សូមជួយគំាទ្រ!! ដំឡូងបារាំងដំាដោយកូនខ្មែរនៅ ខេត្តមណ្ឌលគិរីដាំបានជោគជ័យហើយ

មើមដំឡូង​បារាំង​ត្រូវបាន​គេ​នាំចូល​ពី​ក្រៅប្រទេស​មក​លក់​លើ​ទីផ្សារ​កម្ពុជា​ជា​រៀងរាល់​ថ្ងៃនោះ កសិករ​ខ្មែរ​ម្នាក់​បាន​សាកល្បង​ដាំ​ដើម​ដំឡូងបារាំង​យក​មើម​នៅក្នុង​កសិដ្ឋាន​របស់ខ្លួន​ជា​លើកដំបូង និង​ទទួលបាន​ជោគជ័យ​ខ្លាំង​លើសពី​ការរំពឹងទុក​ទៀតផង។

កសិករ​ម្នាក់​នោះ​ឈ្មោះ គ្រី ម៉េង​ឈាង បាន​ដាំ​ដើម​ដំឡូងបារាំង​នៅក្នុង​ភូមិ​ចំការ​តែ សង្កាត់​មានជ័យ ស្រុក​ពេជ្រ​ចិន្តា ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍​ឱ្យដឹងថា ដោយមាន​ការគាំទ្រ​ពី​មន្ទីរកសិកម្ម​ខេត្ត លោក​បានសម្រេច​ដាំ​ដើម​ដំឡូងបារាំង​នោះ​នៅលើ​ផ្ទៃដី​ដែលមាន​ទំហំ​ទទឹង 15ម៉ែត្រ​និង​បណ្តោយ 15ម៉ែត្រ ដើម្បី​ធ្វើការ​សាកល្បង​ជា​លើកដំបូង លុះ​ក្រោយពេល​ដាំ​ហើយ ឃើញថា បាន​ទទួលផល​យ៉ាង​ល្អប្រសើរ។

កសិករ​ខាងលើ​បន្តថា កាលពីពេល​កន្លងមក មន្ទីរ​កសិកម្ម​បានផ្តល់​ជូន​ពូជ​ដំឡូងបារាំង​មកឱ្យ​ដាំ​នៅ​លើដី​ក្បែរ​ផ្ទះ​ប្រមាណ​ជា 10រង ហើយ​គ្រាន់តែ​អនុវត្តតាម​បច្ចេកទេស​ដាំ​ដុះ​របស់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​ដែល​បាន​ផ្តល់ឱ្យ​ត្រឹមតែ​រយៈពេល 3ខែ​ប៉ុណ្ណោះ ដំឡូងបារាំង​ក៏​ផ្ដល់​ផល​ឱ្យ​អាច​ដកយក​មើម​ទៅ​លក់បាន ដោយមាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​ទៀតផង។

សម្រាប់​បច្ចេកទេស​ដាំ​ដុះ មិន​លំបាក​នោះទេ ដំបូង​ឡើយ​គេ​គ្រាន់តែ​ភ្ជួរ​ដី​ហាល​ចោល​ឱ្យ​ស្ងួត ចំនួន​ពីរលើក ដើម្បី​សម្លាប់​ស្មៅ និង​សម្លាប់​មេរោគ​ចង្រៃ​ដែលមាន​នៅក្នុង​ដី រួចហើយ​គេ​ចាប់ផ្តើម​លើក​ជា​រង​ដែលមាន​កម្ពស់​ចន្លោះ​ពី 2ទៅ 3តឹក និង​ទទឹង 1ម៉ែត្រ រួចហើយ​គេ​យក​ជីធម្មជាតិ​ដូចជា​លាមក​សត្វ ឬ​ជីកំប៉ុស​ទៅ​រោយ​ពីលើ បន្ទាប់មក​ទើប​យក​មើម​ដំបូង​បារាំង​ដែល​ទុក​ធ្វើ​ពូជ​នោះ​ទៅ​ដាក់​ដាំ​នៅលើ​ថ្នាល​ដែលមាន​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ចន្លោះ​ពី3 ឬ4តឹក។

លុះ​ពេល​ដាំ​រួច គេ​គ្រាន់តែ​ស្រោច​ទឹក​ក្នុង​មួយថ្ងៃ​ពី1ដង ទៅ2ដង​តាម​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់ និង​ថែទាំ​ស្មៅ​កុំឱ្យ​ដុះ​ខ្លាំង តែ​ប៉ុណ្ណឹង​ដំឡូងបារាំង​នឹង​លូតលាស់​បានល្អ រហូតដល់​ដើម​ដំឡូង​មាន​កម្ពស់​បាន​ប្រហែលជា 3តឹក គេ​ត្រូវ​ជ្រំដី ពូន​គុម្ព​បង្ការ​ក្រែង​ខ្យល់​បក់​ខ្លាំង​នាំឱ្យ​រលើង​ដើម​ជាការ​ស្រេច។

លោក​ថា គ្រាន់តែ​ថែទាំ ស្រោច​ទឹក បោចស្មៅ​ប្រមាណ​ជា 3ខែ​ប៉ុណ្ណោះ ដំឡូងបារាំង​នឹង​ហុច​ផល​ឱ្យ​អាច​ដកយក​មើម​លក់បាន​ទៅហើយ។ គ្រាន់តែ​ក្នុង​ទំហំ​ដី​ប្រវែង1ម៉ែត្រ 4ជ្រុង ដំឡូងបារាំង​អាច​ផ្តល់​មើម​បាន​ដល់7 ទៅ10គីឡូក្រាម និង​លក់បាន​ក្នុងតម្លៃ​បោះ​ដុំ​មួយ​គីឡូក្រាម​ថ្លៃ6,000រៀល​ដែរ។

លោក អុ​ី​ង ឱ​រ៉ុ​ម ម្ចាស់​ហាង​ស្រុកស្រែ​ដែល​លក់​បន្លែ​ធម្មជាតិ​នៅ​ខាងលិច​ផ្សារ​ចំការ​ដូង​មានប្រសាសន៍ថា ដើម្បី​លើកទឹកចិត្ត​កសិករ និង​ចូលរួម​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា លោក​បានទទួល​ទិញ​ដំឡូងបារាំង​ខាងលើ​ដើម្បី​យកមក​លក់​បន្ត​នៅក្នុង​ផ្សារ​ខាងលើ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​ទៀតផង។ លោក​ថា អ្វីដែល​ធ្វើឱ្យ​លោក​សម្រេចចិត្ត​បើកហាង​លក់​បន្លែ​ធម្មជាតិ ឬ​បន្លែ​សុវត្ថិភាព​នេះ គឺ​ដោយសារ​កន្លងមក​លោក គឺជា​និស្សិត​ផ្នែក​កសិកម្ម​នៅ​សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ពេល​ចុះ​ធ្វើ​កម្មសិក្សា​ទៅដល់​មូលដ្ឋាន ឮ​តែ​កសិករ​រអ៊ូរទាំ​ថា កង្វះ​ទីផ្សារ បន្លែ​ដាំ​បាន​ហើយ​គ្មាន​ឈ្មួញ​ចុះទៅ​ទិញ ពេលខ្លះ​ទុក​ស្អុយ​ចោល​ក៏មាន។

ងាក​មក​ប្រជាជន​នៅ​ក្រុងភ្នំពេញ​វិញ បែរជា​រអ៊ូរទាំ​ថា រក​បន្លែ​ធម្មជាតិ​ទទួលទាន​មិនបាន ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​បើកហាង​លក់​បន្លែ​នេះ​ឡើង​ដើម្បី​ផ្សារភ្ជាប់​ទីផ្សារ​កសិកម្ម​ជនបទ ជាមួយ​ប្រជាជន​ដែល​រស់ក្នុង​ទីក្រុង​ភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *