សុំសរសើរទឹកចិត្តគាត់មែន!! ជួយជម្រើសជាតិកម្ពុជាមិនយកលុយហើយ ឆ្លៀតទៅវិនិយោគជួយកសិករខ្មែរទៀត
កីឡាករបាល់ទាត់អាជីពល្បីឈ្មោះរបស់ប្រទេសជប៉ុន គឺលោក កេស៊ូកិ ហុងដា (Keisuke Honda) ដែលជាគ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជាផងដែរនោះ បានជំរុញ លើកទឹកចិត្តដល់កសិករកម្ពុជា ក្នុងការប្រកបរបរកសិកម្ម ដោយបានផ្ដល់ពានរង្វាន់លើកទឹកចិត្តដល់ កសិករដែលស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន អេហ្គ្រីបាឌី (Agribuddy)។
លោក កេស៊ូកិ ហុងដា គឺជាវិនិយោគិនមួយរូប ហើយក៏ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន អេហ្គ្រីបាឌី ដែលជាក្រុមហ៊ុនជប៉ុន ធ្វើប្រតិបត្តិការក្នុងបំណងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងកម្រិតជីវភាពរស់នៅរបស់កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា និងឥណ្ឌា ។
បច្ចុប្បន្ន អេហ្គ្រីបាឌី ស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួនពីរ ដែលទទួលបានការវិនិយោគច្រើនជាង គេបំផុតពីមូលនិធិអ្នកវិនិយោគ KSK ដែលជាមូលនិធិវិនិយោគមួយ បង្កើតឡើងដោយ លោក កេស៊ូកិ ហុងដា ផ្ទាល់។
នៅក្នុងដំណើរទស្សនកិច្ច នៅឯការិយាល័យក្រុមហ៊ុនអេហ្គ្រីបាឌី ប្រចាំប្រទេសកម្ពុជា លោក កេស៊ូកិ ហុងដា បានផ្ដល់ពានរង្វាន់ដល់កសិករឆ្នើម និងសហគ្រិន(បាឌី)ឆ្នើម ក្រោមគម្រោង អេហ្គ្រីបាឌី ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងបណ្ដាខេត្តចំនួន ៧ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀម រាប និងកំពង់ធំ ដោយផ្ដោតលើដំណាំស្រូវ ពោត និង ដំឡូងមី។
លោក ស៊ិន សេរីវុឌ្ឍ ដែលជាកសិករឆ្នើមមួយរូប បាននិយាយថា៖ “ខ្ញុំពិតជាត្រេកអរណាស់ ដែលត្រូវបានជ្រើសរើសជាកសិករឆ្នើមនៅក្នុងគម្រោង អេហ្គ្រីបាឌី ហើយទន្ទឹមនឹងនេះ ក៏ជួយផ្ដល់ជាកម្លាំងចិត្តឱ្យខ្ញុំប្រឹងប្រែងធ្វើកសិកម្មបន្តទៅទៀត”។
ចំណែកឯ លោក អួង នូច ដែលជាសហគ្រិន (បាឌី) វិញ បាននិយាយថា៖ “ការដែលលោក ទទួលបានការទទួលស្គាល់ដូច្នេះ ក៏ដោយសារ តែបានចូលរួមជាមួយនឹងគម្រោងរបស់ក្រុមហ៊ុន អេហ្គ្រីបាឌី ដែលបានផ្ដល់ជាការណែនាំផ្នែកបច្ចេកទេស ក៏ដូចជា សម្របសម្រួលទុនដើម្បីឱ្យ ខ្លួនគាត់ និងកសិករ នៅក្នុងក្រុមរបស់គាត់ មានលទ្ធភាពយកទៅប្រើប្រាស់ក្នុងការប្រកបរបរ កសិកម្មនេះ”។
លោក កេស៊ូកិ ហុងដា ជាជនគំរូម្នាក់ មិនថា ក្នុងនាមជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឥស្សរជនដែលចួលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ និងជាសហគ្រិន ក៏ដូចជាអ្នកបោះទុនវិនិយោគក្នុងអាជីវកម្មបង្កើតថ្មីៗផងដែរ។ ទន្ទឹមនឹងនេះ លោក កេស៊ូកិ បានបង្កើតសាលាហ្វឹកហាត់បាល់ទាត់ចំនួន ៨០កន្លែង ទូទាំង សកលលោក ហើយក៏ជាអ្នកវិនិយោគដ៏មានឥទ្ធិពលម្នាក់នៅក្នុងវិស័យអាជីវកម្មបង្កើតថ្មីៗផងដែរ។
សូមជម្រាបថា អេហ្គ្រីបាឌី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មមួយ ដែលគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ បានធ្វើការងារជាមួយនឹងកសិកររាប់ពាន់នាក់ ដោយបានសម្របសម្រួលទុនដល់កសិករដែលត្រូវការទុនសម្រាប់ការងារផលិតកម្មកសិកម្ម និងសម្របសម្រួលទីផ្សារសម្រាប់កសិផលរបស់ពួកគាត់ តាមរយៈការសហការជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ និងអ្នកទិញកសិផល នានា៕
ប្រភព៖ ហ្វេសប៊ុក Town News