ជប៉ុនបានរកឃើញទីតាំងរ៉ែកម្រមួយ ដែលជីករាប់រយឆ្នាំក៏មិនចេះអស់ដែរ!!!
ជប៉ុន៖ យោងតាមការសិក្សាថ្មីមួយបានបញ្ជាក់ថា អ្នកស្រាវជ្រាវបានរកឃើញទីតាំងដែលមានរ៉ែកម្រមួយ នៅក្បែរឆ្នេរសមុទ្រប្រទេសជប៉ុន ហើយគេជឿជាក់ថារ៉ែទាំងនោះអាចផ្គត់ផ្គង់ពិភពលោកបានរាប់រយឆ្នាំទៅមុខទៀត។ ក្នុងការសិក្សានេះក៏បានបន្ថែមដែរថា ទីតាំងរ៉ែនោះ ផ្ទុកលោហៈធាតុមានតម្លៃ ១៦តោន។រ៉ែកម្រដែលគេបានរកឃើញនោះ គឺភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ថ្មទូរស័ព្ទ និងយាន្តជំនិះអគ្គិសនី។
តាមពិតទៅ ធាតុរ៉ែទាំងនេះគឺសម្បូរនៅលើស្រទាប់ផែនដីណាស់ ក៏ប៉ុន្តែវាផ្ដុំគ្នានៅកន្លែងផ្សេងៗគ្នាជុំវិញផែនដី ដែលនាំឲ្យមនុស្សពិបាករុករក។ បច្ចុប្បន្ន មានតំបន់មួយចំនួនតែប៉ុណ្ណោះដែលមានរ៉ែកម្រទាំងនេះ ក៏ប៉ុន្តែតំបន់ទាំងនោះត្រូវការឲ្យគេចំណាយច្រើនខ្លាំងណាស់ ដើម្បីទៅធ្វើការជីកយកបាន។
ប្រទេសចិនបានធ្វើការកាន់កាប់ទៅលើការផ្គត់ផ្គង់ប្រភេទរ៉ែកម្រទាំងនោះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលនេះបាននាំឲ្យប្រទេសជប៉ុន ដែលជាប្រទេសផលិតឧបករណ៍អេឡិចត្រូនិកដ៏ធំមួយ ត្រូវពឹងផ្អែកលើចិនទាំងស្រុងសម្រាប់រ៉ែកម្រទាំងនោះ។
បើតាមការសិក្សាថ្មីនេះបានបញ្ជាក់ថា ទីតាំងរ៉ែដែលនៅក្បែរជប៉ុនអាចផ្គត់ផ្គង់ពិភពលោកទាំងមូលនូវរ៉ែកម្រផ្សេងៗបានជាច្រើនឆ្នាំដូចជា៖ អុីទ្រីយ៉ូម ៧៨០ឆ្នាំ ឌីសប្រូស្យូម ៧៣០ឆ្នាំ អឺរ៉ូព្យូម ៦២០ឆ្នាំ និងទែប្យូម ៤២០ឆ្នាំ។
ទីតាំងរ៉ែនេះគឺនៅក្បែរកោះ Minamitori ដែលមានចម្ងាយ ១ពាន់ ៨រយគីឡូម៉ែត្រពីទីក្រុង Tokyo។ តំបន់នោះគឺស្ថិតក្នុងដែនដីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដែលមានន័យថាជប៉ុនជាប្រទេសតែ១គត់ ដែលមានសិទ្ធិជីកយកធនធានទាំងនោះ។គេជឿថា ការរកឃើញថ្មីនេះនឹងអាចជួយជប៉ុនបានមួយកម្រិតធំ ដោយការនាំចូលរ៉ែកម្រពីប្រទេសចិនបានជួបបញ្ហាជាច្រើន៕
ប្រភព៖khmerload