ប្រវត្តិដ៏អស្ចារ្យរបស់ល្បែងអុកខ្មែរ «ចត្រង្គ» ដែលពុំសូវមានអ្នកដឹង!!
ដើម្បីដុសខាត់គំនិត និងធ្វើឱ្យខួរក្បាលមានភាពឆ្លាតវៃរហ័សរហួនជាងមុន ភាគច្រើនមនុស្សជំនាន់មុនបានជ្រើសរើសយកល្បែង «អុក» ឬ ហៅម្យ៉ាងទៀតថា «ចត្រង្គ» មកលេងកម្សាន្ត ដែលបន្តមានរហូតដល់ពេលបច្ចុប្បន្ននេះ។
«អុក ឬ ចត្រង្គ» ជាល្បែងកម្សាន្តមួយប្រភេទ ដែលពេញនិយមនៅក្នុងប្រទេសកម្ពុជារហូតសព្វថ្ងៃ។ ល្បែងមួយប្រភេទនេះបានចាប់កំណើតឡើង នៅក្នុងសម័យអង្គរ នាឆ្នាំ៨០០ នៃគ្រឹស្តសករាជ។ ប្រជាជនខ្មែរនិយមចូលចិត្តលេងអុកនេះខ្លាំងណាស់ ព្រោះថាការលេង «អុក» គឺមិនខុសពីយុទ្ធសាស្ត្រក្នុងការរៀបចំក្បួនទ័ពធ្វើសឹកសង្គ្រាមនោះឡើយ។ ល្បែង «អុក» អាចលេងដោយមនុស្ស២នាក់ ឬដោយមនុស្ស ២ក្រុម ដែលធ្វើឲ្យការលេងកាន់តែជក់ចិត្ត និងអស្ចារ្យ។
ការលេង «អុក» អាចធ្វើឲ្យមនុស្សមានការឈ្លាសវៃជាងមុន ព្រោះត្រូវរៀបចំក្បួនប្រយុទ្ធនឹងសត្រូវ វាយប្រហារ រត់គេច និងការការពារជាដើម ដែលតម្រូវឲ្យមនុស្សប្រើខួរក្បាលគិតច្រើន លើការដើរម្តងៗដោយប្រុងប្រយ័ត្ន ដើម្បីទទួលយកជ័យជម្នះ។ ដូច្នេះ អ្នកដែលមានប្រាជ្ញាអន់ជាងសត្រូវ អ្នកនោះនឹងត្រូវចាញ់ក្នុងល្បែងមួយនេះពុំខាន។
ពាក្យ “ចត្រង្គ” មកពីពាក្យសំស្ក្រឹត មានន័យដូចគ្នានឹងពាក្យខ្មែរថា “អុក”។ ពាក្យ “ចត្រង្គ” ដែលបានឲ្យកំណើតមកជាពាក្យ «អុក» របស់ខ្មែរបច្ចុប្បន្ន តាមវចនានុក្រមខ្មែរ មានន័យថា ទ័ពទាំង៤គឺ «ទ័ពសេះ, ទ័ពដំរី, ទ័ពថ្មើរជើង និងទ័ពជើងទឹក»។ វាអាចជាសញ្ញាឆ្លុះបញ្ចាំងឲ្យឃើញថា ការរៀបចំទ័ពទាំង៤ប្រភេទនេះ គឺជាកាតព្វកិច្ចរបស់មេទ័ព។ រីឯពាក្យ «អុក» វិញ ដែលជាពាក្យខ្មែរសុទ្ធសាធ មានន័យថា «ដាក់កូនអុកនៅត្រង់ក្រឡាសម្លាប់ដោយធ្ងន់ដៃ ហើយថែមទាំងប្រាប់ដៃគូឲ្យដឹងខ្លួនថាខ្លួនកំពុងអុកផង»។
ដូនតាខ្មែរបាននិយមល្បែងចត្រង្គ ឬអុកនេះ តាំងពីបុរាណកាលមកម៉េ្លះ នេះបើយោងលើរូបចម្លាក់តាមប្រាង្គប្រាសាទបុរាណនាសម័យអង្គរ។ នៅតាមប្រាង្គប្រាសាទសិលាខ្មែរមួយចំនួន មានតឹកតាងបញ្ជាក់ពីល្បែង «អុក» នេះដូចជានៅ ប្រាសាទបាពួន អង្គរវត្ត បាយ័ន និង ព្រះខ័ន នាតំបន់សៀមរាបអង្គរ។ លើនោះ យើងអាចមើលឃើញមានចម្លាក់មនុស្សអង្គុយលេងល្បែង «អុក ឬចត្រង្គ» ដោយមានវត្តមានរបស់អ្នកមើលជាច្រើននាក់ នៅជុំវិញគូបដិបក្ខ។
តាមការស្រាវជ្រាវ ថ្វីត្បិតតែគ្មានភស្តុតាងណាបញ្ជាក់អំពីវត្តមានរបស់ល្បែងចត្រង្គនេះនាសម័យបុរេអង្គរក្ដី ក៏ប៉ុន្តែគេបានសន្និដ្ឋានថា ល្បែងដ៏ឧត្តុង្គឧត្តមនេះ ត្រូវបាននាំចូលមកជ្រោយសុវណ្ណភូមិ ឬសុវណ្ណទ្វីបដោយជនជាតិឥណ្ឌា នាដើមស.វទី១ តាមរយៈវិស័យពាណិជ្ជកម្មអន្ដរជាតិ។ ល្បែងឥណ្ឌានេះ បានទៅដល់ប្រទេសពែស្ស៍ ហើយក៏បានបន្ដដំណើរទៅកាន់ប្រទេសអឺរ៉ុបខាងលិច និងប្រទេសរុស្សីផងដែរ តាមរយៈវិស័យពាណិជ្ជកម្ម ចាប់តាំងពីសតវត្សទី៩។ ល្បែងចត្រង្គខ្មែរក៏ដូចជា ឥណ្ឌាដែរ គឺមាន ៦៤ ក្រឡា ហើយចែកចេញជាកូនខុន(ស្ដេច), កូននាង(អគ្គមហេសី), កូនសេះ(មេទ័ព), និងកូនគោល(ទ័ពស្រួច) ហើយកូនទូក និងត្រី (សេនា)។
ជាក់ស្ដែងនៅក្នុងរឿងមហាភារតៈឥណ្ឌា យើងបានឃើញមានការពិពណ៌នាអំពី ការភ្នាល់លេងអុករវាងក្រុមបាណវៈ និងកៅរវៈ។ យ៉ាងណាមិញ យើងក៏បានដឹងដែរថា ព្រះគ្រិស្ណៈ ក៏បានលេងល្បែងចត្រង្គជាមួយព្រះនាង រធា ផងដែរ ដោយល្បែងនោះមាន ៦៤ក្រឡា ដូចល្បែងអុកសព្វថ្ងៃនេះដែរ។ ចំណុចសំខាន់នៃទេវកថានេះ ត្រូវបានឆ្លាក់នៅតាមប្រាង្គប្រាសាទសិលាខ្មែរ ហើយមានការភ្នាល់ដាក់ នគរ ប្រពន្ធ កូន ដោយការលេងអុក ដែលជាមូលហេតុនៃសង្គ្រាមស៊ីសាច់ហុតឈាមគ្នាផង។
ក្នុងរឿងរាមកេរ្តិ៍ខ្មែរ យើងក៏ឃើញមេទ័ពស្វា គឺសត្វហនុមានលេងអុកចត្រង្គបណ្ដើរ លើកជើងទទួលថ្មបណ្ដើរ រួចបោះទៅក្នុងទឹកមហាសមុទ្រ ដើម្បីធ្វើជាស្ពានទៅកាន់កោះលង្កា។ ក្នុងរឿងកាកី ដែលជាស្នាព្រះហត្ថរបស់ ព្រះបាទអង្គឌួង ក៏យើងឃើញមានលេងល្បែងអុកដែរ។ ស្ដេចគ្រុឌប្រែក្រឡាជាកំលោះ មកលេងអុកជាមួយព្រះបាទព្រហ្មទត្ត រួចហើយក៏ឆក់យកនាងកាកីហោះបាត់ទៅ។ នេះឥតនិយាយដល់រឿងធនញ្ជ័យ ដែលលេងអុកផង។
ដូចនេះ ការលេងអុកនៅប្រទេសខ្មែរមានអត្ថន័យដូចគ្នា នឹងការលេងអុកនៅប្រទេសឥណ្ឌា និងបានប្រសូតចេញពីប្រភពតែមួយ។ ដោយភាពវិសេសវិសាលនេះហើយ ទើបមានការឲ្យន័យថា “ល្បែងអុកចត្រង្គ” ពីដើមពិតជាសំដៅដល់ការរៀបចំទ័ពទាំង៤ ឲ្យបានត្រឹមត្រូវតាមក្បួនយុទ្ធសាស្ត្រ មុនពេលចេញទៅច្បាំងនៅសមរភូមិ៕
ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង