៣យ៉ាងដាច់ខាតត្រូវធ្វើតាម ក្រោយសង់ផ្ទះរួច ដើម្បីគ្រួសាររស់នៅមានសេចក្ដីសុខ បើមិនដូចនេះទេនឹង…
នៅក្នុងសង្គមខ្មែរការរស់នៅតែងផ្សារភ្ជាប់ជាមួយនឹងជំនឿ សូម្បីតែក្រោយពេលសង់ផ្ទះរួច ក៏ដូនតាខ្មែរមានជំនឿដែរ មិនមែនសង់ភ្លាមចូលនៅភ្លាមនោះទេ។ ក្រោយសង់ផ្ទះរួចតាមជំនឿដូនតាខ្មែរ តាំងបុរាណមកត្រូវធ្វើរឿងមួយចំនួន ទើបគ្រួសាររស់នៅមានសេចក្ដីសុខ ចាកផុតពីគ្រោះចង្រៃផ្សេងៗ។ ខាងក្រោមនេះ ជាការលើកឡើង របស់លោកតាអាចារ្យគន់គូរថ្ងៃខែ អែម ណេរ ដែលរស់នៅក្នុងភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជុំវិញជំនឿក្រោយសង់ផ្ទះរួចតាមជំនឿដូនតាខ្មែរ។
១. បញ្ចុះមាសឬកថាលើក្បាលសសរផ្ទះ លោកតាអាចារ្យ អែម ណេរ ដែលពូកែគន់គូររកថ្ងៃខែរូបនេះប្រាប់ទៀតថា ក្រោយពេលសង់ផ្ទះរួចតាមជំនឿតាំងពីបរមបុរាណមក ដូនតាខ្មែរ តែងយកមាស ឬកថាទៅបញ្ចុះលើក្បាលសសរផ្ទះ ឬក្រោមធ្នឹម។ លោកតា ប្រាប់ថា មូលហេតុបានជាដូនតាខ្មែរធ្វើបែបនេះ ព្រោះមានជំនឿថា នឹងធ្វើឱ្យគ្រួសាររកស៊ីមានបានកើនមាស កើនប្រាក់រស់នៅត្រជាក់ត្រជំ។ ប៉ុន្តែមាស ឬកថានោះមិនមែនចេះតែបញ្ចុះនោះទេ មុនបញ្ចុះគឺត្រូវឱ្យគ្រូសូត្របាលីមន្តគាថាសិន ទើបពូកែសក្ដិសិទ្ធិ បន្ទាប់មកចាំយកទៅបញ្ចុះ។
២. បញ្ចុះក្រណាត់យ័ន្តពណ៌ក្រហមក្នុងផ្ទះ ជាទំនៀមទម្លាប់តាំងពីបុរាណមក ដូនតាខ្មែរតែងយកក្រណាត់យ័ន្តក្រហមទៅបញ្ចុះលើឃ្នាបផ្ទះ។ លោកតាអាចារ្យ អែម ណេរ ប្រាប់ថា ការបញ្ចុះក្រណាត់យ័ន្តនេះ ដើម្បីការពារកូនចៅក្នុងគ្រួសារមិនឱ្យមានអ្វីបៀតបៀនបាន ព្រោះយ័ន្តដែលមានបាលីពូកែសក្ដិសិទ្ធិនេះ នឹងជួយការពារសត្រូវ ខ្មោចព្រាយបិសាច មិនឱ្យចូលផ្ទះបានទេ។ ដូច្នេះហើយបានជាដូនតាខ្មែរ តែងយកក្រណាត់យ័ន្តនេះមកបញ្ចុះទើបរស់នៅមានក្ដីសុខ ចាកផុតពីគ្រោះចង្រៃផ្សេងៗបាន។
៣. បោះបន្ទាយជុំវិញផ្ទះ៨ទិស ដើម្បីការពារកូនចៅ និងគ្រួសារកុំមានអ្នកបៀតបៀនទាំងសត្រូវឆ្ងាយជិត ចោរលួចចោរប្លន់ អាប ធ្មប់ ខ្មោចព្រាយបិសាច មកយាយីដូនតាខ្មែរតែងបោះបន្ទាយជុំវិញផ្ទះទាំង៨ទិស។ តាមការប្រាប់របស់អាចារ្យ អែម ណេរ ដូនតាខ្មែរតែងយកដុំថ្មទំហំប៉ុនកដៃ ចំនួន៨ដុំ យកទៅឱ្យគ្រូសូត្របាលី មន្តគាថា បន្ទាប់មកគេយកដុំថ្មដែលផ្លុំស្ដោះបាលីហើយនោះ យកទៅកប់ក្នុងដី ទាំង៨ទិសតាមរបផ្ទះ តាមការប្រាប់របស់គ្រូនោះ។ ដូនតាខ្មែរពីបុរាណជឿថា ធ្វើបែបនេះគឺគ្រួសាររស់នៅមានតែសេចក្ដីសុខ និងត្រជាក់ត្រជំ គ្មានបញ្ហាអ្វីនោះឡើយ៕