ហួសថ្លែងតែម្តង !!មានប្រពន្ធ៣៩នាក់ហើយ គាត់បានប្រកាសឲ្យដឹងថា គាត់នឹងរៀបការប្រពន្ធទី៤០ ម្នាក់ទៀត

បន្ទាប់ពីបានរៀបការជាមួយប្រពន្ធទី៣៩ មានកូនចំនួន ៩៤នាក់ និងចៅចំនួន ៣៣នាក់ បុរសមានវ័យ ៦៦ឆ្នាំ មកពីប្រទេសឥណ្ឌា បានប្រកាសឲ្យដឹងថាគាត់នឹងរៀបការប្រពន្ធទី៤០ ម្នាក់ទៀត។ យោងតាមសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា បច្ចុប្បន្នលោក Ziona Chana រស់នៅជាមួយគ្រួសារយ៉ាងធំរបស់គាត់ នៅក្នុងរដ្ឋ Mizoram តំបន់ភាគឥសាន្តនៃប្រទេសឥណ្ឌា។

គ្រួសារដ៏ធំនោះរស់នៅក្នុងអគារមួយមានកម្ពស់ ៤ជាន់ មានបន្ទប់សរុបចំនួន ១០០ ភរិយារបស់គាត់ទាំងអស់ចែកបន្ទប់គ្នា នៅក្បែរបន្ទប់គេងរបស់លោក Ziona Chana។ ក្នុងគ្រួសារនោះ ទោះជាមានគ្នាច្រើន តែគេប្រើផ្ទះបាយរួមគ្នា។ បើយោងតាមសំដីអ្នកស្រុករស់នៅក្បែរខាង របស់គ្រួសារលោក Ziona បានឲ្យដឹងថា មានប្រពន្ធ ៧ ទៅ ៨នាក់នៅក្បែរគាត់គ្រប់ពេល។

ដោយមានគ្រួសារធំបែបនេះ ភរិយាត្រូវប្តូរវេនគ្នាធ្វើម្ហូប ខណៈពេលដែលកូនស្រីសម្អាតផ្ទះ និងធ្វើការបោកគក់ ឯកូនប្រុសៗជួយធ្វើស្រែ និងមើលថែសត្វ។ ក្រុមគ្រួសារពួកគេទាំង ១៦៧នាក់ ទទួលទានបាយអស់ ៩១គីឡូក្រាម ខណៈគិតជាអង្ករអស់៥៩ គីឡូក្រាមក្នុងមួយថ្ងៃ។ គ្រប់គ្នាពិតជាសរសើរ ចំពោះការដែលគាត់អាចទ្រទ្រង់ការចំណាយប្រចាំថ្ងៃបាន។

Ziona ជួបប្រពន្ធទី១របស់គាត់ជាលើកដំបូងនៅពេលគាត់មានអាយុ១៧ ឆ្នាំ កាលនោះប្រពន្ធមានអាយុច្រើនជាងគាត់៣ឆ្នាំ ហើយមិនយូរប៉ុន្មាន គាត់បានរៀបការជាមួយប្រពន្ធម្នាក់ទៀត។ លោកបានឲ្យដឹងថា «កាលគ្រាមួយនោះខ្ញុំបានរៀបការជាមួយមនុស្សស្រីដល់ទៅ ១០នាក់ក្នុងរយៈពេលតែមួយឆ្នាំ»។

ទោះបីគាត់មានប្រពន្ធ ៣៩ នាក់រួចហើយក្តី តែលោកនៅមិនមានគំរោងបញ្ឈប់ការរៀបការនោះទេ។ «ខ្ញុំមានមនុស្សជាច្រើននាក់មើលថែខ្ញុំ និងយកចិត្តទុកដាក់លើខ្ញុំ ហើយខ្ញុំគិតថាខ្ញុំជាបុរសដែលមានសំណាងម្នាក់លើលោក»៕(ប្រែសម្រួល៖និស្ស័យ)

Leave a Reply

Your email address will not be published. Required fields are marked *