ខ្លាំងមែន!! សម្ងំរស់ក្រោមស្ពានជាង១០ឆ្នាំរៀនបំបែកលេខឆ្នោតដើម្បីក្លាយជាសេដ្ឋី តែចុងក្រោយ…
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បុរសម្នាក់បានសង្ងំរស់នៅក្រោមស្ពាន នៃទីក្រុង Chongqing ប្រទេសចិន ដោយជឿជាក់ថា នឹងអាច បំបែកលេខឆ្នោត ហើយក្លាយជាមហាសេដ្ឋី។លោក Wang Chengzhou អាយុ ៤៩ ឆ្នាំ បានរស់នៅក្រោមស្ពានឆ្លងកាត់ទន្លេ Yangtze អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ជាធម្មតា នៅពេលព្រលឹមចាប់ពីម៉ោង ២ ដល់ ៥ ព្រឹក លោក Wang តែងធ្វើការយ៉ាងហ្មត់ចត់នៅលើតុរបស់ខ្លួន ដោយមានកញ្ចប់បារី និងដបស្រាចិន ហើយធ្វើការគណនាដើម្បីដឹងថា តើឆ្នោតនឹងចេញលេខប៉ុន្មាន។
លោក Wang បានប្រាប់កាសែត Chendu Business Daily ថា ខណៈកំពុងផឹកស្រា ស្រាប់តែមានគំនិតមួយថា លេខកូដឆ្នោតប្រាកដជាអាចបំបែកបាន។ ហើយឥឡូវនេះ លោកបានអះអាងថា ខ្លួនបាន ចេះស្ទាត់ជំនាញ នូវក្បួនដោះស្រាយ ដែលអាចប្រើការបាន និងបានចំណាយលុយប្រហែល ២ ០០០ យន់ (៣០០ ដុល្លារ) ក្នុងមួយខែ សម្រាប់ទិញសន្លឹកឆ្នោតទៀតផង។បុរសរូបនេះបាននិយាយថា តាំងពីលេងឆ្នោតមកលោកមិនបានចាំថាឈ្នះប៉ុន្មាននោះទេ និងបដិសេធមិនឲ្យអ្នកយកព័ត៌មានថតរូបក្បួនគិតលេខ ព្រោះមិនចង់ឲ្យ អាថ៌កំបាំង របស់ខ្លួនត្រូវបានបែកធ្លាយ។
លោក Wang បានបដិសេធដោយពន្យល់ថា លោកនឹងមិនបោះបង់ចោលទេ រហូតដល់ការស្រាវជ្រាវត្រូវបានបញ្ចប់ ហើយបន្ថែមថា មានគម្រោងសរសេរសៀវភៅចំនួន ៤ ក្បាល អំពីវិធីឈ្នះឆ្នោត ដែលលោកជឿថានឹងអាចក្លាយជាអ្នកមាន និងល្បីល្បាញ។ទោះបីជាយ៉ាងណាក៏ដោយ កាសែត Chengdu Business Daily បានសម្ភាសន៍ជាមួយ សាស្ត្រាចារ្យផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យមួយ ដោយលោកបាននិយាយថា វាមិនអាចទៅរួចទេក្នុងការបំបែកលេខឆ្នោត ពីព្រោះលេខឆ្នោតចេញដោយចៃដន្យប៉ុណ្ណោះ៕