កម្របានឃើញណាស់! ក្តាន់ញ៉ែង សូមបងប្អូនជួយថែរក្សារ និងអភិរក្សសត្វព្រៃយើងទាំងអស់គ្នា…
ក្តាន់ញ៉ែងតូច ឬផ្ជងតូច ជាថនិកសត្វដែលមានមាឌតូចជាងគេបំផុតក្នុងត្រកូលក្រចកជំពាម និងគ្មានស្នែង។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងមុន។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។
ជីវសាស្ត្រ៖ វាជាសត្វរស់នៅតែឯកឯង លើកលែងតែក្នុងរដូវបន្តពូជទើបវារស់នៅជាគូ។ ជម្រកដ៏ល្អប្រសើរនៃសត្វនេះគឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹកចង្អៀត ឬព្រៃឬស្សីដែលត្រជាក់ហើយងងឹត។ វាជាសត្វរាត្រីចរ ចំណីអាហាររបស់វា គឺពន្លករក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាងឬស្សី។ ជាធម្មតាសត្វនេះមានមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល១៤០-១៧០ថ្ងៃ បង្កើតកូនបានមួយជួនកាលអាចភ្លោះតែមានដោយកម្រ។
រប៉ាយរស់នៅ៖ នៅប្រទេសកម្ពុជាវាមានស្ទើរគ្រប់ទីកន្លែង។ វាមាននៅតាមវាលស្មៅនៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។ ស្ថានភាពអភិរក្ស៖ ក្តាន់ញ៉ែងតូចស្ថិតក្នុងក្រុមមានដោយបង្គួរ។ ប្រភេទនេះងាយរងគ្រោះថ្នាក់ដោយសារការបរបាញ់ ឬការបណ្តើរឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារពពួកសត្វស៊ីសាច់ជាអាហារ។ ប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ (LR) ៕