ភ័យមិនស្ទើរទេ!!! មុជទឹកសុខៗ ស្រាប់តែមានសត្វចម្លែក លបៗមកក្បែរ… (មានវីដេអូ)

ក្នុងលោកនេះ មានភាវរស់ច្រើនណាស់ដែលមនុស្សយើងមិនទាន់បានឃើញ ឬកម្រនឹងឃើញបំផុត ជាពិសេសគឺនៅក្នុងមហាសាគរដែលគ្របដណ្តប់ប្រមាណ ៧១% នៃផែនដីយើងតែម្តង។ ដោយឡែក ថ្មីៗនេះគេបានប្រទះឃើញសត្វសមុទ្រចម្លែកម្យ៉ាង ក្បែរកោះតូចមួយ ដែលស្ថិតនៅប៉ែកឦសាន្តនៃឆ្នេរសមុទ្ររបស់ប្រទេសនូវែលសេឡង់។

បើតាមវីដេអូថតដោយអ្នកមុជទឹកពីរនាក់ដែលជាមិត្តភក្តិនឹងគ្នារាប់សិបឆ្នាំមកហើយ គឺលោក Steve Hathaway អាយុ ៥៦ ឆ្នាំ និងលោក Andrew Buttle វ័យ ៤៨ ឆ្នាំ គេឃើញសត្វដែលមានរាងប្រហោងដូចស្រោមជើងដ៏វែងអន្លាយប្រវែង ៨ ម៉ែត្រនេះ កំពុងធ្វើចលនាខ្សោយៗ ញ័រៗ ចុះឡើងៗ ខណៈបុរសទាំងពីរកំពុងហែលយឺតៗជុំវិញវា។

ដំបូងឡើយ បំណងនៃការមុជទឹកនេះគឺដើម្បីផ្តិតយកទិដ្ឋភាពក្រោមទឹកនៃកោះស (White Island) ដែលជាកោះភ្នំភ្លើងមួយនៅចម្ងាយ ៤៨ គីឡូម៉ែត្រពីតំបន់ដីគោកនៃប្រទេសនូវែលសេឡង់ប៉ុណ្ណោះ លុះប្រទះឃើញសត្វចម្លែកមួយនេះក្នុងជម្រៅ ១០ ម៉ែត្រ ពួកគេក៏លែងទៅណាតែម្តង ហើយថតសកម្មភាពរបស់វារហូតដល់អស់ចិត្ត។

គួរឱ្យដឹងថា សត្វចម្លែកនេះមានឈ្មោះបច្ចេកទេសថា Pyrosome ប៉ុន្តែគេឧស្សាហ៍ហៅ “ជ្រក់សមុទ្រ ឬ Sea Pickle” ជំនួសវិញ។ តាមពិត វាជាបណ្តុំនៃមីក្រូសរីរាង្គឈ្មោះ Zooid រាប់សែនក្បាល ដែលអាចផ្លាស់ប្តូររូបរាង និងទំហំបានច្រើនយ៉ាងខុសៗគ្នា។

ថ្វីបើគេធ្លាប់ឃើញសត្វដ៏កម្រមួយនេះជាប់មងនេសាទម្តងម្កាលដែរ ប៉ុន្តែមិនដែលឃើញធំបែបនេះឡើយ។ ជាធម្មតា គេអាចឃើញសត្វនេះនៅក្បែរផ្ទៃទឹកដែលមានកម្តៅក្តៅល្មម ហើយចលនារបស់វាគឺអាស្រ័យលើចរន្តទឹក ជំនោរ និងរលក នៃមហាសមុទ្រស្ទើរតែទាំងស្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *