សុំសរសើរ!!! សុខចិត្តចំណាយពេល២២ឆ្នាំ ដើម្បីគាស់បំបែកថ្មភ្នំ បន្ទាប់ពីប្រពន្ធបានស្លាប់ដោយសារតែ…
រឿងរ៉ាវជីវិតពិត ដ៏អស្ចារ្យ របស់បុរសឥណ្ឌាម្នាក់ ដែលបានចំណាយពេលវេលា រហូតដល់ទៅ ២២ឆ្នាំ លើការជីកគាស់ និងដាប់បំបែកថ្មភ្នំ ក្រោយពេលប្រពន្ធរបស់គាត់បានស្លាប់ ហើយទីបំផុតខ្សែជីវិតពិតរបស់គាត់ ត្រូវបានក្រុមហ៊ុន Bollywood របស់ឥណ្ឌា ដកស្រង់យកទៅថត ជាខ្សែភាពយន្តខ្នាតធំ ថែមទៀតផង។
លោក Dashrath Manjhi ជាកម្មករម្នាក់ ដែលបានសាងស្នាដៃដ៏អស្ចារ្យ និងកម្រមាននរណាអាចនឹងធ្វើបាន ដូចជារូបគាត់ខ្លាំងណាស់ ដោយការពុះពារយ៉ាងមុតមាំបំផុត កាប់បំបែកថ្មភ្នំ រយៈពេល ២២ឆ្នាំមកនេះ ដើម្បីមានផ្លូវមួយខ្សែសំរាប់ធ្វើដំណើរ។ គួររំលឹកថា ប្រពន្ធរបស់គាត់បានស្លាប់ កាលពីឆ្នាំ ១៩៥៩ ដោយសារ តែមិនអាចបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា ក្រោយពីបានជួបគ្រោះថ្នាក់មួយ។
ដើម្បីធ្វើដំណើរពីភូមិរបស់គាត់ ទៅកាន់ភូមិមួយទៀត អ្នកភូមិត្រូវដើរជុំវិញភ្នំ ចម្ងាយ ៥៥គីឡូម៉ែត្រ។ ដូច្នេះ លោក Manjhi មិនចង់ឲ្យអ្នកភូមិ ជួបជោគវាសនាអាក្រក់ ដូចរូបគាត់ទៀតនោះទេ ទើបគាត់សម្រេចចិត្ត ចំណាយពេល ទាំងយប់ទាំងថ្ងៃ កាប់ជីកភ្នំមួយកន្លែង នៃតំបន់ Gehlour ដោយប្រើតែញញួរ និងដែកដាប់តែប៉ុណ្ណោះ។ ផ្លូវដែលគាត់ខំចំណាយកំលាំង និងពេលវេលា ធ្វើវាឡើងនេះ អាចកាត់បន្ថយចម្ងាយផ្លូវបាន ១៥គីឡូម៉ែត្រ ដោយអាចឆ្លងកាត់ច្រកភ្នំ ដែលជាផ្លូវកាត់លឿនជាងមុន។
ដើម្បីសម្រេចគោលដៅដ៏អស្ចារ្យនេះ លោក Manjhi បានចំណាយពេលអស់ ២២ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៦០ រហូតដល់ ឆ្នាំ១៩៨២ ទើបការងារនេះបានបញ្ចប់។ គួរឲ្យអនិច្ចារ លោក Manjhi បានស្លាប់លាចាកលោក កាលពីឆ្នាំ ២០០៧ ក្នុងអាយុ ៧៣ឆ្នាំ ដោយកើតមានជំងឺ មហារីកថង់ប្រម៉ាត់។
តែយ៉ាងណាមិញ រឿងរ៉ាវនៃជីវិតដ៏អស្ចារ្យរបស់គាត់ ត្រូវបានក្រុមហ៊ុនផលិតភាពយន្ត Bollywood របស់ឥណ្ឌា ដកស្រង់យកទៅថតជាខ្សែភាពយន្ត ដែលមានចំនងជើងថា “Mountain Man” ដែលជាភាពយន្តដ៏រំជួលចិត្ត និង មានការជំរុញទឹកចិត្ត ពុះពារយ៉ាងអស្ចារ្យ ហើយក៏ទើបតែចាប់ផ្តើម ចាក់បញ្ចាំងកាលពីពេលថ្មីៗនេះផងដែរ៕