ញាក់សាច់!! អ្នកបើកបរយន្តហោះជនជាតិខ្មែរ ទទួលបានប្រាក់ខែរាប់ម៉ឺនដុល្លារឯណោះក្នុងមួយខែៗ
មានខ្មែរយើងមិនច្រើនទេ ដែលចូលបម្រើការងារជាអ្នកបើកបរយន្តហោះ ឬ Pilot នោះ ព្រោះជំនាញនេះទាមទារទាំងសមត្ថភាព និងការចំណាយខ្ពស់ ប៉ុន្តែពេលចូលបម្រើការងារប្រាក់ខែទទួលបានក៏មិនធម្មតាដែរ។
លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកពង្រីកការហោះហើរនៅប្រលានយន្តហោះកម្ពុជាបានឱ្យដឹងថា លោកមិនប្រាកដ ១០០% ពីប្រាក់បៀវត្សអ្នកបើកបរយន្តហោះប៉ុន្មាននោះទេ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវរបស់លោកពី Google និងអាកាសចរស៊ីវិលអន្តរជាតិផ្សេងៗ ដែលបានធ្វើរបាយការណ៍ពីអាកាសយានិក គឺមិនតិចជាង២ម៉ឺនដុល្លារអាមេរិកនោះទេ។ ចំនួននេះបូកបញ្ចូលទាំងប្រាក់ថែមម៉ោងហោះហើរផងដែរ។
លោកបានបន្ថែមថា ព័ត៌មាននេះលោកក៏ធ្លាប់បានលឺពីអាកាសយានិកខ្មែរម្នាក់ ដែលបានមានប្រសាសន៍កាលពីឆ្នាំមុនគឺ ទាំងប្រាក់ខែគោលបូកប្រាក់ថែមម៉ោងទៀតគឺរង្វង់២ម៉ឺនដុល្លារ។ ម៉ោងការងារហោះហើររបស់អ្នកបើកបរយន្តហោះម្នាក់ៗ ត្រូវបានកំណត់ដោយក្រុមហ៊ុនផ្ទាល់ ហើយមួយខែយ៉ាងហោចធ្វើការងារ ១៥ថ្ងៃ។
“ខ្ញុំឧទាហរណ៍ថា ថ្ងៃហ្នឹងគេកំណត់ឱ្យអ្នកបើកបរហោះត្រឹម៨ម៉ោង ទោះបីថាយើងចង់ថែមទៀតក៏គេអត់ឱ្យដែរ គឺគេតម្រូវឱ្យគាត់សម្រាកសិន ហើយ ១២ម៉ោងក្រោយទៀតទើបគេឱ្យគាត់ហោះបន្តទៀត ដោយសារសំខាន់ជាងគេទាក់ទងនឹងសុវត្ថិភាពដូចគ្នានឹងអ្នកបើកបរឡានអញ្ចឹង មិនអាចទៅដល់កោះកុងហើយត្រលប់មកវិញភ្លាមនោះទេ យ៉ាងហោចណាស់ត្រូវសម្រាកមួយយប់ដែរ។ ដូច្នេះសុវត្ថិភាព គឺជារឿងសំខាន់បំផុតគេមានស្តង់ដារគេមួយ គឺត្រូវតែសម្រាក”។
បច្ចុប្បន្ននេះអ្នកបើកយន្តហោះជាជនជាតិខ្មែរ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនអាកាសចរជាតិ និងអន្តរជាតិមានមិនលើសពី ២០នាក់នោះទេ។ នេះបើតាមលោក ពេជ្រ សុប៉ុនតារា។ “ខ្ញុំមិនប្រាកដយ៉ាងណាទេ ប៉ុន្តែខ្ញុំគិតថាមិនលើសពី ២០ នាក់ទេ ហើយថ្មីៗនេះ ឃើញអ្នកបើកបរវ័យក្មេងមានស្រីផង មានប្រុសផង”។
លោក ពេជ្រ សុប៉ុនតារា ឱ្យដឹងទៀតថា ខណៈចំនួនខ្សែហោះក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ បច្ចុប្បន្ននេះអ្នកបើកយន្តហោះជនជាតិខ្មែរកាន់តែច្រើនងាកមកបើកបរយន្តហោះឱ្យក្រុមហ៊ុនក្នុងស្រុក។ ប៉ុន្តែការដែរ មកបម្រើការងារឱ្យក្រុមហ៊ុនក្នុងស្រុកស្តង់ដារប្រាក់ខែក៏មិនខុសគ្នាប៉ុន្មានដែរ តែអាចខុសគ្នាតិចតួចត្រង់ប្រាក់ថែមម៉ោង។ កាលណាបើកយន្តហោះប្រភេទធំជាងប្រាក់ថែមម៉ោងបានច្រើនជាង៕ប្រភព៖ news.sabay