ជំនឿទាក់ទងទៅនឹង «កូនសង្វារស្រណុំ» របស់ជនជាតិខ្មែរយើង!

ប្រទេសកម្ពុជាយើងជាប្រទេស ដែលកាន់សាសនាព្រះពុទ្ធ ហើយទន្ទឹមនឹងនោះ ប្រជាជនខ្មែរយើង មានទំនៀមទម្លាប់ប្រពៃណី ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន ពីបុព្វបុរសជំនាន់ដើមជាយូរលង់ណាស់មកហើយ។ ក្រៅពីការគោរព និងការប្រណិប័តន៍តាមសាសនាគោល រួមទាំងទំនៀមទម្លាប់ប្រពៃណីជាប្រចាំ ប្រជាពលរដ្ឋយើងមួយចំនួននៅមានជំនឿតាមបែបអរូបិយផងដែរ។


ថ្វីត្បិតតែអបិយជំនឿ មិនមែនជារឿងដែលស្តាប់ទៅ សមហេតុសមផល សម្រាប់មនុស្សសម័យទំនើបក្តី ក៏ចាស់ៗសម័យមុន តែងតែណែនាំកូនចៅ មិនឲ្យប្រមាថឡើយ បើទោះបីជាមិនជឿក៏ដោយ និងដូចពាក្យគេថា “អាគម ផ្សំអាយុ” ដូច្នោះឯង។ក្នុងចំណោមអបិយជំនឿជាច្រើន មានអបិយជំនឿមួយចំនួន ដែលពាក់ព័ន្ធទៅនឹង ទារក ឬកូនសង្វារស្រណុំដែរ។

ចង់ដឹងថា កូនសង្វារ កូនស្រណុំនេះ ជាអ្វី ហើយមានជំនឿប្លែកៗទាក់ទង យ៉ាងណាខ្លះនោះ ក្រុមការងារយើងបានធ្វើការសាកសួរ អ្នកគ្រូកម្រិតមធ្យមសិក្សាម្នាក់ឈ្មោះ “ម៉ុណ្ណា” និងស្រ្តីមេផ្ទះវ័យ ៦០ ឆ្នាំម្នាក់ទៀតឈ្មោះ “ឡេងស៊ីម” ដើម្បីចែករំលែកអត្ថន័យយ៉ាងណាខ្លះ ជូនប្រិយមិត្តតាមដានដូចខាងក្រោម។

ជាក់ស្តែងមនុស្សមួយចំនួន ប្រហែលជាស្គាល់ហើយថា កូនសង្វារស្រណុំនេះ ជាកូនមានលក្ខណៈបែបណា។ សម្រាប់អ្នកដែលមិនធ្លាប់ដឹង ក្រុមការងារយើងសូមបញ្ជាក់ថា កូនសង្វារ កូនស្រណុំនេះ មានចំនួន ២ប្រភេទគឺ ទារកដែលកើតមកមាពាក់ឈៀង រីឯមួយទៀតគឺ ទារកដែលមានពាក់មួកលើក្បាលមកជាប់ជាមួយ នៅពេលចាប់កំណើតភ្លាមមកនោះ។

អ្នកប្រហែលជាឆ្ងល់ហើយថាតើ តើពាក់ឈៀង ឬពាក់មួកពីខាងក្នុងពោះម្តាយបានយ៉ាងដូចម្តេចហើយមែនដែរឬទេ? គួរបញ្ជាក់ផងដែរថា ឈៀង ឬមួក ដែលចាស់ៗខ្មែរយើងនិយមហៅតាំងពីយូរយារមកហើយនោះ គឺធាតុពិតវាជា “ទងសុក” ដែលមានទាក់នៅជាប់ខ្លួនទារក និងរុំជាប់លើក្បាលរបស់ទារក នៅពេលកើតមកនោះឯង ដែលវាមើលទៅហាក់ដូចជាឈៀង និងមួក របស់ទារក ទើបបានជាគេនាំគ្នាហៅយ៉ាងដូច្នេះ។

បើតាមសម្តីរបស់អ្នកគ្រូថ្នាក់វិទ្យាល័យ បញ្ជាក់ប្រាប់មកក្រុមការងារ Khmerload យើងថា វាបណ្តាលមកពី ទងសុកមិនវិល បានជាសុកនោះទៅទាក់ខ្លួន និងជាប់ក្បាលរបស់ទារក។ ជាពិសេស អ្នកស្រីបានបញ្ជាក់ថា ទារក ឬកូនដែលកើតមកមានសុក ជាប់ជាឈៀង និងមួកបែបនេះ ត្រូវបានគេជឿជាយូរមកហើយថា មានគ្រូបាធ្យាយកាន់ ហេតុនេះគេត្រូវតែរៀបចំអសនៈ ឬស្លាធម៌ដូង ទុកជូនសម្រាប់ទារកនោះ ដើម្បីធ្វើការគោរពជារៀងរាល់ថ្ងៃបុណ្យផ្សេងៗផងដែរ។

ជាងនេះទៅទៀត គេជឿថា ប្រសិនបើមិនរៀបចំអសនៈ ឬស្លាធម៌ដូង សម្រាប់ទារកដែលមានពាក់ឈៀង ឬពាក់មួកនោះទេ ពួកគេនឹងងាយទទួលរងជំងឺផ្សេងៗ ជាជាងអ្នកធម្មតា មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងជឿថា នៅពេលដែលពួកគេធំឡើង ធ្វើការរកស៊ី មិនសូវបានជោគជ័យល្អថែមទៀតផង។

លើសពីនេះទៅទៀត អ្នកស្រី “ឡេងស៊ីម” ដែលជាមេផ្ទះវ័យចំណាស់ បានបន្ថែមថា កូនសង្វារស្រណុំ ដ៏ពិសេសនេះ ត្រូវបានគេមានជំនឿមួយដ៏ចម្លែកថែមទៀតផង គឺរន្ទះបាញ់មិនត្រូវនោះទេ។ គេជឿថាដោយសារមានគ្រូកាន់ ជាពិសេសគឺមិនត្រូវឈរ ឬនៅជិតកូនស្រណុំនោះឡើយនៅពេលមានភ្លៀងផ្គររន្ទះ ពីព្រោះរន្ទះនឹងផ្លាតមកបាញ់អ្នក ដែលឈរជិតពួកគេវិញជាមិនខាន។ កាន់តែមិនគួរឲ្យជឿជាងនេះទៅទៀតគឺ បើទោះជាបាញ់ចំ ក៏មិនស្លាប់ដែរ ហើយថែមទាំងអាចបណ្តាល ឲ្យស្លាប់អ្នកនៅក្បែរនោះទៅវិញទៀតផង។

ជាក់ស្តែង ប្អូនស្រីវ័យ ១៦ឆ្នាំម្នាក់ឈ្មោះ “បូណ៌មី” ដែលជាកូនស្រីរបស់អ្នកគ្រូខាងលើ ក៏ជាកូនស្រណុំដែរ ដោយប្អូនបាននិយាយប្រាប់ក្រុមការងារយើងថា ៖ “ខ្ញុំក៏ដឹងពីជំនឿរឿងរន្ទះនោះដែរ ប៉ុន្តែខ្ញុំមិនដែលជួបផ្ទាល់ផង។ តែយ៉ាងណា ក៏ជឿនិងការពារដែរ ដោយបងប្អូនខ្ញុំគាត់មិនសូវ នៅក្បែរខ្ញុំទេ នៅពេលភ្លៀង។ ហើយអ្វីដែលខ្ញុំមិនភ្លេចនោះគឺ អុជធូបជារៀងរាល់ថ្ងៃសីល និងថ្ងៃបុណ្យទានផ្សេងៗ មិនឲ្យខានបានឡើយ ពីព្រោះចាស់ៗគាត់ឲ្យប្រកាន់ខ្ជាប់ណាស់។”

សរុបមក ជំនឿទាក់ទងនឹងកូនសង្វារស្រណុំនេះ ហាក់ដូចជាមិនគួរឲ្យជឿទាល់តែសោះសម្រាប់ អ្នកដែលរស់នៅក្នុងសម័យវិទ្យាសាស្រ្តដូចសព្វថ្ងៃនេះ។ ប៉ុន្តែ ជាក់ស្តែង ជនជាតិខ្មែរយើងភាគច្រើន នៅតែមានជំនឿនិងការអនុវត្ត ជាបន្តបន្ទាប់ ពីព្រោះផ្នត់គំនិតទាំងនេះ ត្រូវបានប្រកាន់ខ្ជាប់ ជាយូរយារណាស់មកហើយ៕ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះជំនឿទាំងនេះ?

ប្រភព៖ Khmerload

Leave a Reply

Your email address will not be published. Required fields are marked *