តិចអត់ដឹង ពាក្យ “តុងទីន” មិនមែនជាពាក្យខ្មែរនោះទេ គឺជាពាក្យមកពីប្រទេស …
ពាក្យដែលប្រជាពលរដ្ឋខ្មែរហៅជាទូទៅថា «តុងទីន» ការពិតមានឫសគល់ពីប្រទេសបារាំង។ ពាក្យនេះគឺក្លាយចេញពីឈ្មោះរបស់មន្ត្រីបារាំងមួយរូបគឺលោក ឡូរ៉ង់ស្សូ តុងទី (Lorenzo TONTI)។
ខាងក្រោមនេះជាការបកស្រាយរបស់លោក លី វ៉ុង ដែលជាគ្រូបង្រៀនច្បាប់។ លោកបានសរសេរសារណាកម្រិតបរិញ្ញាបត្រ ស្ដីពី តុងទីន នៅឆ្នាំ២០១០ និងបានបោះពុម្ភជាសៀវភៅនៅឆ្នាំ២០១៨។
ក្នុងអំឡុងសតវត្សទី១៦ លោក ឡូរ៉ង់ស្សូ តុងទី បានបង្កើតគំនិតថ្មីមួយ ដែលជាគម្រោងប្រមូលដើមទុនពីសាធារណជន ដើម្បីឲ្យរដ្ឋាភិបាលបារាំងយកប្រាក់ទាំងនោះមកវិនិយោគផ្សេងៗ ខណៈប្រទេសមួយនេះកំពុងជួបប្រទះសង្គ្រាម និងសេដ្ឋកិច្ចអន់ថយ។
តាមគំនិតរបស់លោក តុងទី គឺប្រជាជនដែលចង់ចូលរួមគម្រោងនេះ ត្រូវបង់ប្រាក់ក្នុងមូលនិធិរួមមួយ រហូតដល់បាត់បង់ជីវិត (ជីវិតមនុស្ស)។ មានន័យថា កូនតុងទីនទាំងអស់ ចេះតែបន្តបង់ប្រាក់ចូលក្នុងមូលនិធិរួមនោះទៅ ហើយនៅពេលដែលសមាជិកណាម្នាក់ស្លាប់ នោះគេនឹងយកប្រាក់ដែលសមាជិកតុងទីនរូបនោះបានបង់ទាំងប៉ុន្មាន ទៅបែងចែកឲ្យអ្នកដែលនៅរស់។ គេបន្តបែងចែកដូចនេះ រហូតដល់កូនតុងទីនចុងក្រោយ។ ហើយប្រាក់ របស់អ្នកចុងក្រោយនេះ ត្រូវក្លាយជាថវិការដ្ឋ។
នេះជាតុងទីនសាធារណៈ ដែលត្រូវបានអនុវត្តនៅប្រទេសបារាំង ចាប់តាំងពីសម័យកាលនោះ។ សម័យក្រោយមក មានជាតុងទីនឯកជន ដែលទម្រង់លេងមិនខុសគ្នាច្រើនទេ។ ក្រោយមកគម្រោងបែបនេះ ត្រូវបានគេយកមកប្រើនៅចក្រភពអង់គ្លេស និងប្រទេសផ្សេងៗទៀត។ ម្យ៉ាងវិញទៀត តុងទីននេះ គឺជាទម្រង់ដំបូងនៃជាមូលបត្របំណុលរដ្ឋ (Government Bond) ។
តុងទីន ត្រូវបានអនុវត្ត (លេង) នៅក្នុងសង្គមខ្មែរមកដល់បច្ចុប្បន្ននេះ។ ទោះជាមិនបានស្រាវជ្រាវលម្អិតត្រង់ចំណុចនេះ តែលោក លី វ៉ុង បានសន្និដ្ឋានថា តុងទីននេះ បានហូរចូលមកកម្ពុជានៅសម័យអាណានិគមបារាំង៕