ជប៉ុនចំណាយថវិកាប្រមាណ២០លានដុល្លារដើម្បីជួសជុលប្រាសាទកម្ពុជា…

រយៈពេល១០ឆ្នំាកន្លងមកនេះ រដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ (JSA) បានចំណាយថវិកាប្រហែល២០លានដុល្លារដើម្បីសិក្សាក្នុងគម្រោងជួសជុលប្រាសាទបុរាណសំខាន់ៗរបស់ប្រទេសកម្ពុជា។ នេះបើតាម លោក តាកេស៊ី ណាកាហ្គាវ៉ា ប្រធានក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ។ការថ្លែងនេះធ្វើទ្បើង ក្នុងសន្និសីទសារព័ត៌មានស្តីពីការចូលរួមចំណែករបស់លោក បណ្ឌិត តាកេស៊ី ណាកហ្គាវ៉ា លើការថែរក្សាបេតិកភណ្ឌប្រវត្តិសាស្រ្តនៅកម្ពុជា។


នៅពេលដែលប្រាសាទអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព លោករបស់អង្គការយូណេស្កូនៅឆ្នំា១៩៩២ ក៏ជាពេលដែលត្រូវបានចាត់ទុកថា បេតិកភណ្ឌពិភពលោកមួយនេះកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ហើយកិច្ចការងារថែរក្សា និងជួសជុលគឺជារឿងចំបាច់ និងបន្ទាន់ដែលត្រូវតែធ្វើដោយពុំខាន។


ស្ថិតក្រោមស្ថានភាពនេះ រដ្ឋាភិបាលជប៉ុន និងអង្គការយូណេស្កូ ក៏បានបង្កើតក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ នៅឆ្នំា១៩៩៤ ដែលជាគម្រោងមួយគំាទ្រដោយមូល និធិរបស់ប្រទេសជប៉ុនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក។

ជុំវិញនឹងការជួសជុលប្រាសាទបុរាណរបស់កម្ពុជានេះ លោក តាកេស៊ី ណាកាហ្គាវ៉ា ប្រធានក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ (JSA) និងជាសហប្រធាននៃគម្រោងជប៉ុន អប្បរាការពារប្រាសាទអង្គរ (JASA) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមរយៈអ្នកបកប្រែថា ការចូលរួមជួសជុល ថែរក្សា អភិរក្សប្រាង្គប្រាសាទបុរាណរបស់កម្ពុជា ពិតជាមានសារៈសំខាន់ណាស់។


សារៈសំខាន់ ព្រោះថារដ្ឋាភិបាលបានចូលរួមជួយលើកិច្ចការងារនេះជាង២៥ឆ្នំាមកហើយ។លោកបន្តថា រយៈពេល១០ឆ្នំាដំបូងនៃការសិក្សាជួសជុលលើប្រាង្គប្រាសាទរបស់កម្ពុជាកន្លងមកនេះ ជប៉ុនចំណាយថវិកាប្រមាណ២០លានដុល្លារ ដែលប្រើប្រាស់ថិវកាទំាងនោះតាមរយៈអង្គការយូណេស្កូ។

លោក តាកេស៊ី ណាកាហ្គាវ៉ា បន្ថែមទៀតថាគិតចាប់តំាងពីក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សា ការពារប្រាសាទអង្គរ បង្កើតទ្បើងនោះ គឺជប៉ុនបានបញ្ជូនអ្នកឯកទេសរបស់ខ្លួនជាង១ពាន់នាក់ហើយ មកពីស្ថាប័នសិក្សាស្រាវជ្រាវនានា ដែលត្រូវបានបញ្ជូនអោយចូលរួមក្នុងសកម្មភាពអភិរក្សប្រាសាទជាមួយអ្នកជំនាញ និងសិប្បករកម្ពុជាជាង៣៥០នាក់។

លោកបន្តថា ការគំាទ្ររបស់ជប៉ុនចំពោះប្រាសាទបុរាណកម្ពុជា ដូចជាប្រាសាទអង្គរវត្ត គឺជាទស្សនមួយដើម្បីជំរុញអោយប្រជាជនកម្ពុជាអាចដឹកនំាសកម្មភាពជួសជុលប្រាសាទដោយខ្លួនឯងនាពេលអនាគត។ក្រុមរដ្ឋាភិបាលជប៉ុន សម្រាប់ការថែរក្សាការពារប្រាសាទអង្គរ ត្រូវបានបង្កើតទ្បើងនៅឆ្នំា ១៩៩៤ ដោយរដ្ឋាភិបាលជប៉ុន ក្រោមការឧបត្ថម្ភគំាទ្រពីអង្គារយូណេស្កូ និងមូលនិធិរបស់ប្រទេសជប៉ុនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក។

Leave a Reply

Your email address will not be published. Required fields are marked *