អំបូរ​មនុស្ស​មួយ​ពួក​ឈ្មោះ “​អាន់​កូ​ឡេ​” សុទ្ធតែ​ចេះ​ហោះ​ហើយ​ប្រើ​កម្លាំងចិត្ត​លើក​ដុំថ្ម​ទម្ងន់ ២ ៨០០ ផោន​បាន​យ៉ាង​ស្រួល​!

លោក​វេជ្ជបណ្ឌិត នី​កេល ហេ​ត​មេន ជា​អ្នក​មនុស្សសាស្ដ្រ​ជនជាតិ​អង់គ្លេស គឺជា​អ្នកមាន​ភ័ព្វសំណាង​ដោយ​ចៃដន្យ​ក្នុងខណៈពេល​លោក​ចូលទៅ​បោះជំរំ​ស្នាក់នៅ​ព្រៃ​មួយនា​ភាគ​ខាងជើង​ប្រទេស​កុង​ហ្គោ ។ នៅក្នុង​ថ្ងៃទី​៣​រួមជាមួយ​ក្រុម​ស្រាវជ្រាវ​របស់លោក​១០​នាក់​ទៀត នា​ល្ងាច​ថ្ងៃមួយ​ក្នុងខណៈពេល​កំពុងធ្វើដំណើ​រ​ពិនិត្យ​ស្រាវជ្រាវ​នៅក្បែរ​ជំរំ​នោះ ពួកគេ​បាន​ប្រទះឃើញ​សត្វ​ប្រើស​ពណ៌​មាន​មួយ​កំពុង​ដើរ​ច្បិច​ស៊ី​ស្មៅ ទើប​នាំ​ឲ្យ​លោក​លបលួច​ដើរ​តាម​ជារឿយៗ​។

សត្វ​ប្រើស​ពណ៌​មាស​ចេះតែ​ដើរ​ស៊ី​ទៅមុខ រហូត​នាំ​លោក​វេជ្ជបណ្ឌិត​ចូលទៅ​ដល់​ជ្រលង​ភ្នំ​មួយ រួច​ចុះ​ឆ្លងកាត់​អូរ​សសៀរៗ​តាម​តម្រង់​ទៅកាន់​ជញ្ជាំង​ភ្នំ​ដ៏​ចោទ​មាន​កំពស់​ប្រហែលជា​១០​ម៉ែត្រ និង​មាន​រូង​ល្អាង​មួយ​អាច​មុជ​ចូលទៅ​រួច​។​

នៅពេល​លោក​វេជ្ជបណ្ឌិត​មុជ​ចូល​ទៅតាម​ក្រោយ​សត្វ​ប្រើស​តាម​រូង​ល្អាង​ធ្លាយ​ទៅដល់​ម្ខាង​ទៀត​នោះ ស្រាប់តែ​លោក​ភ្ញាក់​ព្រើត​បើកភ្នែក​ធំៗ​ព្រោះ​នៅ​ចំ​ពីមុខ​លោក គឺជា​ពិភពលោក​ថ្មី​មួយ​បង្កប់​នៅក្នុង​ជ្រលង​ភ្នំ​អាថ៌កំបាំង ដែលជា​ទីតាំង​របស់​ម​នុស្ស​អំបូរ​”​អាន់​កូ​ឡេ​”​ដែល​តាម​តំណាល​ល្បី​ថា ក្រៅពី​អាច​ហោះហើរ​បាន​ហើយ​នោះ អាច​ប្រើ​កម្លាំងចិត្ត​លើក​ដុំថ្ម​ទំងន់​២.៨០០​ផោន បាន​ដោយ​ងាយ​ទៀតផង​។​

លោក​វេជ្ជបណ្ឌិត នី​កេល ត្រូវបាន​ជន​អំបូរ​អាថ៌កំបាំង​អាន់​កូ​ឡេ ស្វាគមន៍​រាក់ទាក់​យ៉ាង​ល្អប្រសើរ ព្រោះ​ពួកគេ​ចាត់ទុកថា សត្វ​ប្រើស​ពណ៌​មាស ជា​ទូត​ដ៏​វិសេសវិសាល​ប្រចាំ​អំបូរ​គេ​។ លោក​វេជ្ជបណ្ឌិត​បាន​ចំណាយពេល​៦​ស​ប្ដា​ណ៍​ដើម្បី​ប្រមូលយក​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​នឹង​អំ​ណា​ង​ថាមពល​ពិសេស​របស់​អំបូរ​ជន​មួយ​នេះ​។ មនុស្ស​អាន់​កូ​ឡេ មាន​មាន​កម្ពស់​ជាង​១​ម៉ែត្រ​កន្លះ​ដែលមាន​ជើងវែងៗ សម្បុរ​ខ្មៅ និង​ការតុបតែង​របស់គេ​ស្រដៀង​អ្នក​ចម្បាំង​អំបូរ​ម៉ា​ឆៃ ក្នុងប្រទេស​អេ​ត្យូ​ពី​។​

លោក នី​កេល បាន​លួច​ប្រើ​កាមេរ៉ា​ឌីជីថល​ខ្នាតតូច​មួយ​ថតរូប​ភាព​ក្នុងខណៈពេល​អ្នក​ចម្បាំង​អាន់​កូ​ឡេ ធ្វើការ​ហ្វឹកហាត់​យុទ្ធវិធី​ធ្វើ​ចម្បាំង​នៅ​ទីលាន​មុខ​ភូមិ​។ អ្វីដែល​ធ្វើ​ឲ្យ​លោក​ស្ទើរតែ​មិន​ជឿ​នឹង​កែវភ្នែក​របស់​ខ្លួនឯង​ទៀត​នោះ គឺ​ពួក​ស្រីៗ​អំបីរ​អាន់​កូ​ឡេ​នេះ នៅពេល​ពួកនាង​ទៅ​ដងទឹក​ពី​អូរ​មក​ទុក​ប្រើប្រាស់​នៅក្នុង​ភូមិ​នោះ ទោះបីជា​ឆ្នាំង​ក្អម​របស់​ពួកនាង​មាន​សណ្ឋាន​ជា​ក្អម​មាន​ត្រចៀក​យួរ​ទាំងសងខាង​ក្ដិ ក៏​ពួកនាង​ពុំបាន​ប្រើ​ពិធី​យួរ ឬ​កន្ដៀត​នោះទេ គឺ​ពួកនាង​ប្រើ​វិធី​ទូល​នៅលើ​ក្បាល​ដោយ​ប្រើ​ថាមពល​អំណាច​ឲ្យ​ក្អម​ទឹក​អណ្ដែត​ផុតពី​លើ​ក្បាល​ប្រមាណ​ជាជាង​២​តឹក​។​

ការប្រមូល​ទិន្នន័យ​ក្នុង​រឿង​អាថ៌កំបាំង​នេះ បាន​រកឃើញ​ទៀតថា អំណាច​ថាមពល​វិសេស​នៃ​កម្លាំងចិត្ត​ដ៍​រឹងមាំ​របស់​អំបូរ​អាន់​កូ​ឡេ​នេះ គឺមាន​ពី​កំណើត​យូរលង់​មកហើយ ហើយ​ចម្លង​ទៅកាន់​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​ក្មេងៗ​ដែល​ទើបនឹង​កើត​ក៏មាន​ថាមពល​ចិត្ត​រឹងមាំ​ដូចគ្នា​ទាំងអស់​អីចឹង​ដែរ​។ ក៏ប៉ុន្ដែ​មាន​ចំណុច​មួយ គឺ​ក្មេងៗ​មិនអាច​ប្រើ​កម្លាំងចិត្ត​ដោយ​ខ្លួនឯងបាន​នោះទេ ប្រសិនបើ​គ្មាន​ចាស់ព្រឹទ្ធាចារ្យ​ជួយ​បង្ហាត់បង្រៀន​ទេនោះ​។ សម្រាប់​ក្មេង​ដែល​ទទួលបាន​ការហ្វឹកហាត់​ពី​វិធី​ប្រើ​ថាមពល​កំលាំងចិត្ត​នោះ ពួកគេ​អាច​ប្រើ​ថាមពល​ចិត្ត​នេះ​ឲ្យ​លើក​របស់​ដែលមាន​ទម្ងន់​ធ្ងន់​ជាង​ខ្លួនគេ​ច្រើនដង​រួច​ទៀតផង​។​

លោក​វេជ្ជបណ្ឌិត នី​កេល បាន​រកឃើញ​ទៀតថា​គោ​ការ​នៃ​ការប្រើ​ថាមពល​ចិត្ត​របស់​ជន​អំបូរ​អាន់​កូ​ឡេ​នេះ​គេ​ប្រើតែ​ក្នុង​គោលដៅ​បង្កើត​សន្ដិភាព ដោយមាន​បទ​ហាមប្រាម​ជាដាច់ខាត​មិន​ឲ្យ​ប្រើ​ថាមពល​មួយ​នេះ​ធ្វើសង្គ្រាម ឬ​ធ្វើបាប​អ្នកដទៃ​ទេ​។ សម្រាប់​ក្មេងៗ​ប្រុស​វិញ​នាំគ្នា​ប្រើ​ថាមពល​ចិត្ត​នេះ​លេង​យ៉ាង​សប្បាយរីករាយ ដូចជា​បញ្ជា​ឲ្យ​កំណាត់ឈើ​វាយ​ប្រយុទ្ធ​គ្នា​។ រីឯ​ក្មេងស្រីៗ​វិញ នៅពេល​ពួកគេ​ធ្វើ​ឲ្យ​រូប​តុក្កតា​ស្មៅ​ជ្រុះ​ធ្លាក់​ទៅក្នុង​អូរ​នោះ ពួកគេ​មិនបាច់​ប្រ​ឈើ​ឆ្កឹះ​យក​នោះទេ គឺ​គេ​ប្រើ​ថាមពល​ចិត្ត​ស្រូប​ទាញយក​របស់​នោះ​ឲ្យ​អណ្ដែត​មករក​ពួកគេ​ដោយ​ឯងៗ​តែម្ដង​។​

ការហោះ​បណ្ដែត​ខ្លួន​របស់​អំបូរ​អាន់​កូ​ឡេ​នេះ មានកំ​រិត​មិន​ស្មើគ្នា​នោះទេ ចំណុច​នេះ​អាច​និយាយបានថា ស្ថិតនៅលើ​ការហ្វឹកហាត់ ដោយ​ភាពរឹងមាំ​នៃ​ថាមពល​ចិត្ត អ្នកខ្លះ​អាច​ហោះ​បណ្ដែត​ខ្លួន​បានត្រឹមតែ​ពី​១០-២០​ស​.​ម​តែប៉ុណ្ណោះ​។ ក៏ប៉ុន្ដែ​អ្នកខ្លះ​អាច​ហោះ​បណ្ដែត​ខ្លួន​បាន​ខ្ពស់​រហូតដល់​ទៅ​៦​ម៉ែត្រ ព្រមទាំង​អាច​បញ្ជា​ឲ្យ​អណ្ដែត​ទៅមុខ ឬ​ថយក្រោយ​បាន​ទៀតផង​។ ការហោះហើរ​របស់​ពួកគេ​មិន​ពូកែ​ដូចជា​សត្វ​ស្លាប​ដែល​អាច​ហោះហើរ​ម្ដងៗ​បាន​ឆ្ងាយ​នោះទេ គឺ​ត្រូវ​ចុះមក​ដី​ប្រមូល​ថាមពល​ចិត្ត​សិន ទើប​អាច​ហោះ​បន្ដទៀត​បាន​។​

​លោក​វេជ្ជបណ្ឌិត នី​កេល បាន​គូសបញ្ជាក់​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្ដាញសារព័ត៌មាន​ក្នុងប្រទេស​អង់គ្លេស​ថា ជន​អំបូរ​អាន់​កូ​ឡេ​នេះ បិទ​ខ្លួនឯង​មិន​ពាក់ព័ន្ធ​ជាមួយ​លោក​ខាងក្រៅ ដោយ​ប្រើ​ខ្សែជីវិត​រស់នៅ​បែប​ស្ងៀមស្ងប់​គ្មាន​ការឈ្លោះប្រកែក​គ្នា តែ​ប្រសិនបើ​កើតមាន​វិញ​នោះ​នឹង​ត្រូវបាន​កាត់ទោស​ភ្លាមៗ​។​ការដាក់ទោស​របស់​ពួកគេ​ក៏មាន​លក្ខណៈ​ប្លែក ព្រោះ​អ្នក​ទទួលទោស​ត្រូវ​ចូលទៅ​អង្គុយ​សមាធិ​នៅក្នុង​ល្អាង​ធំ​មួយ​បំ​ផ្លឺ​ដោយ​ភ្លើង​គប់​។

នៅ​ទីនោះ​មាន​ដុំ​មាស​ដ៍​ធំ​មួយ​តម្កល់​ធ្វើជា​ទីសក្ការៈ ដែល​នៅ​ពីលើ​នោះ​មាន​រមូ​គម្ពីរ​ស្បែក​សត្វ​មួយ​ដុំ​ផងដែរ​។ លោក នី​កេល បាន​បន្ដទៀតថា រមូ​គម្ពីរ​ស្បែក​សត្វ​នោះ គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ​និង​ជា​ព្រះធម៌​ប្រៀនប្រដៅ​អំបូរ ព្រមទាំង​ជា​ថាមពល​អំណាច ដែល​អំបូរ​អាន់​កូ​ឡេ បានទទួល​នោះឯង​។​

​កាល​ពីមុនមក​ប្រហែល​ជាដើម​សតវត្ស​ទី​១៦ កងទ័ពជើងទឹក​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ធ្លាប់បាន​វាយលុក​អាហ្វ្រិក​ក្ដោប​យក​ប្រទេស​កុង​ហ្គោ ក្នុង​គោលបំណង​ចាប់​”​ជន​អំបូរ​ទេវតា​” ឬ​អំបូរ​អាន់​កូ​ឡេ ទៅធ្វើជា​ខ្ញុំកញ្ជះ ព្រោះ​មនុស្ស​អំបូរ​នេះ​មួយ​នាក់​អាចធ្វើ​ការងារ​បានល្អ​ស្មើនឹង​ខ្ញុំ​មនុស្ស​ធម្មតា​រហូតដល់​ទៅ​១០​នាក់​ឯណោះ​។ ក៏ប៉ុន្ដែ​ពួក​ព័រ​ទុយ​ហ្គា​ល់​មិនអាច​ចាប់បាន​ជន​អំបូរ​នេះ​សូម្បី​តែមួយ​នាក់ ព្រោះ​ពួកគេ​អាច​ហោះហើរ​គេច​ចេញពី​ការ​ប្រមាញ់​បាន​។

លើសពីនោះ​ទៅទៀត ផ្លូវ​ចូល​ភូមិ​របស់​ពួកគេ​មាន​ជញ្ជាំង​ភ្នំ​ចោទ​កំពស់​ដល់​ទៅជិត​៥០​ម៉ែត្រ​ដែល​មិនអាច​នឹង​ប្រតោង​ឡើង​បាន ខណៈដែល​អំបូរ​អាន់​កូ​ឡេ ប្រើ​វិធី​ហោះហើរ​ឡើងទៅ​នោះ​។​

​នៅ​ទី​ចុងបញ្ចប់ លោក​វេជ្ជបណ្ឌិត​នី​កេល បាន​ពោលថា ពួកគេ​មាន​មេត្រីភាព​ចិត្ត​ជាមួយ​មនុស្ស​គ្រប់រូប ឧប្បនិស្ស័យ​អាច​ប្រាប់​បាន​យ៉ាងច្បាស់​ក្រឡែត​ថា ជា​មនុស្ស​ដែល​ស្រលាញ់​ភាព​ស្ងៀមស្ងាត់ មិន​ចូលចិត្ត​អំពើហិង្សា ព្រមទាំង​មាន​ភាព​តឹងតែង​ហ្មត់ចត់​បំផុត​ចំពោះ​សាសនា និង​ពិធី​កម្ម​ផ្សេងៗ​។

លោក​វេជ្ជបណ្ឌិត​បាន​រៀបរាប់​ពី​មូលហេតុ​ដែល​លោក​បាន​រួច​ចេញពី​តំបន់​នោះ​ថា ក្នុងខណៈ​ពេលដែល​ជន​អំបូរ​អាន់​កូ​ឡេ នាំគ្នា​ទៅធ្វើ​ពិធីបួងសួង​គម្ពីរ​ស័ក្ដិសិទ្ធិ​នៅក្នុង​ល្អាង​នោះ លោក​ក៏​លួច​ចេញមក​តាមផ្លូវ​ចាស់​រហូតមកដល់​ក្រៅ​ដោយ​សុវត្ថិភាព​។ ខ្ញុំ​ដឹងថា​ពួកគេ​ដឹងថា ខ្ញុំ​លួច​រត់ចេញ ព្រោះ​ពួកគេ​ធ្លាប់​បានដាក់​អ្នកយាម​ល្បាត​ការពារ​ក្រុម​ជន​មួយ​អំបូរ​ទៀត​ដែល​ព្យាយាម​ឈ្លានពាន​។ ពួកគេ​ពុំមាន​រ៉ា​ដា តែ​ពួកគេ​អាច​ដឹងបាន​មុន​ដោយ​ប្រើ​ថាមពល​ចិត្ត​រយៈ​ឆ្ងាយ​ដើម្បី​តាមដាន​សត្រូវ​។​

​សម្រាប់​ថាមពល​ចិត្ត​រយៈ​ឆ្ងាយ​នេះ​បើតាម​ស័ព្ទ​ហៅថា Telekinesis ដែល​ក្នុងសម័យ​សង្គ្រាមត្រជាក់​រុស្ស៊ី អាមេរិក គេ​នាំគ្នា​ព្យាយាម​រក​មនុស្ស​មាន​ថាមពល​ចិត្ត​ស្វែងរក​មូលដ្ឋានទ័ព​និង​ទីតាំង​របស់​សត្រូវ​។ លោក​វេជ្ជបណ្ឌិត​អះអាង​ជា​ចុងក្រោយ​ថា​”​វា​ជា​ថាមពល​ចិត្ត​ដែល​អាច​ប្រើ​សម្លាប់ ឬ​ធ្វើបាប​មនុស្ស​បាន​”៕

Leave a Reply

Your email address will not be published. Required fields are marked *