កុំខ្ចីលុយពីធនាគារ ដោយសាររឿងទាំងនេះ!!!
សេវាហិរញ្ញវត្ថុ បានជួយសម្រួលដល់ប្រជាពលរដ្ឋជាច្រើនក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងបានជួយឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ ទន្ទឹមនឹងនោះ ការខ្ចីលុយពីធនាគារមិនមែនចេះតែខ្ចីតាមតម្រូវការ ដោយមិនបានគិតឱ្យល្អិតល្អន់នោះទេ។
ខាងក្រោមនេះជាការលើកឡើងរបស់សាស្ត្រាចារ្យបណ្ឌិត ឆាយ ស្រីមុំ បង្រៀននៅសាកលវិទ្យាល័យឯកជនមួយ ពីប្រភេទកម្ចីមួយចំនួនពីធនាគារត្រូវគិតឱ្យច្បាស់ ដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ៖
១. លុយខ្ចីទិញទ្រព្យសម្បត្តិ៖ សាស្ត្រាចារ្យបណ្ឌិត ឆាយ ស្រមុំ បានលើកឡើងថា លុយខ្ចីទ្រព្យសម្បត្តិដូចជាឡាន ម៉ូតូ និងសម្ភារៈនិយមផ្សេងៗទៀត ត្រូវគិតឱ្យបានច្បាស់មុនសម្រេចចិត្តខ្ចីធនាគារ។ ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ដែលពិចារណាមិនបានវែងឆ្ងាយនឹកឃើញចង់បានអ្វីខ្ចីលុយពីធនាគារភ្លាម
ដោយមិនបានវិភាគមើលឱ្យបានច្បាស់ពីកម្រិតប្រាក់ចំណូលក្នុងគ្រួសារ ឬមធ្យោបាយទូទាត់សងនោះទេ។ ការខ្ចីលុយទិញទ្រព្យសម្បត្តិ មិនបានធ្វើឱ្យលុយមានលំហូរនោះទេ គឺកប់ក្នុងទ្រព្យនោះ។ ដូច្នេះបើមិនទាន់មានលទ្ធភាពសងត្រឡប់ ដោយមិនប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃ គួរជៀសវាងត្រង់ចំណុចនេះ។
២. លុយខ្ចីធ្វើផ្ទះ៖ លុយខ្ចី ដើម្បីសង់ផ្ទះក៏មាននាំឱ្យមានផលលំបាកដល់គ្រួសារទៅថ្ងៃមុខដូចគ្នា។ សាស្ត្រាចារ្យសេដ្ឋកិច្ចរូបនេះ ប្រាប់ទៀតថា ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមានមួយចំនួន តែងជ្រើសរើសខ្ចីលុយពីធនាគារសង់ផ្ទះ ដោយអាងមុខរបរស្រែចម្ការ ឬកូនធ្វើការរោងចក្រ ក្នុងការទូទាត់សងធនាគារ។
នេះមិនមែនជាជម្រើសល្អនោះទេ មិនខុសអីពីខ្ចីលុយទិញទ្រព្យសម្បត្តិឡើយ គឺលុយត្រូវកប់ចោលគ្មានចលនា ចំណែកប្រាក់ចំណូលដែលរកបានមិនថេរ មិនមានបង្គោលគ្រួសារធានារ៉ាប់រង។ ដូច្នេះចំណុចនេះត្រូវពិចារណាឱ្យវែងឆ្ងាយ ព្រោះអាចធ្វើឱ្យជីវភាពគ្រួសារមានបញ្ហា។
៣. លុយខ្ចីដើម្បីយកចងការប្រាក់៖ បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនចូលចិត្ត រកស៊ីចងការប្រាក់នៅតាមភូមិស្រុក ដោយខ្ចីលុយពីធនាគារ។ ការខ្ចីលុយ ដើម្បីរកស៊ីមុខរបរនេះ គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត ដោយសារការចងការប្រាក់នោះ ពុំមានលិខិតលាយលក្ខអក្សរច្បាស់លាស់ គ្មានអាជ្ញាធរដឹងឭ។ ដូច្នេះហើយ មិនអាចធានា ១០០% ថាគេនឹងសងត្រឡប់នោះទេ ហើយនៅពេលមានបញ្ហាក៏ពិបាកឱ្យអាជ្ញាធរដោះស្រាយដែរ។
៤. ខ្ចីលុយបន្ទាន់ភ្លាមៗ៖ កម្ចីប្រភេទនេះ ភាគច្រើនតែងបង្កផលលំបាកទៅថ្ងៃក្រោយដូចគ្នា គឺខ្ចីលុយពីធនាគារ ដោយសារមានការចាំបាច់បន្ទាន់ដូចជា រៀបការឱ្យកូន យកទៅទិញដី ជាដើម។ ការខ្ចីបន្ទាន់ដោយមិនបានគិតវែងឆ្ងាយ មើលឃើញតែអ្វីកំពុងកើតឡើងចំពោះមុខគឺនាំមានផលលំបាកខ្លាំង ពោលគឺ ការរកលុយសងត្រឡប់នេះហើយ។
៥. ខ្ចីលុយទូទាត់បំណុលចាស់៖ កម្ចីប្រភេទនេះកម្រមាន តែនៅតែអាចកើតឡើងនៅពេលមនុស្សមួយចំនួន ដើរដល់ផ្លូវទាល់។ កម្ចីនេះនឹងធ្វើឱ្យបំណុលកាន់តែកើនឡើងទ្វេរដង រហូតអាចឈានដល់ការដាក់ប្លង់ផ្ទះបញ្ចាំ ឬលក់ផ្ទះដើម្បីសងបំណុលទៀតផង។ ដូច្នេះហើយមិនគួរយកជម្រើសនេះដាច់ខាត ព្រោះនឹងនាំកាន់តែមានសំពាធកាន់តែខ្លាំងឡើង៕
ប្រភព៖cambpos