អបអរសាទរប្អូនប្រុស!!! ឈីម បណ្តូល បានសម្រេចគោលបំណងគេហើយ អាយុ៨ឆ្នាំសោះ តែអាចឡើងដល់កំពូលភ្នំឱរ៉ាល់
កុមារាដែលមានវ័យត្រឹម៨ឆ្នាំ ឈីម បណ្តូល សម្រេចក្តីសុបិនរបស់ខ្លួនក្នុងការឡើងភ្នំដ៏ខ្ពស់មួយនេះ។ បណ្តូល និងបងស្រីឈ្មោះ ឈីម គឹមសៀវ អាយុ១១ឆ្នាំ រួមទាំងកុមារ និងយុវជន៧រូបទៀត បានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា ដោយចំណាយពេល២ថ្ងៃ។ បណ្តូល ជាកូនប្រុសរបស់លោក ឈឺន ឈីម ដែលមានបទពិសោធន៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ជាង១០ឆ្នាំ។
ការឡើងទៅដល់កម្ពស់១៨១៣ម៉ែត្រ គឺជាក្តីស្រមៃដែលបានក្លាយជាការពិតសម្រាប់កុមារា បណ្តូល រួមទាំងកុមារ និងយុវជនផ្សេងទៀតដែលរស់នៅភូមិស្រែកិន១ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
«ទោះជាមានការលំបាក ហត់នឿយបន្តិចមែន ប៉ុន្តែខ្ញុំបន្តជម្នះទាល់តែបានជោគជ័យ»។ នេះជាការអះអាងរបស់ កុមារាបណ្តូល ដោយបង្ហើបឲ្យដឹងថា គេចង់ក្លាយជាអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ដូចជាឪពុករបស់ខ្លួនផងដែរ ព្រោះវាជាការងារដ៏សុចរិតមួយ ដែលអាចជួយដោះស្រាយជីវភាពគ្រួសារនាពេលអនាគត។
ជាមួយគ្នានេះ លោក ឈឺន ឈីម បានអះអាងថា មុននឹងសម្រេចឲ្យកូនៗ និងយុវជនផ្សេងទៀត ឡើងភ្នំឱរ៉ាល់ លោកបានគិតគូយ៉ាងដិតដល់ ហើយលោកក៏មានក្តីបារម្ភខ្លះផងដែរ ជាពិសេសបណ្តូល ដែលជាក្មេងខ្លាចចាញ់រងា និងរមូលក្រពើ។ ទាក់ទងនឹងបំណងរបស់កូនដែលចង់ចាប់អាជីពជាអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់នោះ លោក ឈីម ក៏មិនជំទាស់នឹងក្តីស្រមៃរបស់កូនខ្លួនដែរ៕