យល់ដឹងពីប្រវតិ្តសាស្រ្ត! អាថ៌កំបាំងប្រវត្តិសាស្រ្តភ្នំគូលែន កូនខ្មែរភាគតិចណាស់បានដឹង

ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងស្រុកពីរ គឺស្រុកស្វាយលើ និងស្រុកវ៉ារិន ខេត្តសៀមរាប មានចំងាយ ៤២​គម តាមផ្លូវកាត់ និង ៥០គម កាត់តាមផ្លូវសាលដឺហ្គោល វង់តូច វង់ធំ ព្រះដាក់។ឆ្លងតាមឯកសារប្រវត្តិសាស្រ្ត និងបុរាណវត្ថុមួយចំនួនជាភស្តុតាង ភ្នំគូលែនជារាជធានីបុរាណរបស់​ ព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះពឹតប្រាកដជាភាសាសំស្រ្កឹតថាៈ មហេន្រ្ទបវ៌ត (មហេន្រ្ទៈ ព្រះសីវៈ និង បវ៌តៈ ភ្នំ) មានន័យថាជាភ្នំដែលគ្រប់គ្រងដោយព្រះសីវៈ ។

ភ្នំគូលែនជានិម្មិតរូបភ្នំមេរុរាជ ដែលមានទីកំពូលរួមទាំងអស់ ១០៩ ហើយកំពូលដែលខ្ពស់ជាងគេមានឈ្មោះថាៈ កំពូលកៃឡាស ដែលជាទីស្ថានរបស់ព្រះសីវៈ និងព្រះនាងឧមាភវតី។ ម៉្យាងទៀតភ្នំគូលែនជានិម្មិតរូប ភ្នំហិមាល័យ ដែលមានដងទន្លេសក្តិសិទ្ឋិមួយ ផុសចេញពីទីនោះ គឺទន្លេគង្គា។

ឈ្មោះភ្នំគូលែនជាឈ្មោះដែលប្រជាជននៅទីនោះបានមូលមតិគ្នាហៅ ព្រោះតាំងពីបុរាណមកទល់សព្វថ្ងៃ នៅលើខ្នងភ្នំនេះសំបូរដើមគូលែនណាស់។ហេតុអ្វីបានជាព្រះរាជាខ្មែរ សម័យដើមអារ្យធម៌អង្គរកសាងរាជធានីនៅលើភ្នំគូលែន?ព្រឹត្តិការណ៍នោះកើតឡើងនៅ គ.ស ៨០២ ពោលគឺឆ្នាំដែលព្រះបាទជ័យវ័រ្មនទី២ ឡើងគ្រងរាជ មិនត្រឹមតែអ្នកស្រាវជ្រាវសម័យយើងនេះទេ ដែលយល់យ៉ាងនោះ ខ្មែរខ្លួនឯងដែលរស់នៅ ស.វទី៩ ទី១០ និងទី១១ ចងចាំព្រឹត្តិការណ៍នោះក្នុងស្មារតីយ៉ាងខ្ជាប់។

អំឡុងបីស.វនោះមានសិលាចារឹកជាច្រើន ដែលពោលពីការឡើងសោយរាជ្យនៃព្រះបាទជ័យវ័រន្មទី២ ក្នុងន័យថាជាយុគថ្មីមួយ ដែលចាប់បដិសន្ឋិឡើង។​ បើពោលអោយច្បាស់ទៅទៀត គឺខ្មែរបុរាណយល់ថា ចាប់ពីរាជ្យនោះមក អារ្យធ៌មថ្មីចាប់កំណើត ព្រមទាំងរីកចំរើនតរៀងមក។ ដើមហេតុដំបូងទាំងអម្បាលមាណ អាចយកមកសង្ខេបយ៉ាងខ្លីដូចតទៅៈ

សិលាចរិកដែលគេរកឃើញ នៅស្តុកកក់ធំបានអោយដឹងថាៈ នៅចុងស.វទី៨ ព្រះបាទជ័យវ័រ្មនទី២ បានយាងមកបង្រ្កាបការបះបោរ ព្រមទាំងបង្រួបបង្រួមជាតិម្តងបន្តិចៗ នូវក្រុមមនុស្សព្រមទាំងទឹកដីខ្មែរ ដែលបែកខ្ញែកគ្នាជាបក្សពួក ឬនគរតូចៗនៅស.វនោះ។ ក្រោយពីការសំរេចការបង្រួបបង្រួមនោះភ្លាម ព្រះអង្គបានកសាងរាជធានីដំបូងបង្អស់ នៅបន្ទាយព្រៃនគរ ខេត្តកំពង់ចាមមានឈ្មោះថាឥន្រ្ទបុរៈ ដែលមានន័យថា ធានីរបស់ព្រះឥន្រ្ទ។

បន្ទាប់មកទ្រង់បានយាងមកកាន់ខេត្តសៀមរាប ហើយបានកសាងធានីទី២ មានឈ្មោះថា គុទិស្វរៈ មានន័យថាភូមិឋានរបស់ព្រះសីវៈ ដែលមានទីលំនៅត្រង់ប្រាសាទបន្ទាយក្តី។ ធានីទី៣ មានឈ្មោះថា ហរិហរាល័យ មានន័យថា ធានីរបស់ ព្រះហរិ=វិស្ណុ និងហរៈ=សីវះ ស្ថិតនៅត្រង់រលួសសព្វថ្ងៃនេះ។ ធានីទី៤ មានឈ្មោះថា អមរេន្រ្ទបុរៈ មានន័យថាធានីរបស់ព្រះឥន្រ្ទ មានទីតាំងនៅត្រង់ ប្រាសាទអកយំ។ ក្រោយពេលដែលកសាងរាជធានីទាំង៤សព្វគ្រប់ហើយ ព្រះអង្គទ្រង់បញ្ជាអោយកសាង រាជធានីមួយទៀតនៅលើភ្នំគូលែន មានឈ្មោះថា មហេន្ទ្របវ៌ត។

បន្ទាប់មកព្រះបាទជ័យវ័រន្មទី២ ក៏យាងឡើងលើភ្នំគូលែន ដែលក្លាយជារាជធានីនៅពេលនោះ ដើម្បីប្រកាសថា កម្ពុជាលែងចំណុះជ្វាទៀតហើយ។ ការប្រាកាសនេះធ្វើឡើង ក៏អាស្រ័យដោយការរៀបចំពិធីបូជាលិង្គ ពិសេសមួយ ( ព្រាហ្មណ៌ពីរនាក់ដែលបានរៀបំពិធីនេះថ្វាយ ព្រះបាទជ័យវ័រ្មនទី២ គឺព្រាហ្មណ៌រាជគ្រូ សិវកៃល្យ និង ហរិណ្យទាម) ជាប់ជាទំនៀមរហូតមក។

លិង្គនោះមានលក្ខណៈជាវត្ថុពិសិដ្ឋសំរាប់រាជ្យ និងសំរាប់ប្រទេសហើយហៅថា កម្រតេង ជគត តរាជ មានន័យថា ទេពនៃព្រះរាជា រឺលទ្ឋិទេវរាជ។ អំណេះតទៅ ពេលដែលរាជធានី ផ្លាស់ប្តូរទៅទីណា ក៍ត្រូវយកលិង្គនោះទៅតាមរហូត។ ពិធីនេះរៀបចំឡើងនៅក្នុងប្រាសាទ គ្រឹះព្រះរាមរោងចិន ដែលជាប្រាសាទភ្នំ ដំបូងនៅលើភ្នំគូលែន។ ព្រះរាជាចំណេរក្រោយៗមកក៍គោរពបូជា កម្រតេង ជគត តរាជ នោះពុំដាច់។​ ពេលដែលគេគោរពពិធីនៅលើភ្នំគូលែននាឆ្នាំ ៨០២ នោះ គេប្រកាសបន្ថែមទៀតថា អំពីនេះតទៅមុខ កម្ពុជាទាំងមូលមានស្តេចមួយអង្គគត់ ដែលជាស្តេចចក្រពត្តិ។

នៅតំបន់បាភ្នំប៉ែកខាងត្បូងកម្ពុជា គេបានប្រទះឃើញសិលាចារឹកមួយ ដែលនិយាយថា ព្រះបាទជ័យវ័រ្មនទី២ បានបញ្ជាអោយធ្វើពិធី កល្យាណសិទ្ឋិ នៅទីនោះក្នុងគោលបំណងដូចគ្នានិងខាងលើដែរ គឺអោយខ្មែរបានឯករាជ្យផុតពីជ្វា។រីឯប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ នៅជិតក្រុងនគររាជសីមា (ថៃឡងដ៏សព្វថ្ងៃ) គេបានប្រទះឃើញសិលាចារឹកមួយដែលនិយាយទាក់ទងនឹងបញ្ហានេះដែរ។

សិលាចរឹកនោះបានអោយដឹងថា មានពិធីព្រះពុទ្ឋសាសនាមហាយានដែលប្រារព្ឋឡើងនៅលើភ្នំអភ័យគិរី ដោយមានរូបបដិមាព្រះពោធិសត្វ អវលោកកេទិស្វរៈ​ ចំនួន ៩ អង្គជាប្រធាន ដើម្បីបួងសួងអោយកម្ពុជារួចរបូតពីក្រញ៉ាំដៃជ្វា។សិលាចារឹកទាំងបីមានប្រភពផ្សេងៗគ្នានេះ (ស្តុកកក់ធំ បាភ្នំ នគររាជសីមា) គ្រប់គ្រាន់ល្មមអាចខ្មែរកាត់យល់ថា តាមព្រះបញ្ជាផ្ទាល់ រឺក្រោមរាជព្រះបាទជ័យវ័រ្មនទី២ មានយុទ្ឋនាការដ៏ធំធេងមួយ ពាសពេញស្រុកខ្មែរ ដែលជាលក្ខណៈពិធីសាសនា ខ្លះបែបព្រាហ្មណ៌ ខ្លះបែបព្រះពុទ្ឋសាសនា ដើម្បីអោយស្រុកខ្មែរ រំដោះខ្លួនចេញផុតពីការត្រួតត្រារបស់ជ្វា។

ចាប់ពីរាជ្យជ័យវ័រ្មនទី២នេះមក កម្ពុជាប្រមួលផ្តុំមកវិញ ហើយរីកធំទៅៗ ក្រោមរាជ្យអំណាចដ៍ពេញតែមួយគត់។ ឯទីតាំងភ្នំគូលែនវិញ ក៏មិនមែនជ្រើសរើសដោយចៃដន្យដែរ។ ប្រហែលជានៅចុងសតវត្សទី៦ ដើមសតវត្សទី៧ មានកន្លែងសក្ការៈបូជាស្រាប់នៅទីនោះទៅហើយ។ ពីព្រោះនៅលើភ្នំគូលែននេះ មានប្រាសាទព្រហ្មញ្ញសាសនាច្រើនណាស់ ប្រាសាទខ្លះមានលំនាំទាក់ទង និងសិល្បៈសម័យមុនអង្គរ ក្នុងអាណាចក្រចេនឡា រជ្ជកាល ស្តេពីរអង្គ គឺព្រះបាទភវវ័រ្មនទី១ និងព្រះបាទមហេន្ទ្រវ័រ្មន រឺចិត្រសេន។

ប្រវត្តិសាស្រ្តបានបញ្ជាក់ថា ព្រះបាទ ភវវ័រ្មនទី១ បានប្រើគ្រប់មធ្យោបាយធ្វើអោយអាណាចក្រហ្វូណន និងចេនឡាក្លាយទៅជាប្រទេសមួយ ដែលមានឈ្មោះថា កម្ពុជា។ ក្នុងកិច្ចការទាំងអស់នេះ ចិត្រសេនដែលជាព្រះអានុជព្រះអង្គ បានជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ ព្រះបាទភវវ័រ្មនបានកសាងរាជធានីឈ្មោះ ភវបុរៈ នៅត្រង់ម្តុំអំពិលរលំក្នុងខេត្តកំពង់ធំ។ ព្រះអង្គបានកសាងប្រាសាទ ដែលមានប្លង់រាង៨ជ្រុង ជាច្រើននៅសំបូរព្រៃគុក ប្រាសាទអាស្រមមហាឫស្សី សង់អំពីថ្មបាសាល់ មានប្រហោងដូចចេតិយ (មានសណ្ឋានដូចប្រាសាទ នៅប្រទេសឥណ្ឌា) នៅក្នុងស្រុកអង្គរបូរី ភ្នំដាខេត្តតាកែវ។

មិនតែប៉ុណ្ណោះព្រះអង្គបានកសាងប្រាសាទឥដ្ឋ នៅហាន់ជ័យខេត្តកំពង់ចាម និងបានបន្សល់ទុកសិលាចារឹក ចុះកាលបរិច្ឆេទចុងសតវត្សទី៦។ ចំពោះនៅលើភ្នំគូលែន ក៏មានស្នាព្រះហស្ថព្រះអង្គដែរ។ ក្រោយពេលដែលព្រះអង្គសោយទីវង្គតទៅ ព្រះអនុជព្រះអង្គនាម ចិត្រសេន ឬព្រះបាទមហេន្ទ្រវ័រ្មន បានឡើងគ្រងរាជ្យ ហើយបានបន្តរ ស្នាព្រហស្ថរបស់ព្រះបាទភវវ័រ្មនទី១ អោយទឹកដីឯកភាព និងមានស្ថេរភាព។

ព្រះអង្គបានកសាងប្រាសាទជាច្រើននៅលើភ្នំគូលែន ដើម្បីឧទ្ទិសចំពោះព្រះសីវៈ ហើយបានដាក់ឈ្មោះភ្នំនោះថា មហេន្ទ្របវ៌ត គឺជាភ្នំរបស់ព្រះបាទ មហេន្ទ្រវ័រ្មន (ពីព្រោះក្នុងចំនោមព្រះមហាក្សត្រសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ មានតែក្សត្រអង្គនេះ ដែលមានព្រះនាមថា មហេន្រ្ទវ័រ្មន)។​ ម៉្យាទៀតពាក្យ មហេន្ទ្របវ៌ត ជាប់ទាក់ទងនិងព្រះនាមរបស់ព្រះបាទមហេន្ទ្រវ័រ្មន។

តែទោះបីជាយ៉ាងណាក៏ដោយ ត្រូវតែទទួលស្គាល់ថា គឺព្រះបាទជ័យវ័រ្មនទី២ ដែលបានធ្វើអោយភ្នំគូលែនមានកិត្តិនាមល្បី ល្បាញស្ទើរតែអាចនិយាយបានថាជាប្រភពនៃអត្តសញ្ញាណអង្គរទាំងមួលផង។ មកទល់និងបច្ចុប្បន្ននេះ ភ្នំគូលែនក៏នៅតែមានកេរិ៍្តឈ្មោះល្បីរន្ទឺពេញទូទាំងប្រទេស ព្រមទាំងជះអនុភាព ក្នុងវិស័យជំនឿគ្រប់បែបយ៉ាង។

ព្រះបាទជ័យវ័រ្មនទី២បានទុកស្នាព្រហស្ថមួយចំនួនធំជាប្រាសាទនៅលើភ្នំគូលែនដូចជា ប្រាសាទក្រហម ប្រាសាទរូបអារក្ស ប្រាសាទអ្នកតា ប្រាសាទទ្រុងខ្លាឃ្មុំ ប្រាសាទថ្មដាប់ ប្រាសាទព្រះអារាមរោងចិន ប្រាសាទគគីរ និងប្រាសាទផ្សេងៗទៀត (តាមកាសិក្សាស្រាវជ្រាវឆ្លងតាមសៀវភៅ Le Phnom Kulen et la Region, JEAN BOULBET, Paris 1979 នៅលើខ្នងភ្នំគូលែនមានចំនួនប្រាសាទឥដ្ឋ ថ្ម ដែលមានឈ្មោះចំនួន៥៦ និងប្រាសាទពីរទៀតមិនស្គាល់ឈ្មោះ)។

ក្រោយពេលដែលរៀបចំធានីមហេន្ទ្របវ៌តបានចប់សព្វគ្រប់ហើយ ព្រះអង្គបានយាងមកគង់ នៅលើរាជធានីហរិហរាល័យរលួសវិញ។ ក្នុងមួយឆ្នាំព្រះអង្គ យាងទៅធ្វើពិធី សីវៈរាត្រី ម្តងដើម្បីលាងបាប ដោយយកស្ទឹងលិង្គមួយពាន់ ជានិម្មិតរូបទន្លេគង្គា ដើម្បីឧទ្ទិសចំពោះ ព្រះម៉ែគង្គា ព្រះសីវៈ និងព្រះនាងឧមា ព្រះវិស្ណុ និងព្រះនាងលក្ម្សី។ ឯកសារខ្លះថាពិធីនេះ ប្រារព្ឋធ្វើ៧យប់ នៅវេលាយប់ខែភ្លឺ ចាប់ពីថ្ងៃ៨កើត ទៅទល់ថ្ងៃ១៥កើត ដែលជាថ្ងៃបញ្ចប់ពិធីបុណ្យ។

ព្រះបាទជ័យវ័រ្មនទី២ គង់នៅរាជធានីហរិហរាល័យ រហូតដល់ចូលទីវង្គត។ ក្រោយពេលដែល សុគតទៅ ព្រះអង្គទ្រង់ទទួលមរណៈនាមថា បរមេស្វរៈ បញ្ចាក់ថាវិញ្ញាណក្ខ័ន្ឋនៃព្រះរាជា ទៅសោយសុខ នៅឋានព្រះសីវៈ។លុះដល់សម័យក្រោយអង្គរព្រះមហាក្សត្រ និងប្រជាជនខ្មែរបានវិលមកកាន់ព្រះពុទ្ឋសាសនា ថេរវាទវិញ។ នៅសតវត្សទី១៦ មានការកសាងវត្តអារាម នៅលើភ្នំគូលែន ក្នុងរជ្ជកាលព្រះបាទស្រីសុគន្ឋបទ និងព្រះអង្គច័ន្ទទី១ ដូចរូបចំលាក់ថ្មព្រះពុទ្ឋ ផ្ទំនៅវត្តព្រះអង្គធំ និងពុទ្ឋរូបព្រះអង្គទឹកផុសនៅល្បាក់ភ្នំខាងក្រោម។សព្វថ្ងៃនេះភ្នំគូលែនបានក្លាយទៅជា កន្លែងដ៏ពិសិដ្ឋមួយដែលប្រជាជនខ្មែរប៉ងប្រាថ្នា ចង់ឃើញ ចង់ស្គាល់ ហើយនឹងធ្វើការគោរពបូជាយ៉ាងខ្លាំង។ដកស្រង់ពីសៀវភៅមគ្គុទេសក៍ទេសចរ តំបន់ភ្នំពេញ និងសៀមរាបអង្គរ ឆ្នាំ ២០០១

Leave a Reply

Your email address will not be published. Required fields are marked *