តោះមកដឹងទាំងអស់គ្នា!!! តម្លៃប្រឡងយកប័ណ្ណបើកបរ និងឯកសារដែលត្រូវមាន (វីដេអូ)
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណ បើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស។
ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតាបណ្ណបើកបរប្រភេទ ក មានតម្លៃ ៣០,០០០ រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០,០០០ រៀល។ ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការប្រឡងយកបណ្ណបើកបរ ប្តូរ និងពន្យារសុពលភាព រួមមាន៖
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
រូបថត 4×6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក
លិខិតបញ្ជាក់កាយសម្បទា
បណ្ណបើកបរចាស់ (សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា)
វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត សម្រាប់បណ្ណបើកបរ ប្រភេទ គ ឃ និង ង។
ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជា ឬចង់ប្តូរពីបណ្ណបើកបរ ពីប្រទេសរបស់ខ្លួន មកយកបណ្ណបើកបរប្រទេសកម្ពុជាវិញ រួមមាន៖
បណ្ណបើកបររបស់ខ្លួន (ត្រូវបកប្រែជាភាសាអង់គ្លេស ឬខ្មែរពីស្ថានទូតនៃប្រទេសរបស់ខ្លួន ក្នុង ករណីមិនមែនជាភាសាអង់គ្លេស ឬបារាំង)
លិខិតឆ្លងដែន
ទិដ្ឋាការដែលមានសុពលភាព
លិខិតបញ្ជាក់ទីលំនៅ
រូបថត 4×6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក
លិខិតបញ្ជាក់កាយសម្បទា។
បន្ទាប់ពីប្រឡងជាប់ លោកអ្នកគ្រាន់តែចំណាយពេលរង់ចាំតែ ២០ ទៅ ៣០នាទី លោកអ្នក អាច ទទួលបានបណ្ណបើកបរបាន៕
សម្រាប់តម្លៃនៃប័ណ្ណបើកបរវិញមានដូចខាងក្រោម៖១. ប័ណ្ណបើកបរប្រភេទ “ក” មានតម្លៃ ៣០ ០០០ រៀល២. ប័ណ្ណបើកបរប្រភេទ “ខ” មានតម្លៃ ៩០ ០០០ រៀល៣. ប័ណ្ណបើកបរប្រភេទ “គ” មានតម្លៃ ៩៥ ០០០ រៀល៤. ប័ណ្ណបើកបរប្រភេទ “ឃ” មានតម្លៃ ៩៥ ០០០ រៀល៥. ប័ណ្ណបើកបរប្រភេទ “ង” មានតម្លៃ ១០០ ០០០ រៀលប្រសិនបើចង់ដាក់ពាក្យស្នើសុំប្រឡងយកប័ណ្ណបើកបរយានយន្ត អាចចូលទៅកាន់វិបសាយ៕