លោកយាយជប៉ុន ស្នងតំណែងអាយុវែងជាងគេបង្អស់លើពិភពលោក ១១៦ឆ្នាំ..(មានវីដេអូ)
ជប៉ុន៖ លោកយាយជនជាតិជប៉ុន Kane Tanaka កាលពីពេលថ្មីៗកន្លងទៅនេះ បានជាប់ឈ្មោះ ឬស្នងតំណែងជាមនុស្សចាស់ ដែលមានអាយុវែងជាងគេបង្អស់លើពិភពលោក ១១៦ឆ្នាំ។
លោកយាយមានឈ្មោះថា Kane Tanaka កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ជាឆ្នាំដែលបងប្អូនត្រកូល Wright បានបង្កើតនូវអ្វីដែលបានប្រែក្លាយជាយន្តហោះហោះហើរខ្វាត់ខ្វែងពាសពេញផ្ទៃមេឃ នាសព្វថ្ងៃនេះ។ បច្ចុប្បន្ន លោកយាន Kane ស្នាក់នៅមជ្ឈមណ្ឌលថែទាំចាស់ជរានៅឯទីក្រុង Fukuoka ភាគខាងលិចប្រទេសជប៉ុន។ ទោះស្ថិតក្នុងវ័យចំណាស់បែបនេះក្តី លោកយាយនៅតែចូលចិត្តសិក្សាគណិតវិទ្យានិងលេងល្បែងលើក្តារ។
គួរជម្រាបថា ជប៉ុនស្ថិតក្នុងចំណោមបណ្តាប្រទេសដែលមានសង្ឃឹមអាយុខ្ពស់ជាងគេបំផុតលើលោក ហើយក៏ជាជម្រកនៃបុគ្គលមួយចំនួនផ្សេងទៀត ដែលកន្លងមកក៏ធ្លាប់ត្រូវបានទទួលស្គាល់ជា មនុស្សដែលរស់នៅលើផែនដីបានយូរៗជាងគេបង្អស់ផងដែរ ដោយក្នុងចំណោមនោះរួមមានទាំងលោកតា Jiroemon Kimura ដែលជាប់ជាបុរសរស់បានយូរជាងគេបំផុត។
ចំណែកឯអ្នកដែលត្រូវបានគេទទួលស្គាល់ជាបុគ្គលមានអាយុវែងជាងគេបង្អស់លើលោកវិញនោះ គឺលោកយាយ Jeanne Louise Calment នៃប្រទេសបារាំង ដែលបានទទួលមរណភាពនៅឆ្នាំ១៩៩៧ ក្នុងវ័យដល់ទៅ១២២ឆ្នាំ ខណៈលោកយាយកើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៧៥៕
គួរឲ្យផងដែរថា លោកយាយ Tanaka កើតនៅថ្ងៃទី២ មករា ឆ្នាំ១៩០៣ ខណៈបើគិតមកទល់ពេលនេះ លោកយាយមានអាយុ ១១៦ឆ្នាំហើយ។ លោកយាយ Tanaka គឺជាកូនទី៧ ក្នុងចំណោមបងប្អូន៨នាក់។ លោកយាយបានរៀបការជាមួយនឹងស្វាមីឈ្មោះ Hideo Tanaka នៅក្នុងឆ្នាំ១៩២២ ដោយទទួលបានចំណងដៃកូនចំនួន៤នាក់ និងមានកូនចិញ្ចឹមម្នាក់ទៀតផងដែរ៕ទស្សនាវីដេអូខាងក្រោម៖