ទឹកធ្លាក់ធំជាងនៅអាស៊ីអាគ្នេយ៍-ស្ថិតនៅជាប់ព្រំដែនឡាវហើយនៅចន្លោះខេត្តស្ទឹងត្រែងនិងព្រះវិហារ
ទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ ចាក់មកស្រុកមួយនៃខេត្តព្រះវិហារ ដែលជាប់គ្នានឹងព្រំប្រទល់ខេត្តស្ទឹងត្រែង បានបង្កើតទៅជាល្បាក់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលអ្នកភូមិនៅទីនោះបានហៅថាទឹកធ្លាក់ព្រះនិមិត្ត។
ទឹកធ្លាក់នេះ មានសក្ដានុពលផ្នែកអេកូទេសចរណ៍យ៉ាងខ្លាំង ប្រសិនបើមានការ រៀបចំឲ្យបានត្រឹមត្រូវ គឺវាមិនត្រឹមតែឲ្យសហគមន៍ការពារព្រៃឈើ អាចរកកម្រៃជួយទ្រទ្រង់លើសកម្មភាពអភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ វាក៏អាចបង្កើតការងារឲ្យប្រជាពលរដ្ឋអាចរកកម្រៃពីវិស័យទេសចរណ៍ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃដែរ។
ទឹកធ្លាក់ព្រះនិមិត្ត ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ នៃស្រុកឆែប ចម្ងាយជាង ១៤០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តព្រះវិហារ ដោយជាប់គ្នានឹងព្រំដែនរបស់ប្រទេសឡាវ ព្រមទាំងខេត្តស្ទឹងត្រែង ផង។
បច្ចុប្បន្ន ទឹកធ្លាក់នោះមានធម្មជាតិស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចង់ទៅកម្សាន្តផ្នែកអេកូទេសចរណ៍ ដូចជាគយគន់សម្រស់ព្រៃឈើ ភ្នំ និងងូតទឹកលេងសប្បាយ។
ថ្វីត្បិតតែតំបន់ទឹកធ្លាក់ព្រះនិមិត្តនៅឆ្ងាយដាច់ស្រយាលពីទីក្រុង ប៉ុន្តែសក្ដានុពលរបស់វានៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីច្រើនកន្លែង ឲ្យទៅលេងកម្សាន្តនៅទីនោះ ដោយមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានមនុស្ស ៤-៥ក្រុមទៅលេងដែរ។