ប្តីលួចមានប្រពន្ធចុង ប្រពន្ធយំឡើងសន្លប់ ប្តីក៏យំអោបប្រពន្ធ កូនស្រីដាក់មួយមាត់យ៉ាងខ្លីទៅឪពុកថា…
ខ្ញុំនិងប្រពន្ធបានស្គាល់គ្នាដោយសារមិត្តភ័ក្ដិណែនាំ។ ជួបគ្នាដំបូង ពួកយើងក៏មានអារម្មណ៍ថាមាននិស្ស័យជាមួយគ្នាមែនទែន។ នាងមើលទៅជាមនុស្សដែលកក់ក្ដៅ ចិត្តល្អ ខ្ញុំក៏ជាមនុស្សស្មោះត្រង់ម្នាក់ក្នុងកែវភ្នែករបស់នាង។ ពួកយើងចាប់ផ្ដើមស្រឡាញ់គ្នា រៀបការជាមួយគ្នា និងមានកូន។ មិនថាប្រពន្ធ និងខ្ញុំរវល់ការងារដូចគ្នា ប៉ុន្តែនាងក៏នៅត្រលប់មកធ្វើការងារផ្ទះមិនឲ្យខ្វះចន្លោះ។ មិត្តភ័ក្ដិនិយាយជាមួយខ្ញុំគ្រប់គ្នាថាខ្ញុំសំណាងណាស់ដែលមាននាងជាភរិយា។
កាលនោះ ខ្ញុំក៏ដូចមនុស្សប្រុសធម្មតាទូទៅ ចប់ការងារក៏ត្រលប់មកផ្ទះ រាល់ខែពេលបើកប្រាក់ខែក៏យកមកឲ្យប្រពន្ធ។ ប្រពន្ធខ្ញុំមិនត្រឹមតែធ្វើការងារផ្ទះពូកែទេ តែថែមទាំងធ្វើម្ហូបឆ្ងាញ់យ៉ាងចំណាន។ កូនស្រីខ្ញុំក៏គួរឲ្យស្រឡាញ់ ជាដួងចិត្តរបស់ខ្ញុំនិងប្រពន្ធ។ ក្រុមគ្រួសារយើងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល។ រហូតដល់ការងារខ្ញុំរីកចម្រើនទៅមុខ បានឡើងតំណែងកាន់តែខ្ពស់ ប្រពន្ធខ្ញុំក៏ឈប់ពីការងារដើម្បីមកមើលថែការងារផ្ទះ ខ្ញុំក៏មានពេលផ្ដោតលើការងារយ៉ាងពេញដៃពេញជើង។
ព្រមៗគ្នាជាមួយការទទួលខុសត្រូវកាន់ច្រើន តំណែងនាទីរបស់ខ្ញុំនៅកន្លែងការងារក៏កាន់តែរីកចម្រើនទៅមុខ មានពិធីជប់លៀងស្ទើររាល់ថ្ងៃ។ ខ្ញុំត្រូវទូរសព្ទប្រាប់ប្រពន្ធថាខ្ញុំនឹងទៅផ្ទះវិញយប់ជ្រៅ មិនបាច់ចាំបាយខ្ញុំទេ នាងក៏តែងប្រាប់ខ្ញុំវិញថាកុំផឹកច្រើនពេកណាបង។
មានពេលមួយក្នុងពិធីជប់លៀង ខ្ញុំក៏បានជួបជាមួយប៊ី។ នាងមានអាយុតិចជាងខ្ញុំ៨ឆ្នាំ និងបានបែកបាក់ស្វាមី។ ដោយសារការងារធ្វើឲ្យខ្ញុំបានជួបនាងញឹកញាប់។ តមកខ្ញុំក៏បានឮថាប៊ីនិងប្ដីនាងបានបែកបាក់គ្នាដោយសារបញ្ហាម្ដាយក្មេកនិងកូនប្រសា ចំណែកប៊ីខ្លួនឯងក៏បាននិយាយរឿងនេះឲ្យខ្ញុំស្ដាប់ដែរ។
ពេលឃើញនាងនិយាយផងយំផង ខ្ញុំចេះតែនឹកអាណិតនាង។ ពេលវេលាកន្លងផុតទៅ ខ្ញុំក៏មានអារម្មណ៍ថាស្រឡាញ់នាង។ ប្រៀបធៀបជាមួយប្រពន្ធខ្ញុំ ប៊ីមានអាយុក្មេងជាង អាចមើលថែខ្លួនឯង ទាន់សម័យ មុខមាត់ក៏ស្អាត។ ដោយសារនាងចាប់អារម្មណ៍ខ្ញុំដូចគ្នា ពួកយើងក៏ចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នា។
ពេលចាប់ផ្ដើមស្រឡាញ់គ្នាដំបូង ប៊ីប្រាប់ខ្ញុំថានាងមិនចង់បានអ្វីទេ គ្រាន់តែត្រូវការនៅជាមួយខ្ញុំប៉ុណ្ណោះ។ ខ្ញុំខ្លួនឯងក៏ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីមានពេលនៅជាមួយប៊ី និងខំរកលេស រកហេតុផលមកកុហកប្រពន្ធ។ ប៉ុន្តែប្រពន្ធខ្ញុំក៏មិនដែលសួរនាំអ្វី។ គ្រប់ពេលដែលខ្ញុំមកផ្ទះវិញ នាងក៏មើលថែខ្ញុំយ៉ាងល្អដូចធម្មតា ប៉ុន្តែយូរៗទៅខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍ថារអៀសចិត្ត។
មានពេលមួយខ្ញុំសាកនិយាយលេងសើចជាមួយប្រពន្ធថា “បងទៅជប់លៀងញឹកញាប់ អូនអត់មានបារម្ភអីទេហ្អ៎?” នាងក៏និយាយញឹមៗថា “ពួកយើងចាស់ៗអស់ហើយ ខ្ញុំនៅមិនទាន់ជឿចិត្តបងបានទៀតមែន?” ពេលឮប្រពន្ធនិយាយបែបនេះ ខ្ញុំក៏កាន់តែមានអារម្មណ៍ថាខុសឆ្គង។ គ្រប់យ៉ាងកន្លងទៅបែបនេះរយៈពេលជាងកន្លះឆ្នាំ ប៊ីក៏ចាប់ផ្ដើមតាមកៀកខ្ញុំកាន់តែខ្លាំង។
នៅថ្ងៃឆ្លងឆ្នាំឆ្នាំទៅមិញ ខ្ញុំនៅផ្ទះធ្វើម្ហូបអាហារញ៉ាំជាមួយគ្រួសារសុខៗ សំឡេងទូរស័ព្ទ ខ្ញុំក៏បន្លឺឡើង។ នោះគឺទូរស័ព្ទរបស់ប៊ីខលមក នាងស្ដាប់ទៅដូចជាកំពុងស្រវឹង នាងប្រាប់ថានាងឯកោណាស់ ប្រាប់ថាចង់ជួបខ្ញុំ។ ខ្ញុំយល់អារម្មណ៍នាង ក៏បែរប្រាប់ប្រពន្ធថាកូនចៅនៅកន្លែងធ្វើការមានបញ្ហាតិចតួច ខ្ញុំត្រូវទៅជួយដោះស្រាយ រួចហើយក៏ប្រញាប់ទៅផ្ទះរបស់ប៊ី។
នាងក្អួតចង្អោរឡើងទន់ខ្លួន ព្រមទាំងឱបខ្ញុំមិនលែង។ នាងចង់ឲ្យខ្ញុំកំដរនាងទល់ភ្លឺ។ បើយប់ផ្សេងៗគ្មានបញ្ហាទេ ប៉ុន្តែនេះគឺយប់ឆ្លងឆ្នាំ ឲ្យខ្ញុំនៅជាមួយនាងយ៉ាងម៉េច? អស់រយៈពេលកន្លះថ្ងៃ នាងនៅតែមិនព្រមឲ្យខ្ញុំត្រលប់ទៅផ្ទះ។ ខ្ញុំចាប់ផ្ដើមនៅមិនស្ងៀម ក៏ឆេវឆាវដាក់នាង។ ពេលឃើញខ្ញុំផ្ទុះកំហឹងបែបនេះនាងក៏ចាប់ផ្ដើមស្វាងស្រវឹង ហើយក៏ចាប់ផ្ដើមច្រឡោត។ នាងនិយាយថា បើខ្ញុំហ៊ានតែដើរចេញពីទីនេះ នាងនឹងស្លាប់ឲ្យមើល នាងយំរហាមប្រាប់ខ្ញុំថាស្រឡាញ់ខ្ញុំយ៉ាងនេះយ៉ាងនោះ។
នាងបញ្ចេញសកម្មភាពដូចជាមនុស្សឆ្កួត និងស្ទុះមកខាំស្មាខ្ញុំឡើងចេញឈាម។ ខ្ញុំក៏ដើរទាញទ្វាចេញទៅដោយប្រាប់នាងថាប្រសិនបើនាងហ៊ានតែធ្វើអ្វីផ្ដេសផ្ដាស មានអ្វីកើតឡើងគឺត្រូវទទួលខុសត្រូវខ្លួនឯង។ ខ្ញុំបានបិទសំឡេងទូរស័ព្ទ តែនៅតែឃើញសារប៊ីផ្ញើរមកមានទាំងអង្វរ ទាំងគំរាម។
ខ្ញុំកើតមានប្រផ្នូលប្លែកៗ គ្រប់យ៉ាងអាចលាក់បាំងបាន តែស្នាមរបួសនៅលើស្មាតើត្រូវបិទបាំងយ៉ាងណា? មែន! រឿងក៏បែកធ្លាយ។ ប្រពន្ធខ្ញុំយំបណ្ដើរនិយាយជាមួយខ្ញុំបណ្ដើរថា “ការងារផ្ទះខ្ញុំក៏ធ្វើ កូនខ្ញុំក៏មើលថែ ប៉ាម៉ាក់បងខ្ញុំក៏ជួយមើលថែឲ្យ ចុះបងទទួលខុសត្រូវអីខ្លះក្នុងផ្ទះនេះ? ម៉េចបានជាធ្វើយ៉ាងនេះដាក់ខ្ញុំ?” នាងយំរហូតដល់ដួលសន្លប់។
ហេតុការណ៍ដែលកើតឡើងធ្វើឲ្យខ្ញុំរន្ធត់ចិត្តជាខ្លាំង ក៏ប្រញាប់ខលហៅឡានពេទ្យភ្លាម។ ពេលប្រពន្ធខ្ញុំដឹងខ្លួនវិញ នាងក៏មិនព្រមនិយាយជាមួយខ្ញុំសូម្បីមួយម៉ាត់។ ពេលឃើញប្រពន្ធបែបនេះ ខ្ញុំខូចចិត្តរកអ្វីនិយាយមិនត្រូវ។
បន្ទាប់ពីនោះ ប៉ាម៉ាក់ខ្ញុំក៏បានដឹងរឿង។ ប៉ានិយាយជាមួយខ្ញុំថា “ប៉ាមិនធ្លាប់ដឹងពីមុនឡើយថាឯងជាមនុស្សបែបនេះ ហេតុអីបានហ៊ានធ្វើរឿងបែបនេះទៅរួច តើសមជាប្ដី ជាឪពុកគេទេ? ឯងធ្វើដល់ថ្នាក់នេះ ចង់លែងលះមែនទេ?”
“ប៉ា ខ្ញុំមិនព្រមលែងដាច់ខាត” ខ្ញុំនិយាយ “ហើយឯងចង់យ៉ាងម៉េច?” ប៉ាសួរខ្ញុំ តែខ្ញុំឆ្លើយមិនចេញ “គ្រួសារយើងមានកូនប្រសាតែម្នាក់នេះគត់ អ្នកផ្សេងប៉ាមិនឲ្យចូលផ្ទះដាច់ខាត”។ ប៉ានិយាយជាមួយខ្ញុំយ៉ាងដាច់អហង្ការ។
ខ្ញុំក៏ព្យាយាមគេចមុខប៊ី មិនទទួលទូរស័ព្ទនាង មិនតបសារ។ ស្មានមិនដល់ថានាងខឹងខ្លាំងរហូតមកតាមរករឿងដល់បន្ទប់ធ្វើការរបស់ខ្ញុំ។ អ្នកធ្វើការជាមួយក៏យករឿងខ្ញុំទៅនិយាយខ្សឹបខ្សៀវគ្នាពេញក្រុមហ៊ុន រហូតអ្នកគ្រប់គ្រងហៅខ្ញុំទៅជួប។ ការពិតទៅខ្ញុំកំពុងត្រៀមឡើងតំណែង ប៉ុន្តែដោយសាររឿងប៊ី អនាគតរបស់ខ្ញុំក្នុងក្រុមហ៊ុនក៏ចាប់ផ្ដើមមិនប្រាកដប្រជា។
ប្រពន្ធរបស់ខ្ញុំនៅតែឈឺមិនទាន់ធូរស្រាល នៅតែមិនព្រមនិយាយជាមួយខ្ញុំ សូម្បីតែកូនស្រីក៏ប្រើខ្សែភ្នែកស្អប់ខ្ពើមសម្លឹងមកខ្ញុំ។ ដំបូងឡើយខ្ញុំចង់និយាយជាមួយកូន ចង់ប្រាប់នាងថាប៉ាខុសខ្លួនឯង ប៉ុន្តែស្មានមិនដល់ថា កូនស្រីក៏ចូលមកនិយាយជាមួយខ្ញុំថា “ប៉ាចាំទុក ខ្ញុំស្អប់ប៉ា បើម៉ាក់កើតអីទៅ ប៉ានិងស្រីម្នាក់នោះ គ្មានថ្ងៃបានសុខទេ”។ ពេលឃើញកូនស្រីដែលធ្លាប់តែស្ដាប់ខ្ញុំ និយាយបែបនេះ ក្នុងចិត្តខ្ញុំដូចជាមានកាំបិតមកចាក់ទម្លុះកណ្ដាលដើមទ្រូង។
ពេលវេលាមួយឆ្នាំកន្លងផុតទៅយ៉ាងតឹងតែង ខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយប៊ីដាច់ស្រេច។ នាងបានទាមទារប្រាក់ជំងឺចិត្តមួយម៉ឺនដុល្លារ។ ប៉ាម៉ាក់ខ្ញុំក៏ជួយចេញពាក់កណ្ដាល ដោយប្រាប់ខ្ញុំថា “ចាត់ទុកថាជាថ្លៃដាស់សតិឯង ប៉ាព្រមចំណាយ”។
ប្រពន្ធគិតដល់កូន និងប៉ាម៉ាក់ខ្ញុំ ក៏លែងនិយាយរឿងលែងលះជាមួយខ្ញុំទៀត។ យប់ថ្ងៃកន្លងទៅដោយស្ងប់សុខដូចដើម ប៉ុន្តែអ្វីៗគ្រាន់តែជាសម្បកខាងក្រៅប៉ុណ្ណោះ គ្រួសាររបស់យើងមិនអាចត្រលប់ទៅមានសេចក្ដីសុខ សប្បាយរីករាយដូចដើមឡើយ។ ប្រសិនបើគ្មានបញ្ហាអ្វី ប្រពន្ធខ្ញុំក៏មិននិយាយជាមួយខ្ញុំ ពេលឃើញខ្ញុំក៏ធ្វើដូចជាមិនឃើញ។
តែទោះយ៉ាងណា ខ្ញុំនឹងមិនព្រមលែងដៃចោលគ្រួសារខ្ញុំដាច់ខាត ខ្ញុំចង់ប្រាប់ប្រពន្ធថា “ខ្ញុំស្រឡាញ់នាង” ខ្ញុំនឹងតបស្នងឲ្យនាងវិញដោយប្រើពេលវេលាពាក់កណ្ដាលជីវិតទៀតរបស់ខ្ញុំ ៕