនូរតួអង្គល្បីៗរួមមាន ស៊ុន អ៊ូខុង ជាដើម យ៉ាងស្រស់ស្អាត មើលជក់ចិត្តតែម្តង។


លោក Allen Chen ត្រូវបានគេស្គាល់ថា គឺជាជាងកាត់សក់ដ៏មានស្នាដៃ និងទេពកោសល្យមួយរូប នៅហាងកាត់សក់ XB Hair Professional ដែលមានទីតាំងក្នុងទីក្រុង Changhua កោះតៃវ៉ាន់ ខណៈដែលថ្មីៗនេះ រូបលោកកំពុងតែទទួលបានឈ្មោះល្បីល្បាញ និងការកោតសរសើរយ៉ាងខ្លាំង តាមរយៈរូបភាពនិងវីដេអូឃ្លីប គូរគំនូរសក់ដ៏មិនគួរឲ្យជឿរបស់លោក បន្ទាប់ពីត្រូវបាន បង្ហោះចែកចាយសុះសាយលើបណ្តាញសង្គម រហូតថែមទាំងត្រូវបានសារព័ត៌មានមួយចំនួន យកចុះផ្សាយថែមទៀតផង។

ជាការពិតណាស់ លោក Allen មិនត្រឹមតែមានស្នាដៃកាត់សក់ឲ្យភ្ញៀវ បានយ៉ាងស្រស់ស្អាត ជាមួយនឹងការច្នៃស្ទាយ៍ម៉ូតសក់ប្លែកៗ ទៅតាមចំណង់ចំណូលចិត្តភ្ញៀវប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលរឹតតែជាភាពទាក់ទាញសម្រាប់លោកនោះ លោកក៏មានជំនាញពិសេស ឬបែកគំនិតដោយច្នៃយកកម្ទេចសក់ភ្ញៀវ ទៅរោយគូរចេញជាគំនូរ ដើម្បីជាចំណីចក្ខុ ឲ្យគ្រប់គ្នាបានទស្សនាផងដែរ។


នៅក្នុងនោះ មានគំនូរសក់ជាច្រើនដែលលោក Allen បានគូរ រួមមានដូចជា រូបសត្វតោ រូបតួអង្គប្រុសស្រីក្នុងរឿងកប៉ាល់ទីតានិច (Titanic) រូបស្ដេចស្វា ស៊ុន អ៊ូនខុង និងរូបតួអង្គក្នុងរឿង Venom (លោក Tom Hardy) ជាដើម។

បន្ថែមលើនេះ ស្នាដៃគំនូរសក់ចុងក្រោយដ៏រាងស្មុគស្មាញបន្តិច នៃតួអង្គចំនួន៣ ដែលលោក Allen ទើបបានគូរកាលពីថ្មីៗកន្លងទៅនេះ គឺរូបវីរបុរស Liu Bei, Guan Yu និង Zhang Fey ដែលមើលទៅគឺពិតជាស្រស់ស្អាត និងទាក់ភ្នែកតែម្តង។

ប្រភពបានឲ្យដឹងថា គំនូរតួអង្គវីរបុរស៣នាក់ខាងលើនេះ លោក Allen បានចំណាយពេលយូរជាងគេក្នុងការធ្វើ ទម្រាំតែបានសម្រេចលេចចេញជារូបរាង អស់ពេលជាង ៦ម៉ោងឯណោះ ហើយចុងក្រោយបានត្រឹមតែថតរូបប៉ុន្មានសន្លឹក មុនពេលឈូសចោលប្រមូលកម្ទេចសក់ទុកវិញ។

ទាក់ទងនឹងស្នាដៃគំនូរសក់នេះដែរ លោក Allen គ្រាន់តែនិយាយថា អ្វីដែលលោកធ្វើនេះ គឺគ្រាន់តែចង់ធ្វើអ្វីដែលប្លែក ដែលបង្ហាញពីភាពច្នៃប្រឌិតរបស់លោក ក្នុងការបំផុសគំនិតនៃសិល្បៈតែប៉ុណ្ណោះ ដែលមិនខុសពីគំនូរខ្សាច់នោះឡើយ ។

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *