តើប្រវត្តិបទភ្លេង “គោរពទង់ជាតិ” នេះមានន័យយ៉ាងណា? ប្រភពមកពីណា? នរណាជាអ្នកនិពន្ធ?
ប្រទេសខ្មែរយើងមានបទភ្លេង “ជាតិផ្ទាល់” មិនចាញ់ប្រទេសនានាលើសកលលោកឡើយ ។ បទភ្លេងនេះមានឈ្មោះថា “បទនគររាជភ្លេងជាតិ” ។ បទនេះកើតមានជាដំបូងក្នុងរជ្ជកាលរបស់ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស ក្នុងរវាង គ.ស. ១៩៣៨។
អ្នកដែលបង្កើតបទភ្លេងនេះគឺ សម្ដេចព្រះនរោត្តម សុរាម្រឹត សហការជាមួយជនជាតិបារាំងម្នាក់ឈ្មោះ “ហ្សីគីល” មាននាទីជាអ្នកបង្ហាត់ភ្លេងនៅបរមរាជវាំង ប៉ុន្តែពេលនោះរកពាក្យតម្រូវឲ្យបានត្រឹមត្រូវនឹងបទភ្លេងនេះពុំបាន។
រីឯពាក្យ បទនគររាជដែលជាភ្លេងជាតិ បានកើតឡើងក្នុងរជ្ជកាល ព្រះបាទនរោត្តមសីហនុវរ្ម័ន ហើយដែលត្រូវបានតាក់តែងនិពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតីសង្ឃនាយកគណៈមហានិកាយ គឺព្រះសង្ឃរាជព្រះនាម ជោតញ្ញាណោ “ជួន ណាត”។ ចំពោះសម័យកាលតាក់តែងពាក្យកាព្យនេះគឺៈ នៅថ្ងៃ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ ត្រីស័ក ព.ស. ២៤៨៤ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤១។
ពេលនិពន្ធគឺព្រះករុណាព្រះបាទនរោត្តមសុរាម្រឹត កាលទ្រង់នៅជា សម្ដេចព្រះបរមរាជបិតាព្រះរាជានុសិដ្ឋ។ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័ន ទ្រង់ជាឧបយុវរាជ ។ បទនគររាជ ប្រែថា “បទស្ដេចអង្គរ” ។ បទនេះពីបុរាណគេច្រៀងចាប៉ី សម្រាប់និទានរឿង ឬចម្រៀងរាយការណ៍ផ្សេងៗពីព្រឹត្តិការណ៍នានា។ ប៉ុន្ដែនៅពេលបច្ចប្បន្ន (នរោត្តមសីហនុ) ទ្រង់បានបំប្លែងមកធ្វើជាបទភ្លេងជាតិវិញ។
វគ្គទី១
សូមពួកទេវតា រក្សាមហាក្សត្រយើង ឲ្យបានរុងរឿងដោយជ័យមង្គល ស្រីសួស្ដី យើងខ្ញុំព្រះអង្គ សូមជ្រកក្រោមម្លប់ព្រះបារមី នៃព្រះនរបតី វង្សក្សត្រាដែលសាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។
អត្ថន័យរួមៈ “សរសើរព្រះបារមីព្រះមហាក្សត្រ”។
វគ្គទី២
ប្រាសាទសិលា កំបាំងកណ្ដាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសក្ដិមហានគរ ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាង របស់កម្ពុជា មហារដ្ឋកើតមាន យូរអង្វែងហើយ។
អត្ថន័យរួមៈ “សរសើរពីការប៉ិនប្រសប់ក្នុងការតុបតែងតំណាងឲ្យអនុភាពនៃជាំតិខ្មែរ” ។
វគ្គទី៣
គ្រប់វត្តអារាម ឮតែសូរសព្ទធម៌ សូត្រដោយអំណររំឮកគុណ ព្រះពុទ្ធសាសនា ចូរយើងជាអ្នក ជឿជាក់ស្មោះស្មគ្រតាមបែបដូនតា គង់តែទេវតា នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឲ្យ ដល់ប្រទេសខ្មែរ ជាមហានគរ។
អត្ថន័យរួមៈ “លើកសរសើរ និងឲ្យតម្លៃលើព្រះពុទ្ធសាសនា” ។
ពាក្យទាំងបីបទនេះ គឺជាការសរសើរ ជាតិ សាសនា និង ព្រះមហាក្សត្រ ដែលជាត្រៃរណដ្ឋានរបស់ខ្មែរ” ។ បទនគររាជជាតិ ឬ នគររាជភ្លេងជាតិ មានគោលការណ៍រួមមួយគឺៈ ក្នុងបទនីមួយៗមាន ៥ សង្កាត់ (ឬឃ្លា) សរុបមានប្រាំពាក្យៈ សង្កាត់ទី១ មាន ៩ ពាក្យ, សង្កាត់ទី២ មាន ១១ ពាក្យ, សង្កាត់ទី៣ មាន ១២ ពាក្យ, សង្កត់ទី៤ មាន ១៣ ពាក្យ, សង្កាត់ទី៥ មាន ៨ ពាក្យ បានសេចក្ដីថា ក្នុង ១ បទៗ មានចំនួន ៥៣ ពាក្យ ដូចគ្នា។
ប្រភព៖ khmerapsara