ផ្លែល្មុតមិនត្រឹមតែមានរសផ្អែមឆ្ងាញ់ពិសាទេ!! វាក៏មានគុណប្រយោជន៍ដ៏ល្អជាច្រើនចំពោះសុខភាព និងរាងកាយរបស់អ្នកផងដែរ
ល្មុត គឺជាផ្លែឈើមួយប្រភេទដែលមានរសផ្អែមឆ្ងាញ់ពិសា។ ក្រៅពីរសជាតិដែលគួរឲ្យចង់ទទួលទានហើយ ផ្លែល្មុតបានផ្ដល់នូវគុណប្រយោជន៍ដល់សុខភាពជាច្រើនផងដែរ។ ខាងក្រោមនេះជាគុណប្រយោជន៍សំខាន់ៗរបស់ផ្លែល្មុតចំពោះសុខភាព៖
ជួយបង្កើនប្រព័ន្ធភាពស៊ាំ ផ្លែល្មុតសម្បូរដោយវីតាមីនសេ ដែលដើរតួប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លាបំផុតក្នុងការសម្លាប់រ៉ាឌីកាល់សេរី មិនតែប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នកធ្វើការកាន់តែខ្លាំង និងការពារពីជម្ងឺឆ្លងផ្សេងៗបានយ៉ាងមានប្រសិទ្ធភាពទៀតផង។
ជួយដល់សុខភាពភ្នែក ផ្លែល្មុត គឺជាផ្លែឈើដែលមានគុណប្រយោជន៍បំផុតសម្រាប់សុខភាពភ្នែករបស់អ្នក ដោយសារតែវាសម្បូរដោយវីតាមីនអា។ មិនតែប៉ុណ្ណោះវាក៏សម្បូរទៅដោយវីតាមីនសេ ដែលជាសារធាតុសំខាន់ក្នុងការសម្លាប់រ៉ាឌីកាល់សេរីដែលបង្កឲ្យខូចខាតដល់ប្រស្រីភ្នែកផងដែរ។
ជួយដល់ឆ្អឹង ផ្លែល្មុតក៏ជួយធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំបានទៀតផង។ ដោយសារតែផ្លែល្មុតសម្បូរទៅដោយជាតិកាល់ស្យូម វាក៏អាចកាត់បន្ថយនៃការរលាកសន្លាក់ឆ្អឹងបានផងដែរ។
ការពារជម្ងឺមហារីក ដោយសារតែផ្លែល្មុតសម្បូរទៅដោយវីតាមីនអា និងសេ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារកោសិការបស់អ្នកមិនឲ្យរងការខូចខាតដោយសាររ៉ាឌីកាលសេរី។ ព្រោះតែរ៉ាឌីកាល់សេរីបានធ្វើការយ៉ាងសកម្មក្នុងការបំផ្លាញកោសិការបស់អ្នក ហើយអាចធ្វើឲ្យកើតជម្ងឺមហារីកបានទៀតផង។
សម្រួលដល់ប្រព័ន្ធរំលាយអាហារ ជាតិសរសៃដែលមានក្នុងផ្លែល្មុតត្រូវបានគេរកឃើញថា វាអាចជួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកបានយ៉ាងល្អបំផុត។ សម្រាប់អ្នកដែលមានអាការៈទល់លាមក ផ្លែល្មុត គឺជាជម្រើសដ៏ល្អបំផុត។ មិនតែប៉ុណ្ណោះវាថែមទាំងជួយការពារការឆ្លងរោគនៅក្នុងប្រព័ន្ធរំលាយអាហារបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ការពារជម្ងឺស្លេកស្លាំង ដោយសារធាតុចិញ្ចឹម វាក៏សម្បូរជាតិដែក ផូស្វ័រ និងអាស៊ីដហ្វលែត ដែលសារធាតុទាំងនេះហើយអាចបង្កើននូវការដុះគ្រាប់ឈាមក្រហមធ្វើឲ្យអ្នកចៀសផុតពីជម្ងឺស្លេកស្លាំងបានយ៉ាងមានប្រសិទ្ធភាព។
ការពារមិនឲ្យចាស់ជាងវ័យ ការចាស់ជាងវ័យ គឺជាបញ្ហាដែលមនុស្សភាគច្រើនតែងតែជួបប្រទះ ពីព្រោះតែរ៉ាឌីកាលសេរីបានបង្កើតអរម៉ូនម្យ៉ាងដែលធ្វើឲ្យអ្នកមានភាពចាស់ជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ រ៉ាឌីកាល់សេរីបានបំផ្លាញកោសិកាស្បែកធ្វើឲ្យស្បែកជ្រីវជ្រួញ និងស្រអាប់ទៀតផង។ ប៉ុន្ដែនេះមិនមែនជាបញ្ហាទៀតទេ លោកអ្នកអាចកែខៃ និងការពារភាពចាស់ជាងវ័យដោយគ្រាន់តែទទួលទានផ្លែល្មុតប៉ុណ្ណោះ៕
ប្រភពពី៖ អ៊ាង សុផល្លែត
សម្រួលអត្ថបទដោយ៖ ស្រីពៅ