ទំនងទេបងប្អូន តិចឃើញហើយលេបទឹកមាត់ចុះ!! ងាយៗទេវិធីធ្វើនំស្លឹកតើយស្នូលដូង (មានវីដេអូ)!
គ្រឿងផ្សំ៖ ម្សៅសម្រាប់ធ្វើនំ (ម្សៅមី, ម្សៅស្រូវសាលី) ២០០ក្រាម, ស្លឹកតើយ ៤សន្លឹក, ទឹក ៣០០មីលីលីត្រ, ខ្ទិះដូង ១០០មីលីលីត្រ, ស៊ុត ១គ្រាប់, ប្រេងសណ្តែក ១ស្លាបព្រាកាហ្វេ, អំបិល ១/២ស្លាបព្រាកាហ្វេ។ គ្រឿងផ្សំស្នូល៖ ទឹក ១០០មីលីលីត្រ, ស្ករត្នោត ១០០ក្រាម, ស្លឹកតើយ ១សន្លឹក, សាច់ដូងកោស ១៥០ក្រាម។
វិធីធ្វើ៖
១.ធ្វើស្នូលដូង យកឆ្នាំងដាំទឹកដាក់ស្ករត្នោត និងស្លឹកតើយចូលកូរចូលគ្នាអោយរលាយស្ករ រួចដាក់សាច់ដូងកោសចូលច្របល់ចូលគ្នាអោយសព្វល្អ រួចយកស្លឹកតើយចេញហើយលើកចេញពីចង្ក្រានទុកមួយឡែក។
២.ធ្វើសំបក យកស្លឹកតើយដាក់កិនជាមួយទឹក ៣០០មីលីលីត្រ រួចចាក់ច្រោះកុំអោយដោយកាក ទុកមួយឡែក
៣.លាយម្សៅជាមួយអំបិល រួចចាក់ទឹកស្លឹកតើយចូលលាយអោយសព្វចូលគ្នា ហើយដាក់ខ្ទិះដូងចូល គោះស៊ុតដាក់ចូល និងដាក់ប្រេងសណ្តែកចូលលាយច្របល់ចូលគ្នាអោយសព្វល្អ
៤.រួចរាល់អស់ហើយយកម្សៅទៅចាក់ជាបន្ទះៗស្តើងល្មម ចាក់មើលអោយឆ្អិនម្សៅល្អកុំអោយខ្លោច បន្ទាប់មកយកបន្ទះនំលាត ដួសដាក់ស្នូលដូងចូលល្មមតាមចំណូលចិត្ត មូលធ្វើជានំជាការស្រេច៕សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth