គំនិតកែច្នៃល្អ!! ស្ពានភ្ជាប់និស្ស័យបារាយណ៌មេបុណ្យ ក្បែរប្រាសាទបន្ទាយឆ្មារ…(មានវីដេអូ)
បន្ទាយមានជ័យ ៖ «ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ» ជាឈ្មោះស្ពានឈើប្រវែង ៨០០ម៉ែត្រ ទទឹង ១ក្បៀស៥ ម៉ែត្រ សាងសង់ចូលទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារកើតឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែសីហា ហើយ ស្ពានឈើនេះបានចំណាយពេលសាងសង់ពី២ខែ ចំណាយទឹកប្រាក់ សម្ភារ និងកម្លាំងយ៉ាងច្រើនដោយជាងជិត១០នាក់ ប្រើពេលជិត៣ខែ ជាអំណោយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ។
ចំពោះមូលហេតុប្រសិទ្ធនាមឈ្មោះ «ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ» ទី១ រំលឹកដល់បេតិកភណ្ឌប្រាសាទមេបុណ្យ កសាងនៅចុងសវទី១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់ឧទ្ទិសថ្វាយដល់ព្រះវរៈរាជមាតារបស់ព្រះអង្គ។ ទី២ ដើម្បីរំលឹកអនុស្សាវរីយ៍ និងភ្ជាប់និស្ស័យជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ដល់ស្រះទឹកយក្សធំៗកាលពីឆ្នាំ២០១៥ និងទទួលវត្តមាន របស់សម្តេចនាយករដ្ឋមន្ត្រីចំនួន២លើក ។
ទី៣ គឺភ្ជាប់និស្ស័យជាមួយឯកឧត្ដម កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលបានដឹកនាំ និងជួយស្តារនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងពិសេសនៅឃុំបន្ទាយឆ្មារស្រុកថ្មពួកនេះ។
ស្ពានឈើនេះ ត្រូវបានសាងសង់ពីឈើក្រាក់ចម្រុះរួមមាន គគីរ កកោះ ឈើក្រំ ត្រាច ទ្រាស ផ្ចឹក រាំង ជាដើម ហើយគ្រាន់តែថ្ងៃដំបូង ដែលស្ពានឈើថ្មើរដ៏វែងនេះសម្ពោធដាក់អោយប្រើប្រាស់ ក៏មានភ្ញៀវទេសចរ ពីគ្រប់ទិស មកទស្សនា ធ្វើដំណើរថ្មើរជើង ស្រូបខ្យល់អាកាសបរិសុទ្ធ និងចូលទៅគោរពសក្ការៈនៅប្រាសាទមេបុណ្យ។