ការពិត​បារមី​ព្រះអង្គ​ដង​កើ ខ្លាំងពូកែ​គឺមាន​ប្រវត្តិ​យ៉ាងហ្នឹង​សោះ!!​!

ជា​រៀងរាល់ថ្ងៃ មិន​ថា​វេលា​ព្រឹក ឬក៏​ល្ងាច​នោះទេ​ជាពិសេស​ថ្ងៃឧបោសថសីល និង​បុណ្យ​ប្រពៃណីជាតិ​ផ្សេងៗ​គេ​តែង​សង្កេតឃើញ​មនុស្សម្នា​ក្មេង​ចាស់​ប្រុស​ស្រី​យ៉ាងច្រើន​កុះករ​បាននាំគ្នា​ទិញ​គ្រឿង​សក្ការៈ និង​តង្វាយ​រួមមាន ធូប ទៀន ស្លាធម៌​ដូងខ្ចី ចេកទុំ ផ្កាឈូក​ក្រហម ស ថ្វាយ​ដល់​បារមី​ព្រះអង្គ​ដង​កើ ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ត្រជាក់ត្រជុំ​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន ។

ចំណែក​អ្នក​ដែល​មក​ដើរ​កម្សាន្ត និង​អ្នក​ហាត់ប្រាណ​ក្បែរ​នោះ​ក៏បាន​ចូលមក​បន់ស្រន់​ឥត​ដាច់​ដែរ ។ ជាងនេះទៅទៀត ប្រសិនបើ​ប៉ះចំ​ថ្ងៃសីល​វិញ​នោះ អ្នក​មក​បែ​បន់​ប្រជ្រៀត​គ្នា​សឹងតែ​រក​ច្រកចូល​មិន​រួច​ឡើយ​។​ទាក់ទង​ទៅនឹង​ជំនឿ​ស្តីពី​បារមី​ព្រះអង្គ​ដង​កើ​នេះ​តាម​ការ​តំណាល​តៗ​គ្នា​របស់​ចាស់ទុំ​បាន​ប្រាប់​ឲ្យ​ដឹងថា កាលដើមឡើយ​នៅ​ចំណុច​មុខ​ព្រះអង្គ​ដង​កើ​នេះ ឲ្យ​តែ​រៀងរាល់​រាត្រី​ថ្ងៃសីល​ឬ​ថ្ងៃ​ពេញ​បូរ​មី​គេ​តែង​សង្កេតឃើញ​មាន​ទង់ក្រពើ​អណ្តែត​ផុស​ចេញពី​ផ្ទៃ​ទឹកទន្លេ រួច​ក៏​លិចទៅ​វិញ ដោយ​ផុត​តែមួយ​ភ្លែតៗ​ប៉ុណ្ណោះ​។

កាលណោះ​ដែរ​ឲ្យ​តែ​ដល់​យល់​ថ្ងៃសីល ប្រជារាស្ត្រ​តែង​បាននាំគ្នា​ទៅ​ឈរ​មើល និង​បួងសួង​សុំ​សេចក្តីសុខ​មិនដែល​ខកខាន​ទេ​។ ដោយសារតែ​រាល់​ការ​បន់ស្រន់​រមែង​បានសម្រេច​ដូច​ក្តី​បំណងប្រាថ្នា និង​ចង់​ឲ្យ​បារមី​ទង់ក្រពើ​នោះ​សណ្ឋិត​នៅ​ជា​រៀងរហូត​ទើប​ប្រជារាស្ត្រ​ក៏បាន​នាំគ្នា​កសាង​ទង់​មួយ​ជា​និមិត្តរូប ។ ចាប់តាំងពី​ពេលនោះ​មក​ទីនោះ​ក៏បាន​ក្លាយទៅជា​កន្លែង​គោរព​សក្ការបូជា​របស់​ប្រជានុរាស្ត្រ​ខ្មែរ ហើយ​ទង់ក្រពើ​នោះ​ក៏​លែង​ផុស​អណ្តែត​ចេញពី​ផ្ទៃ​ទឹកទន្លេ​ទៀត​ដែរ​។

ដោយឡែក​មជ្ឈដ្ឋាន​ខ្លះទៀត​បាន​និទាន​ថា​កាលពី​ដើមឡើយ​នៅត្រង់ចំណុច​ព្រះអង្គ​ដង​កើ​នេះ មាន​ដើមឈើ​ធំៗ​ប្រជ្រៀត​គ្នា​ស៊ុបទ្រុប​មាន​ម្លប់​ត្រឈឹងត្រឈៃ និង ក៏​ជា​ចំណត​ផែ​សំពៅ​ទូក កាណូត​របស់​ឈ្មួញ​តូច ធំ ចម្រុះ​ជាតិ​សាសន៍ ខ្មែរ ចិន ចាម យួន ចេញចូល​ល​សំចត​រកស៊ី​យ៉ាងច្រើន​កុះករ​ទើប​ទីនេះ​ក៏មាន​ឈ្មោះថា ជា​ភូមិ​កំពង់ផែ ។ ប៉ុន្តែ​ដោយសារ​ដី​ចេះតែ​បាក់​ច្រាំង​អ្នកភូមិ​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​កន្លែង​ទីទៃ​ក៏​បាត់ឈ្មោះ​ភូមិ​កំពង់ផែ​ទៅ​។

ចំណែក​ចំណុច​ទួល​ដែលមាន​ដើមឈើ​ដុះ​ស៊ុបទ្រុប​ម្លប់​ត្រឈឹងត្រឈៃ​នោះ នៅ​រៀងរាល់​ថ្ងៃសីល និង​យប់​ថ្ងៃពេញបូណ៌មី រមែង​មាន​ដុំ​ភ្លើងពណ៌​ក្រហម ខៀវ ហោះ​ចេញពី​ចំណុច​ដើមឈើ (​អាស្រម​ព្រះអង្គ​ដង​កើ​សព្វថ្ងៃ​) ចូលទៅក្នុង​បរិវេណ​ព្រះបរមរាជវាំង និង​ហោះ​ចេញពី​ព្រះបរមរាជវាំង​ចូលមក​ដើមឈើ​នោះ​វិញ​ដែល​ធ្វើ​ឲ្យ​ប្រជានុរាស្ត្រ​ជឿថា ជា​ដុំ​ភ្លើង​ទាំងនោះ​តំណាង​ឲ្យ​ទសបារមី​វត្ថុ​ស័ក្តិសិទ្ធិ ចាស់ព្រឹទ្ធាចារ្យ​នា​សម័យ​នោះ​ក៏បាន​ដឹកនាំ​អ្នកស្រុក​សង់​អាស្រម​នៅត្រង់ចំណុច​នោះ​ទុក​ជាទី​សម្រាប់​ស្នាក់អាស្រ័យ​របស់​ទសបារមី​ដើម្បី​ងាយស្រួល​ដល់​ប្រជានុរាស្ត្រ​ព្រមទាំង​អ្នកជំនួញ​ធ្វើការ​បន់ស្រន់​។​

បុរស​វ័យ​ចំណាស់​ម្នាក់​ដែលមាន​នាទី​ជា​អ្នក​មើលថែ​នៅ​អាស្រម​ព្រះអង្គ​ដង​កើ បាន​មានប្រសាសន៍ថា បើតាម​ការ​តំណាល​ខ្ញុំ​បាន​និទាន​ប្រាប់ថា ដង​កើ​នោះគេ​សង់​សម្រាប់​បង្ហូតទង់​ព្រះមហាក្សត្រ​ចំ​ទល់មុខ​នឹង​ទ្វារធំ​កណ្តាល​ព្រះបរមរាជវាំង ដែលជា​ផ្លូវ​សម្រាប់​ព្រះមហាក្សត្រ​យាងចុះ​កំពង់ផែ ធ្វើដំណើរ​ទៅកាន់​ខេត្ត​ខណ្ឌ​នានា ដោយសារតែ​ជំនាន់​នោះ​មិនសូវ​ជា​សំបូរ​ផ្លូវគោក​ប៉ុន្មាន​ទេ ភាគច្រើន​ប្រើប្រាស់​ផ្លូវទឹក​។

ហេតុតែ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​រមែង​ជួបប្រទះ​នូវ ឧបសគ្គ និង​គ្រោះថ្នាក់​ភ័យ​អាសន្ន​មានដូចជា​ខ្យល់ព្យុះ​ជា​ញយៗ​នោះ ម្ល៉ោះហើយ​រាល់​លើក​មុនពេល​រៀបចំ​ក្បួន​ព្រះរាជា​យាង​ចេញ​នោះ ពពួក​នាម៉ឺន​សព្វ​មុខមន្ត្រី ពល​សេនា​តែង​នាំគ្នា​ប្រារព្ធ​ពី​ធី​បួងសួង​សុំ​ពរជ័យ​សេចក្តីសុខ​សប្បាយ​ពី​ទសបារមី​ព្រះអង្គ​ដង​កើ ហើយ​បារមី​តែង​ជួយ​ឲ្យ​រួច​ចាក​ផុតពី​ទុក្ខភ័យ​អាសន្ន​ជានិច្ច​។​

​បុរស​រូប​នោះបាន​ពោលថា “​កើ​” ការពិត​មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​យើង​ទេ​តែ​វា​ជា​ភាសា​វៀតណាម មានន័យថា “​ទង់​” ប៉ុន្តែ​អ្នកខ្លះ​បែរជា​យល់ថា ពាក្យ “​កើ​” អាចមកពី​ពាក្យ “​កើល​” មានន័យថា កល់ ឬ ខ្ពស់បំផុត​ហើយ​ដង​កើល គឺ​មានន័យថា “​ដងទង់​ដែល​ខ្ពស់បំផុត ឬ​ដងទង់​ទល់​មេឃ​” ឯម​នុស្ស​មួយចំនួនទៀត​ទៅជា​យល់​ថា ពាក្យ “​កើ​” អាច​ក្លាយ​មកពី​ពាក្យ “​កល្ប​”​ព្រោះ​ដោយសារ​កាលណោះ​ជនជាតិ​ចិន ចាម យួន ដែល​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់ ហើយ​ពាក្យ “​កល្ប​” ជា​ភាសាសំស្ក្រឹត​ក្លាយ​ពី​ភាសាបាលី ដែល​ប្រែ​មកជា​ខេមរៈភាសា​ថា “​កាលដែល​តាំងនៅ​យូរអង្វែង​”​។​

ឆ្មាំ​រូបនេះ​ក៏បាន​ប្រាប់​ដែរ​ថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នក​ដែលមាន​ជំនឿ​ចូលមក​បន់ស្រន់​ព្រមទាំង​ថ្វាយ​តង្វាយ​លាបំណន់​មិនសូវ​ដាច់​ហើយ​ឥឡូវ​សូម្បីតែ​អ្នក​មក​ហាត់ប្រាណ​ក៏​រមែង​ចូលមក​អុជ​ធូប​ទៀន​បន់ស្រន់​ផងដែរ ដែល​បាន​ក្លាយទៅជា​ទម្លាប់​ទៅហើយ បន្ទាប់ពី​ពួកគេ​ហាត់ប្រាណ​រួច មុននឹង​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ​ព្រះអង្គ​ដង​កើ​នេះ គឺមាន​បារមី​ស័ក្តិសិទ្ធិ​ខ្លាំងណាស់ ក្នុង​ចំណោទ​បារមី​កំពុង​នៅ​ស្រុក​ខ្មែរ​មួយចំនួន​ដូចជា​បារមី​យាយ​ពេញ​, បារមី យាយ​ម៉ៅ , បារមី​ព្រះ​ស្វេត​ឆ័​ត្រ , បារមី​អង្គរវត្ត ។​ល​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មិនថាតែ​រាស្ត្រ​នោះទេ សូម្បី​ព្រះមហាក្សត្រ និង មន្ត្រី​កំពូលៗ ក៏​នាំគ្នា​គោរព​កោតខ្លាច​យ៉ាងខ្លាំង​លើ​បារមី​ព្រះ​ស្វេត​ឆ័​ត្រ​ក្នុង​ព្រះបរមរាជវាំង​បារមី​ព្រះអង្គ​ដង​កើ , បារមី​អង្គរវត្ត​ដែល​ពួកគេ​ច្រើនតែ​ធ្វើ​ពិធី​សម្បថ នៅ​ទីនោះ​ក្នុងករណី​ទាមទារ​យុត្តិធម៌​ឬ​សចា​រ្យ​ភាពស្មោះត្រង់​ចំពោះ​ជាតិ​និង​ប្រជាជន​។ មាន​អ្នកខ្លះ​ពុំ​ជឿ​តែ​ក៏មាន​អ្នកខ្លះ​ស្លាប់​ដោយ​ចាញ់​សម្បថ​យ៉ាង​ស្ងាត់ស្ងៀម​រហ័ស​ដែរ​៕ប្រភព៖ DNT-NEWS

Leave a Reply

Your email address will not be published. Required fields are marked *